ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ៦,៤៣-៤៩)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

ព្រះបន្ទូលថ្ងៃនេះព្រះយេស៊ូមានព្រះបន្ទូលថា"ដើមឈើល្អឲ្យផលផ្លែល្អ រីឯដើមឈើអាក្រក់ផ្តល់ផ្លែអាក្រក់” ពាក្យប្រស្នានេះជួយបំភ្លឺ នឹងណែនាំពីការរស់នៅរបស់យើង។ បើចិត្តគំនិតយើងល្អ ការប្រព្រឹត្តនោះនឹងល្អទាំងការរស់នៅ និងការងារ ការប្រាស្រ័យទាក់ទងអ្នកដទៃ ដ្បិតយើងបានដាក់ក្ដីស្រឡាញ់ ក្ដីទុកចិត្ត ជាការគោរពស្រឡាញ់គ្នាទៅវិញទៅមក។
ដោយឡែកចំពោះទង្វើមិនល្អទាំងអស់ដែលនាំឲ្យយើង ធ្វើការឆក់ប្លន់ កុហក់ភូតភរ ទាំងអស់នេះ គឺជាចិត្តដែលនាំមកភាពលោភលន់ បង្កើតជាសេចក្តីអាក្រក់។ នេះជាចំណុចមួយឲ្យយើងទទួលស្គាល់ថាយើងជាមនុស្សបាប។ ថ្ងៃនេះយើងទទួលស្គាល់ថាយើងធ្លាប់ជាមនុស្សបាប យើងធ្លាប់ប្រព្រឹត្តអាក្រក់ នឹងថ្ងៃនេះយើងនឹងទទួលការសង្គ្រោះ។ ព្រះយេស៊ូបានមក ដើម្បីសង្គ្រោះយើង រំដោះយើងពីបាប ដោយព្រះអង្គបានបូជាព្រះជន្មនៅលើឈើឆ្កាង។ នៅលើឈើឆ្កាងនេះហើយព្រះយេស៊ូបាន លួសយើង នឹងអធិដ្ឋានទូលអង្វរព្រះបិតា ឲ្យព្រះបិតាអើយសូមលើកលែងទោសឲ្យគេផងព្រោះគេមិនយល់នូវអ្វីដែលគេប្រព្រឹត្តនោះទេ។ នេះជាអំណរសប្បាយដែលព្រះជាម្ចាស់យាងមករកអ្នកបាប ហើយលើកលែងទោសរំដោះបាប។ក្រោយពេលយើងបានទទួលការសង្គ្រោះយើងត្រូវតបស្នងសងគុណព្រះជាម្ចាស់ ដោយគ្រាន់តែរស់នៅដោយមានចិត្តសុភាពរាបសារ ចិត្តស្លូតបូត ចេះដាក់ខ្លួនដោយសេចក្តីស្រឡាញ់ ចេះបម្រើគ្នាទៅវិញទៅមក។
ពេលយើងធ្វើទង្វើល្អ ដល់អ្នកដែលធ្វើខុសនិងយើង គឺជាការមួយដែលយើងទទួលស្គាល់ថា បងប្អូនម្នាក់នេះគឺជារូបតំណាងរបស់ព្រះជាម្ចាស់។ ដើម្បីឲ្យបងប្អូនដឹងថាយើងបានទទួលការប្រណីសន្ដោសនេះ ហើយឲ្យយើងដឹងគុណ នឹងចេះសងគុណដោយប្រព្រឹត្តអំពើល្អទាំងឡាយ។ សេចក្ដីល្អដែលយើងម្នាក់ៗមានចំពោះបងប្អូនដទៃក៏ដូចចំពោះព្រះជាម្ចាស់ដែរ។ យើងត្រូវដឹងខ្លួនជានិច្ចថាមិនមែនមកពីយើងជាមនុស្សល្អ ឬខ្លាំងពូកែជាងអ្នកដទៃ ប៉ុន្តែមកពីចិត្តស្លូតបូតរាបសារ ទទួលបានការស្រឡាញ់ នឹងលើកលែងទោសពីព្រះជាម្ចាស់ ហេតុនេះ! ទើបការរស់នៅក៏ត្រូវប្រព្រឹត្តល្អមិនថាចំពោះមនុស្សចាស់ ក្មេង និងយុវជនគឺត្រូវគោរពស្រឡាញ់គ្នា។ ពេលវេលារបស់យើង គឺជាពេលវេលារបស់ព្រះជាម្ចាស់ ការដែលយើងរស់នៅធ្វើដំណើររួមគ្នាគឺជាពេលវេលាមួយដើម្បីជួយគ្នា។
បើយើងមានចិត្តគំនិតល្អយើងតែងតែលើកទឹកចិត្តតែងតែនាំអំណរដល់គ្នាទៅវិញទៅមក តែបើយើងរវល់តែពីការឈ្នានីសបំពានលើគ្នាវាប្រៀបដូចជាភ្លើងដែលឆេះនៅក្នុងចិត្ត មានតែការបំផ្លាញគ្នាទៅវិញទៅមក។ ថ្ងៃនេះដើម្បីឲ្យមានសេចក្តីសុខសាន្ត ការគោរពស្រឡាញ់គ្នាយើងអធិដ្ឋានទូលអង្វរព្រះជាម្ចាស់! ដើម្បីឲ្យទីណាមានមេត្តានិងក្តីស្រឡាញ់ និងមានព្រះជាម្ចាស់គង់ជាមួយយើង អាម៉ែន៕
Daily Program
