ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ អត្ថបទគម្ពីរម៉ាថាយ ១១,១៦-១៩ អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ផាន បូរី
ថ្ងៃនេះ ព្រះយេស៊ូបានសួរសំណួរមួយដល់យើងគ្រប់គ្នាថា តើយើងប្រៀបធៀបមនុស្សនៅក្នុងសម័យនេះប្រៀបដូចអ្នកណា? ប្រៀបដូចជាកូនក្មេងដែលនៅតាមទីផ្សារ អង្គុយលេង ស្រែកច្រៀង អត់ធ្វើអ្វីសោះ ឬប្រៀបដូចមនុស្សដែលខ្ជិលច្រអូស ឬជាអ្នកឆ្លាត អ្នកសិក្សារៀនសូត្រ អ្នកខិតខំប្រឹងប្រែងរកស៊ី អ្នកអង្គុយផឹកស្រា ឬអ្នកដែលធ្វើដំណើរទៅនេះទៅនោះ សួរសុខទុក្ខអ្នកនេះសួរសុខទុក្ខអ្នកនោះ។
អ្វីដែលព្រះយេស៊ូចង់ឱ្យយើងមើល ជួនកាលយើងជាមនុស្សចូលចិត្តនិយាយអាក្រក់ចំពោះគ្នាទៅវិញទៅមក គ្មានការលើកទឹកចិត្តគ្នាទៅវិញទៅមក មានតែនិយាយសេចក្ដីអាក្រក់អំពីគ្នាទៅវិញទៅមកយ៉ាងច្រើន។ ឧទាហរណ៍៖ ព្រះយេស៊ូបានលើកឡើងអំពីលោកយ៉ូហានបាទីស្ត ដែលបានតមអាហារ តមសុរា គាត់ញ៉ាំម្ហូបរបស់គាត់ ដូចជាកណ្ដូបនឹងទឹកឃ្មុំ រស់នៅក្នុងវាលរហោស្ថាន អត់មានសម្លៀកបំពាក់ស្អាតទេ គេថា លោកយ៉ូហានបាទីស្តប្រៀបដូចជាមនុស្សឆ្កួត អត់ល្អ។
រីឯព្រះយេស៊ូវិញ ព្រះអង្គអត់តមអាហារទេ ព្រះអង្គនៅជាមួយអ្នកក្រីក្រ ទ្រង់ជួយអ្នកជំងឺ ព្រះអង្គទទួលទានស្រាខ្លះជាមួយក្រុមសាវ័ក ព្រះអង្គជប់លៀងជាដើម គេថាព្រះយេស៊ូគិតតែស៊ីផឹកប្រមឹក។ ហេតុនេះ តើយើងរកមធ្យោបាយណាមួយដើម្បីឱ្យមានតុល្យភាពនៅក្នុងជីវិតរបស់យើង? ព្រះយេស៊ូបានប្រព្រឹត្តអំពើល្អយ៉ាងណាក៏ដោយ ក៏គេនៅតែចោទប្រកាន់ព្រះអង្គដែរ។
បងប្អូនជាទីស្រឡាញ់ យើងឃើញរបៀបដែលសន្តបុគ្គលបានទទួលមរណភាព ឬមរណសាក្សីដែលបានទទួលមរណភាព ដោយសារមរណសាក្សីបានធ្វើតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ រស់នៅឱ្យបានត្រឹមត្រូវ មានជំនឿឱ្យបានត្រឹមត្រូវ បដិបត្តិជំនឿរបស់ខ្លួនឱ្យបានត្រឹមត្រូវ។
ប្រសិនបើយើងជឿលើព្រះយេស៊ូគ្រីស្ត ប្រសិនបើយើងជឿលើព្រះជាម្ចាស់ យើងជឿឱ្យបានត្រឹមត្រូវ ធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គ ទោះបីមានឧបសគ្គ មានបញ្ហាមិនថាតូចឬធំក្តី ចូរយើងខិតខំប្រឹងប្រែងរស់នៅ និងបដិបត្តិតាមជំនឿឱ្យបានល្អផងដែរ។ ជាគ្រីស្តបរិស័ទជាអ្នកជឿលើព្រះយេស៊ូគ្រីស្ត ជឿថាព្រះអង្គបានចាប់កំណើតជាមនុស្ស ព្រះអង្គសោយទីវង្គត់ និងបីថ្ងៃក្រោយមកព្រះអង្គមានព្រះជន្មរស់ឡើងវិញ។
សប្ដាហ៍ទីពីរ ក្នុងរដូវរង់ចាំព្រះគ្រីស្តយាងមកនេះ គឺជាសប្ដាហ៍មួយដែលនាំឱ្យយើងគិតអំពីការកែប្រែចិត្តគំនិតរបស់យើង ប្រសិនបើយើងជាគ្រីស្តបរិស័ទត្រឹមត្រូវ យើងត្រូវព្យាយាមរស់នៅឱ្យបានគាប់ប្រសើរនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ គាប់ប្រសើរនឹងព្រះបន្ទូលរបស់ព្រះយេស៊ូ ព្យាយាមកសាងសន្តិភាពនៅកន្លែងដែលយើងរស់នៅ ហើយសូមឱ្យយើងក្លាយទៅជាបុគ្គលម្នាក់ដែលកសាងសន្តិភាព។
ហេតុនេះ សូមឱ្យអណ្ដាតរបស់យើងពោលពាក្យដែលនាំមកនូវសន្តិភាព ភ្នែករបស់យើងមើលប្រកបដោយសន្តិភាព ត្រចៀករបស់យើងស្ដាប់ពោរពេញទៅដោយសន្តិភាព ដៃរបស់យើងធ្វើកាយវិការណាមួយពោរពេញទៅដោយសន្តិភាព ជើងរបស់យើងធ្វើកាយវិការណាមួយពោរពេញទៅដោយសន្តិភាព ចិត្ត និងបេះដូងរបស់យើងធ្វើយ៉ាងណាឱ្យបានស្ងប់ និងពោរពេញទៅដោយសន្តិភាព។
សរុបសេចក្ដីមកជាអ្នកជឿលើព្រះយេស៊ូគ្រីស្ត ចូរឱ្យយើងចេះកែប្រែចិត្តគំនិត និងរស់នៅឱ្យបានគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងខិតខំកសាងសន្តិភាពចំពោះគ្នាទៅវិញទៅមក សូមយើងព្យាយាមអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ដើម្បីឱ្យព្រះជាម្ចាស់អធ្យាស្រ័យឱ្យយើងដែរ។ អាម៉ែន!