ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ៧,១១-១៧)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

បាទជម្រាបសួរបងប្អូនជាទីស្រឡាញ់! នៅថ្ងៃនេះជាថ្ងៃដែលយើងកំពុងនៅអំឡុងពេលត្រៀមបុណ្យភ្ជុំ ជាវេលាបងប្អូនខាងពុទ្ធបរិស័ទកំពុងកាន់បិណ្ឌ ហើយចំពោះគ្រីស្តបរិស័ទយើងក៏មានការត្រៀមចិត្តគំនិតដែលសម្រាប់បុណ្យភ្ជុំនេះ។ ព្រះបន្ទូលថ្ងៃនេះរម្លឹកដល់វិញ្ញាណក្ខន្ធមនុស្សស្លាប់តាមរបៀបកាតូលិក។
យើងដឹងថាព្រះយេស៊ូមកក្នុងលោកនេះដើម្បីសង្គ្រោះមនុស្សលោក ថ្ងៃនេះព្រះអង្គបានប្រោសឲ្យក្មេងម្នាក់បានរស់ឡើងវិញជាក្មេងដែលស្លាប់ទៅហើយ ត្បិតក្រុមគ្រួសាររបស់គាត់មានការសោកសង្រេងអាឡោះអាល័យហើយប្រជាជនទាំងអស់ក៏យំ ហើយគេបានមកលើកទឹកចិត្តឲ្យគ្រួសារនេះដែរ។ ដូច្នេះព្រះយេស៊ូក៏បានធើ្វការដ៏អស្ចារ្យ និងប្លែកពីព្យាការីឯទៀតៗ គឺព្រះអង្គបានប្រោសឲ្យក្មេងនោះរស់ឡើងវិញសារជាថ្មីទ្រង់បានធើ្វឲ្យភាពសោកសង្រេងនៅក្នុងគ្រួសាររបស់ក្មេងនោះបានធូរស្រាល។
បាទ! បងប្អូន បទពិសោធន៍របស់យើងពេលដែលយើងមានបងប្អូនស្លាប់ក្នុងគ្រួសារ ពិតមែនជាពេលវេលាដ៏សោកសង្រេងមែនទែន ក៏ប៉ុន្តែជំនឿខាងកាតូលិកនាំឲ្យយើងយល់ថាទោះបីយើងប្រឈមនឹងសេចក្តីស្លាប់ មិនថាមនុស្សដែលយើងស្រឡាញ់ មិត្តភក្តិក្តី បងប្អូនក្តីក៏យើងនៅតែមានក្តីសង្ឃឹមជានិច្ចថា ថ្ងៃណាមួយព្រះយេស៊ូនឹងប្រោសឲ្យអ្នកដែលស្លាប់នឹងមានជីវិតថ្មីរស់ឡើងវិញ។ ការរស់ឡើងវិញរបស់កូនក្មេងនេះជាសញ្ញាមួយបង្ហាញថា ក្រោយពេលស្លាប់យើងនឹងមានជីវិតថ្មីជាសេចក្តីសង្ឃឹមសម្រាប់យើងទាំងអស់គ្នា។
បងប្អូនជាទីស្រឡាញ់! ឆ្នាំនេះជាឆ្នាំនៃសេចក្តីសង្ឃឹមយើងដឹងថាស្ថានភាពនៅជុំវិញយើង សុទ្ធតែទាក់ទងនឹងសេចក្តីស្លាប់។ ការបៀតបៀនធ្វើសង្គ្រាម ការបោកបញ្ឆោត ការធ្វើទុក្ខទោម្នេញ នាំឲ្យមានមនុស្សស្លាប់។ ទាំងអស់នេះធ្វើឲ្យយើងធ្លាក់ទឹកចិត្ត ប៉ុន្តែបងប្អូនព្រះបន្ទូលថ្ងៃនេះបញ្ជាក់ច្បាស់ថា ព្រះយេស៊ូនៅជាមួយយើង។ ព្រះអង្គបានជួយក្មេងឲ្យរស់ឡើងវិញយ៉ាងណាព្រះអង្គនឹងជួយឲ្យយើងរស់ឡើងវិញយ៉ាងនោះដែរ។ មានន័យថាយើងមានកម្លាំងចិត្តនៅក្នុងលោកនេះសិន មួយចំណែកនៃការបន្តការរស់នៅរបស់យើងនឹងប្រោសឲ្យយើងរស់ឡើងវិញនៅពេលយើងលាចាកពីលោកនេះផងដែរ។
សូមបងប្អូនរួមចិត្តគំនិតអធិដ្ឋានសម្រាប់អស់អ្នកដែលកំពុងប្រឈមនឹងទុក្ខលំបាក ជាពិសេសអ្នកកំពុងប្រឈមនឹងសេចក្តីស្លាប់ ដូចជានៅមន្ទីរពេទ្យរូស្សីមានគ្រីស្តបរិស័ទយើងម្នាក់គាត់ឈឺទោះបីគាត់មិនដឹងខ្លួនតែក្រុមគ្រួសារគាត់បានអញ្ជើញខ្ញុំឲ្យទៅលាបប្រេងជូនគាត់ នេះជាសញ្ញាមួយបង្ហាញពីការយកចិត្តទុកដាក់ពីគ្រួសារ និង ជាកិច្ចការមួយដែលធ្វើឲ្យគាត់អាចចូលនៅក្នុងជីវិតរស់ឡើងវិញយ៉ាងស្រួល។
បងប្អូនជាទីស្រឡាញ់! សូមឲ្យក្នុងអំឡុងពេលនេះ បងប្អូនលើកទឹកចិត្តគ្នាទៅវិញទៅមក ឲ្យអ្នកដែលកំពុងប្រឈមនឹងសេចក្តីស្លាប់ឲ្យគាត់មានកម្លាំងចិត្ត តាមរយៈអគ្គសញ្ញាផ្សេងៗ។ ហើយក៏សូមឲ្យយើងទាំងអស់គ្នារួមគ្នាអធិដ្ឋាន សម្រាប់បងប្អូនដែលបានចាកឋានទៅហើយ អាចជាមិត្តភក្តិ បងប្អូន សមាជិកក្នុងគ្រួសារយើង ដើម្បីឲ្យគាត់បានរស់នៅយ៉ាងសុខសាន្តអស់កល្បជានិច្ចជាមួយនឹងព្រះជាម្ចាស់ផងដែរ។ សូមព្រះជាម្ចាស់ប្រទានពរឲ្យអស់លោក៕
Daily Program
