ថ្ងៃទី១៧ខែ ឧសភា ឆ្នាំ២០២៦ អត្ថបទគម្ពីរ ម៉ាថាយ ២៨,១៦-២០ អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ គង់ វៀល
ថ្ងៃនេះជាថ្ងៃយ៉ាងពិសេស និងឱឡារិកបំផុត។ តើព្រះយេស៊ូយាងទៅណា? ព្រះយេស៊ូយាងទៅស្ថានសួគ៌! ថ្ងៃនេះជាពិធីបុណ្យដ៏ឱឡារិក គឺបុណ្យព្រះយេស៊ូយាងឡើងស្ថានបរមសុខ ដែលជាពិធីបុណ្យដ៏វិសេសវិសាលមែនទែនសម្រាប់យើងជាគ្រីស្តបរិស័ទ។
ព្រះជាម្ចាស់បានប្រោសព្រះយេស៊ូឱ្យមានព្រះជន្មរស់ឡើងវិញពីចំណោមមនុស្សស្លាប់។ ព្រះយេស៊ូដែលធ្លាប់ជាមនុស្សដូចយើង និងបានសោយទិវង្គតយ៉ាងអាម៉ាស់បំផុតដូចជាចោរអាក្រក់នោះ ឥឡូវនេះ ព្រះអង្គបានទទួលព្រះជន្មថ្មី គឺជាព្រះជន្មផ្ទាល់របស់ព្រះជាម្ចាស់។
គ្រីស្តបរិស័ទជំនាន់ដំបូងតែងពន្យល់សេចក្តីនេះដោយថ្លែងថា ព្រះជាម្ចាស់បានលើកតម្កើងព្រះយេស៊ូឡើង ហើយប្រោសប្រទានសិរីរុងរឿងឱ្យព្រះអង្គ ព្រមទាំងឱ្យព្រះអង្គគង់នៅខាងស្តាំព្រះបិតា។ ព្រះជាម្ចាស់បានតែងតាំងព្រះយេស៊ូជាព្រះគ្រីស្ត និងជាព្រះអម្ចាស់។ នេះជាជំនឿនៃព្រះសហគមន៍កាតូលិក ហើយមិនមែនជារឿងនិមិត្តរូបនោះឡើយ។
ព្រឹត្តិការណ៍នេះត្រូវបានរៀបរាប់ឡើង ក្រោយពេលដែលព្រះអង្គបានទទួលព្រះជន្មថ្មីដ៏ពេញលេញ និងបានចំណាយពេលអប់រំក្រុមសាវ័ក អំពីវត្តមានថ្មីរបស់ព្រះអង្គនៅជាមួយពួកគេ។
សព្វថ្ងៃនេះ យើងក៏ដូចជាក្រុមសាវ័កដែរ ទោះបីជាយើងលែងបានឃើញព្រះយេស៊ូដោយផ្ទាល់ភ្នែកទៀតហើយក្តី ក៏យើងនៅតែជឿជាក់ថា ព្រះអង្គគង់នៅជាមួយយើងជានិច្ច ហើយទ្រង់កំពុងតែយាងមកក្នុងលោកនេះជារៀងរាល់ថ្ងៃ៕
