ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (យ៉ូហាន១៣,៣១-៣៥)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ គង់ វៀល

សូមគោរពជម្រាបសួរបងប្អូនទាំងអស់គ្នា! ថ្ងៃអាទិត្យនឹងជាថ្ងៃអាទិត្យដ៏ពិសេសមែនទែន នៅទីក្រុងរ៉ូម​​បុរីវ៉ាទីកង់យើងមានកម្មវិធីមួយដ៏ឱឡារិតបំផុត គឺព្រះរាជ្យពិធីបុណ្យនៃការយាងគ្រងព្រះបរមសិរីរាជ្យ​សម្បត្តិព្រះករុណាព្រះបាទសម្តេចប៉ាបឡេអូទី១៤ និងក្លាយទៅជាសម្តេចប៉ាប​ថ្មីនៃព្រះសហគមន៍កាតូ​លិក​យើង។

គង្វាលដ៏សប្បុរសដែលជួយណែនាំបង្ហាញពីឯកភាព និងក្តីសង្ឃឹមរបស់យើងថាព្រះសហ​គមន៍​របស់យើង​គឺជា​អគ្គសញ្ញានៃការសង្រ្គោះពិតជាអស្ចារ្យមែនទែន។ នៅក្នុងអត្ថបទព្រះគម្ពីរដែលយើងស្តាប់​នៅក្នុង​អាទិត្យ​ទី៥នៅក្នុងរដូវព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ​។ យើងឮថាយើងបានទទួលព្រះវិន័យថ្មី ព្រះវិន័យថ្មីមិនមែនមានន័យថាប្តូរព្រះវិន័យចាស់ តែ​នឹងធ្វើឱ្យវាទទួលអត្ថន័យដ៏ពេញលេញ​បំផុតគឺអត្ថ​ន័យ​នៅ​ពេលដែលយើងយល់ថាព្រះយេស៊ូគឺជានរណា?

ព្រះយេស៊ូគឺជាព្រះបុត្រាមួយអង្គដែលយាងមកដើម្បីធ្វើឱ្យអ្វីៗទាំងអស់កើតជាថ្មី ព្រះវិន័យចាស់ក្លាយទៅ​ជា​ព្រះវិន័យថ្មី​នៅពេលដែលយើងឮថា យើងត្រូវតែស្រឡាញ់គ្នាទៅវិញទៅមកយ៉ាងម៉េច? គឺតាមរបៀប​ដែល​ព្រះយេស៊ូស្រឡាញ់យើង។ សម្តេចប៉ាបព្រះនាមហ្វ្រង់ស៊ីស្កូបានស្រឡាញ់យើងពិតមែន ហើយ​សម្តេច​​ប៉ាបឡេអូទី១៤ និងស្រឡាញ់យើងដូចគ្នាដែរ។

តាមរបៀបរបស់ព្រះយេស៊ូដែលធ្វើអ្វីៗទាំងអស់កើតជាថ្មី សម្តេចប៉ាបចាស់ក្លាយទៅជាសម្តេចប៉ាបថ្មី របៀបចាស់របស់យើងត្រូវក្លាយទៅជារបៀបថ្មីដែរ ហើយនេះជាក្តីសង្ឃឹមរបស់យើងដែល​ព្រះជាម្ចាស់ធ្វើ​ឱ្យ​អ្វីៗទាំងអស់កើតជាថ្មី។ ព្រះសហគមន៍កាតូលិកយើងបានទទួលព្រះបន្ទូលសន្យាពីព្រះយេស៊ូគ្រីស្តថា យើងនឹងទទួលជ័យជម្នះក្នុងព្រះនាមព្រះយេស៊ូគ្រីស្ត ហើយអំណាចនៃសេចក្តីស្លាប់ អំណាចនៃ​មារសា​តាំង​អត់ដែលគ្រប់គ្រងល់យើងទេ។

ព្រះរាជ្យបល្ល័ងរបស់ព្រះអង្គគឺជាកន្លែងដែលព្រះអង្គគងរាជ្យ រហូតដល់អវសាន្តកាលនៃ​ពិភពលោកទាំង​មូល។ ថ្ងៃអាទិត្យហ្នឹងនៅក្នុងអត្ថបទទីមួយ យើងលឺលោកប៉ូលដូចជាលើកទឹក​ចិត្តឱ្យយើង​រំលឹក​ព្រះពរ​ទាំងប៉ុន្មានដែលយើងបានទទួលតាំងពីដើមរៀងមក យើងដូចជានឹកដល់សម្តេចប៉ាបហ្វ្រង់ស៊ីស្កូគឺជាគ្រូ​គង្វាលដ៏​អស្ចារ្យសម្រាប់​ព្រះសហគមន៍កាតូលិក ហើយយើងត្រូវតែអរ​ព្រះគុណព្រះអង្គ​ដោយសា​រព្រះអង្គ​បានប្រទានគង្វាលថ្មីឱ្យយើងគឺសម្តេចប៉ាបឡេអូទី១៤ មកពីប្រទេសអាមេរិកជា​អ្នកផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅទ្វីបអាមេរិកឡាទីនដែលសម្តេចប៉ាបទៅតាមមាគ៌ារបស់លោកអូកូស្តាំង ដែលជាសន្តីដ៏អស្ចារ្យ​ដែល​បង្រៀនអំពីព្រះករុណារបស់ព្រះអង្គ ព្រះករុណាប្រណីសន្តោសរបស់ព្រះជាម្ចាស់ដែល​លើកលែងទោស​ឱ្យយើងដែលជាអ្នកមានបាប។ ពិតជាអស្ចារ្យមែនទែន! ទោះបីយើងអត់ស្រឡាញ់គ្នាទៅវិញទៅ​មក​ព្រះអង្គ​លើកលែងទោសឱ្យយើងឱ្យយើងទទួលវាជាមេរៀន ដើម្បីស្រឡាញ់​គ្នាតាមរបៀប​ដែលព្រះអង្គ​ស្រឡាញ់​យើង ដោយសារធម៌មេត្តាករុណារបស់ព្រះជាម្ចាស់។

យើងជាអ្នកមានបាបបានទទួលធម៌មេត្តាករុណាពីព្រះជាម្ចាស់ យើងត្រូវតែចែករំលែក និងបង្ហាញធម៌​មេត្តា​ករុណឱ្យអ្នកដទៃដែរ។ នេះជាព្រះវិន័យថ្មីដែលយើងទទួលនៅថ្ងៃនេះ សូមឱ្យយើងអនុវត្តតាម​ឱ្យ​យើង​ចេះស្រឡាញ់គ្នាទៅវិញទៅមកស្របតាមរបៀបដែលទ្រង់បានស្រឡាញ់យើង។ សុំព្រះអង្គប្រទាន​ព្រះពរ​ឱ្យបងប្អូនទាំងអស់គ្នា៕

Daily Program

Livesteam thumbnail