ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ អត្ថបទគម្ពីរ ម៉ាថាយ ២១ (២៨- ៣២)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

ឥឡូវនេះយើងកំពុងចូលក្នុងរដូវរង់ចាំ សប្តាហ៍ទី៣  យើងដឹងថា សប្តាហ៍នេះ​គឺជា​សប្តាហ៍​នៃអំណ​រផ្ទាល់​ប៉ុន្តែ​ទោះជាយ៉ាងណា យើងត្រូវរកវិធីដែលយើងអាចរកអំណរសប្បាយបាន គឺការកែប្រែចិត្តគំនិត។

ប្រសិនបើយើងនៅតែភ្ជាប់ជាមួយផ្លូវចាស់ ផ្លូវដដែល ដែលមិនចង់កែប្រែចិត្តគំនិត ពិតមែនណាស់ ជួន​កាល​​យើងអាចធ្លាក់នៅក្នុងសេចក្តីអាក្រក់ សប្តាហ៍នេះព្រះយេស៊ូចង់រំលឹកយើងជាពិសេស តាម​រយៈ​ព្រះ​បន្ទូល​ថ្ងៃនេះពីគម្ពីរម៉ាថាយ២១ (២៨- ៣២) ព្រះយេស៊ូបានលើកយកឧបមា​អំពី​កូនពីរនាក់​មក​​បង្ហាញ៖

កូនច្បង៖ ដំបូងឆ្លើយប្រាប់ឪពុកថាមិនចង់ទៅធ្វើការទេ ប៉ុន្តែក្រោយមកបានកែប្រែចិត្តគំនិត ហើយ​ក៏​ទៅ​ធ្វើ​ការ​វិញ។ កូនច្បងនេះព្រះយេស៊ូប្រៀបធៀបកូនច្បងនេះទៅនឹងពួកស្ត្រីមេម៉ាយ អ្នកទារពន្ធ និង​ស្ត្រី​ពេស្យា​ ដែលធ្លាប់ដើរខុស ប៉ុន្តែក្រោយមកបានត្រឡប់មករកព្រះជាម្ចាស់វិញ។

កូនពៅ៖ ឆ្លើយថាទៅ ប៉ុន្តែក្រោយមកមិនទៅវិញ។ នេះប្រៀបដូចជាពួកខាងផារីស៊ី ឬអ្នកដឹកនាំសាសនា ដែល​ធ្វើខ្លួនឱ្យមើលទៅហាក់ដូចជាគោរពតាមធម្មវិន័យ ល្អមើលពីខាងក្រៅ ប៉ុន្តែ​ចិត្តគំនិ​តរបស់​ពួកគេមិ​នមាន​ការ​កែប្រែទាល់តែសោះ។

នៅក្នុងរយៈពេលយើងកែប្រែចិត្តគំនិត ទោះបីជាយើងជា​​បុត្រធីតារ​បស់​ព្រះ​ជា​ម្ចា​​ស់​តាម​រយៈ​អគ្គ​សញ្ញា​ជ្រមុជ​ទឹកហើយក្តី ជួនកាលយើងផ្ទាល់ក៏ឆ្លើយថា "អត់" ចំ​ពោះ​​ព្រះជាម្ចាស់ដែរ។ ព្រះសហ​គមន៍​ប្រៀបដូចជាម្តាយដែលបើក​ដៃ​ចំហស្វាគមន៍​បងប្អូន​ដែល​​វ​ង្វេ​ង ឬធ្លាប់ធ្វើខុស ឱ្យ​កែ​ប្រែ​ចិ​ត្ត និង​ឈប់​ធ្វើ​អំ​ពើ​អាក្រក់ ហើយត្រឡប់មករកព្រះជាម្ចាស់វិញ។ បងប្អូនអាចមើលនៅ​ក្នុងជីវិ​តគ្រួ​សា​រ ជីវិតផ្ទាល់ខ្លួន ពាក្យសម្តី កាយវិការ និងសកម្មភាពចំពោះអ្នកដទៃ ជួនកាលយើងអាចមា​នច​រិត​មួយ​ដែល​ប៉ះ​ពាល់គេ ប៉ុន្តែប្រសិនបើយើងប្តូរចរិតថ្មី ចេះចែករំលែក អត់ធ្មត់ មិនប្រកាន់ និងមានចិត្តបង្ហាញ​សេចក្តី​ស្រឡាញ់​ពី​ព្រះ​ជាម្ចាស់ លោកពុកជឿថា យើងអាចឆ្លើយតបដូចកូនច្បងដែរ។

សូមឱ្យថ្ងៃអាទិត្យនេះជាថ្ងៃដែលបងប្អូនត្រឡប់ទៅរកព្រះជាម្ចាស់វិញជាពិសេសបងប្អូនណាដែល ទៅ​សារ​ភាព​​បាបយូរហើយ សូមស្វែងរកលោកបូជាចារ្យដើម្បីសារភាពបាប និងកែប្រែចិត្តគំនិត ដើម្បី​ត្រៀមខ្លួ​ន​ទទួលព្រះយេស៊ូក្នុងបុណ្យណូអែលខាងមុខនេះ។ សូមព្រះជាម្ចាស់ប្រទានពរដល់បងប្អូនទាំងអស់គ្នា៕

Daily Program

Livesteam thumbnail