ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ១៩,១-១០)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

នៅថ្ងៃនេះយើងបានប្រារព្ធបុណ្យបាស៊ីលីកា ឬក៏វិហារនៅទីក្រុងរ៉ូម មួយទៀតគឺសន្តបាស៊ីលីកា សន្តសិលា និងសន្តប៉ូល។ ទាំងពីរនេះគឺជាព្រះវិហារដែលមានសារៈសំខាន់សម្រាប់ព្រះសហគមន៍កាតូលិកយើង នៅ​ក្នុង​ចំណោមព្រះវិហារទាំងបួន។ សម្រាប់អត្ថន័យនៃព្រះវិហារ គឺតំណាង​នៃព្រះសហគមន៍​នៅឋាន​បរម​សុខ​។ យើងមិនទាន់ទៅដល់ឋានបរមសុខ ប៉ុន្តែយើងមានវិហារដែលជាកន្លែងថ្វាយបង្គំព្រះជាម្ចាស់ ថ្វាយ​អភិបូជា។

ព្រះបន្ទូលថ្ងៃនេះ បើយើងយកព្រះបន្ទូលតាមថ្ងៃបុណ្យឆ្លងព្រះវិហារ ព្រះបន្ទូល​នឹងនិយាយ​អំពី​លោក​សិលា​ដែលដើរក្នុងទឹក។ គាត់បាត់ជំនឿ ឬខ្វះជំនឿ ជិតលង់ទឹក តែព្រះយេស៊ូជួយគាត់ ស្រង់គាត់ចេញ​ពី​ទឹ​ក​។ លោកសិលាហ្នឹងក៏ក្លាយទៅជាគ្រឹះដ៏សំខាន់ ទោះបីគាត់ជាមនុស្ស​ម្នាក់ដែល​មានភាព​ទន់​ខ្សោយ​ក៏​ដោយតែព្រះយេស៊ូក៏ជ្រើសរើសគាត់ ដែលជាថ្មគ្រឹះ ថ្មសិលានៃព្រះសហគមន៍។ គឺ​ជានាយ​ដឹក​នាំ​ព្រះ​សហ​គមន៍នៅក្នុងព្រះសហគមន៍កាតូលិករបស់យើង។ រិឯលោកសន្តប៉ូលក៏ដូចគ្នាដែរ គាត់​ជាគ្រឹះ​មួយ​សម្រាប់​ជន​ក្រៅសាសនា ឬជនដែលមិនទាន់ស្គាល់ព្រះជាម្ចាស់។

ដោយឡែកសម្រាប់ព្រះបន្ទូលប្រចាំថ្ងៃទាក់ទងនឹងលោកសាខេ ដែលជាមនុស្សបាប។ មនុស្សដែល​សង្គម​មិន​រាប់រក ដោយសារគាត់ជាអ្នកទារពន្ធ ជួញដូរលុយកាក់របស់ជនជាតិរ៉ូម៉ាំង  ដែល​គេប្រមូល​ដើម្បី​ធ្វើ​សង្គ្រាម​។ ដូច្នេះ លោកសាខេឥឡូវនេះគាត់បានជួបព្រះយេស៊ូ ហើយគាត់ក៏បានកែប្រែជាគំនិត។ ថ្វាយ​អ្វី​ដែល​គាត់បានបន្លំ ឬបោកគេ ឬក៏ចែកទានមួយភាគទៀតឲ្យអ្នកក្រ។

បាទ! មនុស្សយើងទោះបីជាមនុស្សទន់ខ្សោយ តែឲ្យតែយើងបានស្គាល់ព្រះជាម្ចាស់ ដើរតាម​ព្រះ​យេ​ស៊ូ​គ្រីស្ត​។ យើងជឿថា មនុស្សទាំងអស់នោះក៏ក្លាយទៅជាសន្តបុគ្គល ឬក៏ជាមនុស្សល្អបានដែរ ឲ្យតែ​យើង​កែ​ប្រែ​ជាគំនិត។ ដូច្នេះសម្រាប់យើងទាំងអស់គ្នា បើសិនយើងដឹងខ្លួនថា យើងជាមនុស្សបាប កុំធ្លាក់​ទឹក​ចិត្ត​ ទោះបីយើងមានភាពទន់ខ្សោយ កុំអន់ចិត្ត ដោយសារព្រះយេស៊ូនៅតែត្រាស់ហៅយើង។ ឲ្យយើងចូល​នៅ​ក្នុង​ព្រះរាជ្យរបស់ព្រះជាម្ចាស់ ឲ្យតែយើងបំពេញកិច្ចការ តួនាទី ជីវិតដែលធ្វើតាមព្រះបន្ទូល តាមសេចក្តី​ស្រឡាញ់​ដែលព្រះអង្គប្រទានឲ្យយើង។ ពិតមែន ទោះបីបាបរបស់យើងច្រើន តែសម្រាប់ព្រះជាម្ចាស់ កា​​រ​កែ​ប្រែជាគំនិតរបស់យើងមានសារៈសំខាន់ជាង។ សូមព្រះជាម្ចាស់ជួយឲ្យយើងបំពេញការត្រាស់ហៅដែលព្រះអង្គបានហៅយើង តាមរបៀបដែល​យើង​អាច​ធ្វើ​បាន។ មិនថាយើងមានលក្ខណៈយ៉ាងណា ពូកែ ឬខ្សោយយ៉ាងណា ក៏ព្រះអង្គហៅយើងក្លាយទៅជា​ចំណែក​មួយនៅក្នុងព្រះសហគមន៍របស់ព្រះអង្គ ក្នុងព្រះវិហាររបស់ព្រះអង្គ។ សូមឲ្យបុណ្យឆ្លង​ព្រះវិ​ហារ​សន្ត​​សិលា និងសន្តប៉ូលថ្ងៃនេះជួយបងប្អូនទាំងអស់គ្នា ឲ្យកែប្រែជាគំនិតដូច​លោក​សា​ខេ​ផ​ងដែរ។ អាម៉ែន៕

Daily Program

Livesteam thumbnail