ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥អត្ថបទគម្ពីរ ម៉ាថាយ (ម៉ាថាយ ១២,១៤-២១)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

ព្រះបន្ទូលដំណឹងល្អថ្ងៃនេះតាមលោកម៉ាថាយព្រះយេស៊ូយកចិត្តទុកដាក់ជនក្រីក្រ និងជនកំសត់ទុរគត៌។ ព្រះអង្គបានមើលថែអ្នកជំងឺដើម្បីស្របតាមព្យាការីដែលនិយាយថា នេះជាបុត្រដែលជាទីស្រឡាញ់របស់យើង! យើងបានចាត់ព្រះអង្គឱ្យមកដើម្បីបងប្អូនកំសត់ទុរគត៌ទាំងឡាយ។ បងប្អូនធ្លាប់ឮហើយថាប្រជាជនអ៊ីស្រាអែលធ្លាប់ជាទាសករនៅប្រទេសអេហ្ស៊ីប៤៣០ឆ្នាំ ជាទាសករគ្មានសេរីភាព។ នេះជាទុក្ខលំបាកដ៏សែនវេទនា ហើយពេលបុណ្យចម្លងព្រះជាម្ចាស់បានមករំដោះប្រជាជនអ៊ីស្រាអែលឱ្យមានសេរីភាពធ្វើឱ្យប្រជាជននេះបានទទួលការសង្រ្គោះ បានទទួលជីវិតថ្មីគឺគេមានសេរីភាព និងបានរស់នៅធ្វើជាបុត្រធីតារបស់ព្រះជាម្ចាស់។
ដោយសារតែបុណ្យចម្លង ដោយសារតែពិធីជ្រមុជទឹក ដោយសារតែព្រះយេស៊ូបានមកបូជាជីវិតដើម្បីរំដោះមនុស្សដែលមានទុក្ខលំបាកទាំងឡាយ។ ដូច្នេះបានជាជីវិតរបស់យើងមានទុក្ខលំបាក យើងមានឧបសគ្គផ្សេងៗដូចជាមានសង្រ្គាមជាដើម យើងឃើញមានការលះបង់ យើងឃើញមានភាពសោកសៅ និងយើងឃើញទុក្ខវេទនា។ នៅថ្ងៃនេះព្រះយេស៊ូបានបង្រៀនយើង និងផ្តល់ក្តីសុខឱ្យយើង ប៉ុន្តែឱ្យយើងទៅជាអ្នកបម្រើរបស់ព្រះអង្គ។ ពេលមកក្នុងលោកនេះព្រះអង្គបានធ្វើឱ្យមនុស្សទាំងអស់បានទទួលអាហារ និងធ្វើឱ្យយើងចេះចែករំលែកអាហារដល់បងប្អូនឯទៀតៗ។
ពេលដែលយើងបានទទួលព្រះយេស៊ូមកក្នុងជីវិតរបស់យើង ធ្វើឱ្យយើងក្លាយជាអ្នកនាំសារ អ្នកនាំដំណឹងល្អ ដើម្បីលើកទឹកចិត្ត ដើម្បីផ្តល់តម្លៃថ្លៃថ្នូរដល់ជីវិតរបស់មនុស្សជាតិនេះជាសេចក្តីមួយដែលមនុស្សយើងត្រូវការ។ អ្វីៗដែលកើតនៅជុំវិញយើង នៅក្នុងពិភពលោកនេះជាទុក្ខវេទនាដែលបំផ្លាញផ្ទះសម្បែង ការបាត់បង់ក្រុមគ្រួសារបងប្អូន យើងមានបទពិសោធន៍ហើយដោយសារតែសង្គ្រាម។
ដូច្នេះថ្ងៃនេះឱ្យយើងរួមគ្នាទូលអង្វរ និងសុំព្រះវិញ្ញាណជួយបំភ្លឺជួយបើកចិត្តគំនិតយើងនៅពេលណាដែលចិត្តរបស់យើងមានការភ័យខ្លាច នៅពេលដែលចិត្តរបស់យើងមានសេចក្តីអាក្រក់គឺនៅពេលនោះហើយគឺយើងបម្រើមារ។ សូមព្រះយេស៊ូមកគង់នៅក្នុងចិត្តយើង ដើម្បីផ្លាស់ប្តូរចិត្តអាក្រក់ និងការភ័យខ្លាចរបស់យើងទៅជាចិត្តដែលមានសេចក្តីស្រឡាញ់ ដែលមានធម៌មេត្តាករុណា ដើម្បីឱ្យយើងរកឃើញសន្តិភាពដែលព្រះជាម្ចាស់បានប្រទានឱ្យយើងម្នាក់ៗ។
សូមជូនពរបងប្អូន និងសូមបងប្អូនអធិដ្ឋានសូមឱ្យយើងដឹងថា មានតែធម៌មេត្តាករុណា មានតែសេចក្តីស្រឡាញ់ដែលព្រះជាម្ចាស់ប្រទានឱ្យទេ! ដែលធ្វើឱ្យយើងជាបងប្អូននឹងគ្នា។ អាម៉ែន៕
Daily Program
