ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ៧,៣៦-៥០)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

អត្ថបទដំណឹងល្អនៅថ្ងៃនេះ យើងឃើញព្រះយេស៊ូយាងទៅសោយព្រះស្ងោយនៅផ្ទះពួកគណៈ​ផា​រ៉ា​ស៊ី​ម្នាក់​ឈ្មោះស៊ីម៉ូន ហើយមានស្ត្រីដែលមានកេរ្តិ៍ឈ្មោះមិនល្អមកជួប នឹងបង្ហាញសេចក្តីស្រឡាញ់ចំពោះ​ព្រះយេស៊ូ។ ព្រះយេស៊ូមានព្រះបន្ទូលថា គាត់លើកលែងទោសឲ្យស្ត្រីម្នាក់នោះ ​ព្រោះតែក្តីស្រឡាញ់ដែល​គាត់មានចំពោះព្រះយេស៊ូ។ ដូច្នេះនរណាដែលស្រឡាញ់ព្រះយេស៊ូខ្លាំង អ្នកនោះ​ទទួល​ការ​លើក​​លែង​ទោសហើយ ស្រ្តីម្នាក់នេះគាត់​ដឹង​​​​​ថាព្រះយេស៊ូបានលើកលែង​ទោសឲ្យគាត់ ​សេចក្តីនោះ​គាត់​ដឹង​ទុក​ជា​មុនព្រោះគាត់ជឿ​លើ​ធម៌​មេត្តា​ករុណា​​របស់ព្រះយេស៊ូ។

ប្រហែលជាគាត់ឮគេនិយាយអំពីធម៌មេត្តាករុណារបស់ព្រះយេស៊ូចំពោះ​អ្នក​បាប គាត់មកមិនដោយសារតែ​សុំឲ្យ​ព្រះយេស៊ូលើកលែង​ទោសឲ្យគាត់ ​ប៉ុន្តែគាត់មកដើម្បីអរ​ព្រះ​គុណព្រះយេស៊ូទុកជាមុន។ គាត់​មាន​ជំនឿ ឯព្រះយេស៊ូទទួលស្គាល់ថាជំនឿរបស់ស្ត្រី​ម្នាក់នោះបានសង្គ្រោះគាត់ហើយ។ សាច់រឿង​នេះ​មាន​របៀ​បពីរ ទីមួយ៖ ស្ត្រីម្នាក់នេះគាត់អរ​ព្រះគុណ​ព្រះយេស៊ូទុកជាមុន ដោយ​សារ​គាត់​ដឹង​ថា​ ព្រះយេស៊ូបាន​លើក​លែងទោសឲ្យគាត់ហើយ គាត់​ជឿ​​ជាក់លើការលើកលែងទោស ដូច្នេះ​គាត់​មានជំ​នឿ​មុតមាំលើ​ធម៌​មេត្តា​​ករុណា​របស់​ព្រះជាម្ចាស់ ឬអាចនិយាយបានថាគាត់ស្រឡាញ់ និងជឿព្រះយេស៊ូដោយចិត្ត​បរិសុទ្ធ​ទើប​គាត់អាចទទួលបានការលើកលែងទោស។

ទោះជាយ៉ាងណា អត្ថបទដំណឹងល្អនៅថ្ងៃនេះជុំរុញឲ្យយើងមានចិត្តដូចស្ត្រីម្នាក់នេះ ទោះ​បី​គាត់​ជា​មនុស្ស​ដែលមានកេរ្តិ៍ឈ្មោះមិនល្អ ទោះបីគាត់បានប្រព្រឹត្តអំពើបាបយ៉ាងណាក៏ដោយ ក៏គាត់​មាន​ជំនឿ​លើ​ធម៌​មេត្តាករុណារបស់ព្រះជាម្ចាស់ នឹងក្តីស្រឡាញ់ព្រះយេស៊ូ ដូច្នេះឲ្យ​យើ​ងស្រឡាញ់ព្រះយេស៊ូ ដូច​ស្ត្រី​ម្នាក់​នេះស្រឡាញ់ព្រះយេស៊ូយ៉ាងនោះដែរ។ សូមអធិដ្ឋានថ្វាយបង្គំ ធ្វើកិច្ចការល្អដល់​អ្នក​ដ​ទៃ​​ហើយ​ជឿ​ជាក់​លើធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ ទោះបី​យើង​បាន​ប្រព្រឹត្ត​អំពើបាបយ៉ាង​ណា​ ប្រសិនបើយើងជឿ យើងអង្វរ ​ព្រះ​ជាម្ចាស់នឹងលើកលែង​ទោសឲ្យយើងជាមិនខាន។​

ដូច្នេះ កុំខ្លាច! កុំខ្មាស់អៀន! ព្រោះស្ត្រីម្នាក់នេះគាត់មានកេរ្តិ៍ឈ្មោះមិនល្អយ៉ាងណា គាត់ត្រូវគេរិះគន់ នឹង​គ្មាន​នរណា​ស្រឡាញ់គាត់ ប៉ុន្តែ​គាត់​នៅ​តែមកជួបព្រះយេស៊ូ គាត់មិនខ្លាចគេ គាត់មិនខ្មាស់គេ គឺគាត់​បាន​ទ​ទួ​ល​​ជីវិត ជី​វិត​ដ៏​អស់​កល្ប​​ជានិច្ច គាត់បានទទួលការលើកលែងទោស និងសេចក្តីស្រឡាញ់​ពីព្រះ​យេ​ស៊ូ​ ដូច្នេះ កុំខ្លាច! កុំខ្មា​ស់! ​ឲ្យតែជាយើងមានចិត្តស្រឡាញ់ព្រះយេស៊ូប្រាកដ នឹងប្រែចិត្តគំនិតនោះ​យើង​​នឹង​ទទួលធម៌​មេត្តាករុណា​របស់​ព្រះ​ជា​ម្ចាស់​។ អាម៉ែន៕

 

Daily Program

Livesteam thumbnail