ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ អត្ថបទគម្ពីរ លូកា (លក ១១, ៤២-៤៦)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រ៉ាជេត ហាសាពូទី

ព្រះបន្ទូលថ្ងៃនេះព្រះយេស៊ូ មានព្រះបន្ទូលដាក់បណ្តាសារដល់ពួកខាងគណៈ ផារ៉ាស៊ី និងពួកបណ្ឌិតខាងវិន័យ។ ព្រះអង្គមានព្រះបន្ទូលដាក់បណ្តាសារដូច្នោះ ដោយសារពួកគេកាន់ប្រពៃណី និងវប្បធម៌យ៉ាងតឹងរឹង ប៉ុន្តែពួកគេមិនប្រព្រឹត្តតាមសេចក្តីសុចរិត ហើយមិនស្រឡាញ់ព្រះជាម្ចាស់ទេ។
ពួកគេយកជីអង្កាម ជ័រល្វីងទេសលាក់ និងបន្លែគ្រប់មុខ មួយភាគដប់មកថ្វាយព្រះជាម្ចាស់ ប៉ុន្តែពួកគេគ្មានយុត្តិធម៌ចំពោះអ្នកដទៃ និងគ្មានសេចក្តីស្រឡាញ់ចំពោះព្រះអង្គ។ ព្រះជាម្ចាស់បង្រៀនគ្រប់ប្រពៃណីវប្បធម៌។ តាមប្រពៃណី និងវប្បធម៌ត្រូវនាំមនុស្សទាំងអស់ឲ្យស្រឡាញ់ព្រះអង្គ នឹងស្រឡាញ់បងប្អូនឯទៀតៗ ព្រះយេស៊ូមានព្រះបន្ទូលដាក់បណ្តាសារដល់ពួកផារ៉ាស៊ីថា៖ «អ្នករាល់គ្នានឹងត្រូវវិនាសជាមិនខាន! ព្រោះអ្នករាល់គ្នាចូលចិត្តកន្លែងកិត្តិយសនៅក្នុងសាលាប្រជុំ នឹងចូលចិត្តឲ្យគេគោរពអ្នករាល់គ្នានៅតាមសាធារណៈ ប៉ុន្តែអ្នករាល់គ្នាមិនព្រមឲ្យព្រះជាម្ចាស់មានព្រះជន្មគង់នៅក្នុង ជីវិតអ្នករាល់គ្នាទេ»។
បងប្អូនជាទីគោរព! ពួកផារ៉ាស៊ីមិនគោរពព្រះជាម្ចាស់ទេ គឺគោរពតែខ្លួនឯង! ពួកគេមិនព្រមឲ្យកន្លែងដល់ព្រះអង្គគង់ ពួកគេចូលចិត្តកន្លែងកិត្តិយសសម្រាប់ខ្លួនឯង! ពួកគេមិនបន្ទាបខ្លួន ហើយក៏មិនសរសើរលើកតម្កើងព្រះនាមព្រះអង្គទេ។ ពួកគេបំភ្លេចគ្រឹះនៃសាសនាគ្រីស្ត គឺសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ និងអ្នកដទៃ។ បងប្អូនជាទីគោរព! តើពួកយើងវិញ? តើពួកយើងមើលសាសនាគ្រីស្តយ៉ាងម៉េចដែរ? តើពួកយើងគិតថាសាសនាគ្រីស្តគ្រាន់ជាការគោរពវិន័យតែប៉ុណ្ណោះឬ? តើការអធិដ្ឋាន ការអប់រំជំនឿ ការចូលរួមពិធីអភិបូជា សន្និបាតយុវជនយុវនារី កិច្ចការព្រះសហគមន៍ទាំងអស់ ជួយពួកយើងទាំងអស់គ្នាឲ្យ ស្គាល់ព្រះយេស៊ូ ស្រឡាញ់ព្រះអង្គ និងតាមព្រះអង្គដែរឬទេ?
ខ្លឹមសារនៃសាសនាគ្រីស្ត គឺជាសេចក្តីស្រឡាញ់ មេត្តាធម៌ ការលើកលែងទោស នឹងការបម្រើ សូមអត្ថបទថ្ងៃនេះណែនាំគ្រីស្តបរិស័ទទាំងអស់ ឲ្យក្លាយជាគ្រីស្តបរិស័ទល្អ មានសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ និងអ្នកដទៃ។ ថ្ងៃនេះក៏ជាថ្ងៃដែលយើងគោរពសន្តតេរេសានៃក្រុងអាវីឡា សូមសន្តតេរេសានៃក្រុងអាវីឡាជួយអធិដ្ឋានឲ្យយើង។ សូមព្រះជាម្ចាស់ប្រទានព្រះពរយើង៕
Daily Program
