ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦អត្ថបទគម្ពីរយ៉ូហាន ៦,១៦-២១អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន
បងប្អូនជាទីស្រឡាញ់ នៅពេលដែលយើងបានទទួលជីវិតថ្មី យើងបានទទួលកំណើតថ្មី ដែលធ្វើឱ្យយើងបានទៅជាសាវ័ករបស់ព្រះយេស៊ូ។ ដូច្នេះសេចក្ដីទាំងឡាយដែលកន្លងផុតទៅ ដូចជាធ្វើឱ្យយើងបានមើលឃើញពិភពលោកថ្មី បានឃើញជីវិតថ្មីនៅក្នុងព្រះយេស៊ូ ដែលព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ ថ្ងៃនេះ ព្រះយេស៊ូបានមករកយើង មករកសាវ័កហើយប្រាប់ថា "កុំខ្លាចអី ខ្ញុំទេតើ" ដោយសារសាវ័កដែលបានធ្វើដំណើរនៅក្នុងទូក ក៏បានជួបនឹងខ្យល់ព្យុះ ជួបនឹងឧបសគ្គមួយមានរលកធំ មានខ្យល់ព្យុះយ៉ាងខ្លាំងនៅក្នុងទន្លេ ដែលធ្វើឱ្យពួកគាត់មានភ័យខ្លាចជាខ្លាំង។ តែនៅពេលដែលពួកគាត់មានឧបសគ្គ ភ័យខ្លាច រន្ធត់ នៅក្នុងដំណើរជីវិតនោះ នឹងមានសំឡេងដែលប្រាប់ថា "កុំខ្លាចអី ខ្ញុំទេតើ"។ មានន័យថា ព្រះយេស៊ូមករកយើង ព្រះយេស៊ូទតឃើញនៃទុក្ខលំបាករបស់យើង ព្រះអង្គមករកយើង និងនៅជាមួយយើង។
បងប្អូនជាទីស្រឡាញ់! ក្នុងជីវិតរបស់យើង មានន័យថាផ្នែកនៃរូបកាយរបស់យើង អ្វីដែលយើងមើលឃើញ ស្ថានភាព ទេសភាព អ្វីដែលរំជើបរំជួល ដែលធ្វើឱ្យប៉ះពាល់ជីវិតរបស់យើងដូចសង្គ្រាម ដែលធ្វើឱ្យយើងឃើញថាការធ្វើសង្គ្រាម ការប្រហារជីវិតគ្នា ធ្វើឱ្យយើងមានការភ័យខ្លាច ធ្វើឱ្យយើងតក់ស្លុត។ តែមានក្តីសង្ឃឹមមួយគឺ លើសពីសង្គ្រាម លើសពីអ្វីៗដែលមនុស្សលោកធ្វើបាន ព្រះជាម្ចាស់បានធ្វើឱ្យសេចក្ដីនោះផ្លាស់ប្តូរ ប្រែចិត្តគំនិតរបស់មនុស្សបាន ដោយព្រះអង្គមកគង់នៅជាមួយយើង។ ព្រះអង្គបានផ្លាស់ប្តូរប្រែចិត្តគំនិតរបស់យើង នូវការភ័យខ្លាចនោះ ដើម្បីឱ្យយើងឃើញថាមានព្រះអង្គដែលមកផ្សះផ្សារមកណែនាំឱ្យយើងឃើញថាជីវិតថ្មីរបស់យើងគឺមានតម្លៃលើសពីសេចក្តីស្លាប់។
ហេតុនេះអ្វីៗដែលយើងមានការភ័យខ្លាច យើងមានការអស់សង្ឃឹមក្នុងជីវិត តែថ្ងៃនេះព្រះយេស៊ូបានមកគង់នៅជាមួយយើង។ ដូច្នេះសូមឱ្យដួងចិត្តរបស់យើង គឺដួងចិត្តដែលមានជំនឿលើព្រះអង្គ ដែលដួងចិត្តមានសេចក្តីស្រឡាញ់ព្រះអង្គ ឱ្យនាំជីវិតថ្មី ឱ្យនាំដំណឹងល្អថ្មី ដែលយើងមានព្រះជាម្ចាស់គង់ជាមួយ ហើយធ្វើឱ្យជីវិតរបស់យើងចាកពីការភ័យខ្លាច ចាកពីអ្វីៗដែលធ្វើឱ្យយើងអស់សង្ឃឹម ធ្វើឱ្យយើងមានឧបសគ្គ។
ដូច្នេះខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ រាល់ពិធីអភិបូជានៃពិធីអរព្រះគុណ ដែលយើងបានស្តាប់ព្រះបន្ទូល ដែលយើងបានពិធីអរព្រះគុណលើកតម្កើងព្រះជាម្ចាស់ នៅក្នុងពេលបុណ្យចម្លង នៅពេលបុណ្យចូលឆ្នាំថ្មី ទាំងអស់នេះរួមឱ្យយើងឃើញថាវត្តមានរបស់ព្រះជាម្ចាស់ពិតមែននៅក្នុងជីវិតរបស់យើង ដែលធ្វើឱ្យយើងទទួលបានសិរីរុងរឿង ធ្វើឱ្យយើងទទួលបានអំណរសប្បាយក្នុងព្រះជាម្ចាស់៕