ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦អត្ថបទគម្ពីរយ៉ូហាន ២០,១៩-៣១អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ គង់ វៀល
បងប្អូនអស់រយៈពេលមួយអាទិត្យ យើងបានគោរពបុណ្យព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ បុណ្យចម្លងគឺជាបុណ្យមួយដែលយើងបន្តប្រារព្ធរហូតដល់បុណ្យព្រះវិញ្ញាណដ៏វិសុទ្ធយាងមក។ យើងបានត្រៀមខ្លួនសម្រាប់បុណ្យចម្លងអស់រយៈពេល ៤០ថ្ងៃ ហើយយើងមានអំណរយ៉ាងតិច ៥០ថ្ងៃ ព្រោះអំណរសប្បាយរបស់យើងធំជាងរដូវត្រណម ជាពេលវេលាត្រៀមខ្លួនសម្រាប់អំណរសប្បាយដែលនឹងបន្តរៀងទៅ។
ថ្ងៃនេះមានបុណ្យពិសេស បុណ្យនេះតាមប្រពៃណីគេហៅថា ឌូមីនីកា អីនអែលប៊ីស (Dominica in albis) ជាអាទិត្យមួយដែលយើងពាក់អាវស ហើយយើងបន្តរក្សាអំណរសប្បាយរបស់យើង ហើយយើងមានមួយទៀត គឺសម្តេចប៉ាប សន្តយ៉ូហានប៉ូលទី២ ទ្រង់គាប់ព្រះហឫទ័យតាំងថ្ងៃនេះជាថ្ងៃអាទិត្យនៃធម៌មេត្តាករុណាហើយហេតុអ្វី? ក្នុងអត្ថបទព្រះគម្ពីរថ្ងៃនេះ យើងស្តាប់បទពិសោធន៍របស់លោក។ លោក ថូម៉ាស គាត់ជាមនុស្សដែលមានចិត្តសង្ស័យ ទោះបីមានសាវ័កឯទៀតៗបានជួបព្រះយេស៊ូដោយផ្ទាល់ ប៉ុន្តែគាត់អត់ជឿ គាត់ថាទាល់តែគាត់ដាក់ដៃក្នុងព្រះហស្ថរបស់ព្រះអង្គ។ បងប្អូន ជំនឿមិនមែនជាអ្វីដែលយើងអាចប៉ះពាល់បាន ផ្ទុយទៅវិញ ជាអ្វីដែលយើងត្រូវទទួលក្នុងជម្រៅចិត្តរបស់យើង មិនមែនអ្វីដែលយើងទទួលដោយសារលោកីយ៍នេះទេ ប៉ុន្តែអ្វីដែលមកពីព្រះវិញ្ញាណដ៏វិសុទ្ធ។ សម្រាប់យើងដែលកំពុងរស់ក្នុងសម័យនេះ ព្រះយេស៊ូជាព្រះដែលមានព្រះជន្មរស់ ដែលគាប់ព្រះហឫទ័យឱ្យយើងទទួលព្រះអង្គ មិនមែនដោយសារគាត់ផ្ទាល់ដូចមនុស្សធម្មតាដែលយើងជួបតាមផ្លូវទេ ប៉ុន្តែដោយសារជំនឿ ដោយសារជំនឿនៃសេចក្តីស្រឡាញ់ដែលយើងមើលមិនឃើញ ប៉ុន្តែយើងទទួលស្គាល់ថាមានអំណាច។
បងប្អូន តើសេចក្តីស្រឡាញ់មានអំណាចក្នុងជីវិតរបស់បងប្អូនដែរឬទេ? តើបងប្អូនអាចឃើញអំណាចនៃសេចក្តីស្រឡាញ់នេះឬអត់? អំណាចនេះគឺជាអំណាចរបស់ព្រះយេស៊ូគ្រីស្តដែលកំពុងគ្រងរាជ្យ។ ពិតជាអស្ចារ្យមែនទែនបងប្អូន ដោយសារជំនឿនេះ ទោះបីយើងដឹងថានៅជុំវិញយើងមានការសង្ស័យច្រើន មានបញ្ហាជាច្រើន មានវេទនា និងការឈឺចាប់ ប៉ុន្តែមានសេចក្តីស្រឡាញ់ដែរ។ សេចក្តីស្រឡាញ់របស់ព្រះយេស៊ូគ្រីស្តដែលបានយកជ័យជម្នះរួចរាល់ហើយ ចូរពឹងផ្អែកលើសេចក្តីស្រឡាញ់របស់ព្រះអង្គ អ្វីដែលយើងមើលមិនឃើញ ធំជាងអ្វីដែលយើងមើលឃើញ។ បញ្ហាច្រើនដែលយើងបានស្តាប់ និងជួប ដែលយើងឃើញបាន ដែលយើងឈឺបាន ដោយសារពិបាកមែនទែននៅពេលដែលយើងឃើញនៅជុំវិញយើង ច្បាស់គឺបទពិសោធន៍នេះធ្វើឱ្យយើងមានការសង្ស័យ នឹងឆ្ងល់ថា តើព្រះអង្គស្រឡាញ់ខ្ញុំ បើសិនខ្ញុំកើតទុក្ខ? តើព្រះអង្គស្រឡាញ់ខ្ញុំ បើសិនខ្ញុំអត់ទាន់ជួបព្រះអង្គទេ? តើទ្រង់ស្រឡាញ់ខ្ញុំ បើសិនខ្ញុំជួបតែវេទនាក្នុងជីវិតនេះ?
បងប្អូន កុំគិតដូចលោកថូម៉ាស ចូរកែប្រែចិត្តគំនិត ដោយសារក្នុងពិធីអភិបូជា យើងនឹងទទួលព្រះកាយផ្ទាល់របស់ព្រះអង្គ ហើយព្រះអង្គនឹងប៉ះយើង មិនមែនដោយសារព្រះហស្ថរបស់ព្រះអង្គ ប៉ុន្តែដោយសារព្រះកាយរបស់ព្រះអង្គ ដោយសារជំនឿរបស់យើង។ យើងទទួលព្រះអង្គផ្ទាល់ ដែលប៉ះបេះដូងរបស់យើង ដែលធ្វើឱ្យបេះដូងរបស់យើងនឹងជាសះស្បើយ។ បងប្អូន ចូរលែងមានការសង្ស័យ ចូរពឹងផ្អែកលើព្រះអង្គ ហើយចូរឱ្យជំនឿរបស់បងប្អូនរីកចម្រើនឡើងក្នុងរដូវចម្លងនេះ ឱ្យបងប្អូនដើរតាមព្រះគ្រីស្តជានិច្ច ដោយចិត្តក្លាហាន និងចិត្តជំនឿ។ សូមព្រះអង្គប្រទានព្រះពរឱ្យបងប្អូនទាំងអស់គ្នា ហើយសូមបងប្អូនក្លាយទៅជាសន្តសន្តីដូចលោកថូម៉ាស ដែលបានពឹងផ្អែកលើធម៌មេត្តាករុណារបស់ព្រះជាម្ចាស់៕