ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦អត្ថបទគម្ពីរ យ៉ូហាន ៥ (១-១៦)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី
ព្រះបន្ទូលថ្ងៃនេះដកស្រង់ចេញពីយ៉ូហាន ជំពូក៥ (១-១៦) ទាក់ទងនឹងព្រះយេស៊ូបានព្យាបាលមនុស្សពិការម្នាក់នៅក្បែរស្រះទឹក គាត់គឺជាមនុស្សម្នាក់ដែលអស់សង្ឃឹម ដោយសារមិនអាចទៅព្យាបាលនៅពេលដែលមានរលកដំបូងឡើយ។
ការព្យាបាលរបស់ព្រះយេស៊ូនៅពេលនេះ គឺកើតចេញពី ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។ ដំណើរជីវិតរបស់បុរសពិការរូបនេះ ប្រៀបបាននឹងដំណើរជីវិតរបស់យើងទាំងអស់គ្នា ជាពិសេសបងប្អូនគ្រីស្តបរិស័ទ ឬអ្នកដែលកំពុងរង់ចាំការសង្គ្រោះពីព្រះអង្គ។ នៅក្នុងពិភពលោកដែលពោរពេញដោយភាពអស់សង្ឃឹមនាពេលបច្ចុប្បន្ន មានតែព្រះយេស៊ូមួយអង្គគត់ដែលផ្ដល់កម្លាំងឱ្យយើងអាចក្រោកឈរឡើងវិញបាន។ ទោះបីជាព្រះអង្គព្យាបាលបុរសពិការនៅ ថ្ងៃសប្ប័ទក៏ដោយ ប៉ុន្តែសេចក្ដីស្រឡាញ់របស់ព្រះអង្គគឺធំធេង លើសពីច្បាប់ ឬធម្មវិន័យទាំងឡាយ។
សូមឱ្យដំណើរជីវិតរបស់បុរសពិការនេះ ក្លាយជាមេរៀនសម្រាប់យើងគ្រប់គ្នា។ ទោះបីជាដំបូងយើងមិនទាន់ស្គាល់ព្រះអង្គច្បាស់ ឬកំពុងស្វែងយល់ក៏ដោយ សូមព្យាយាមស្វែងរក និងជួបព្រះអង្គឱ្យបានញឹកញាប់។ ដើម្បីឱ្យជីវិតរបស់យើងនឹកឃើញ ឬយល់ឃើញពីវត្តមានរបស់ព្រះអង្គ នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង៕