ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ៦,៣៩-៤២)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ផាន បូរី

អត្ថបទព្រះគម្ពីរដំណឹងល្អនៅថ្ងៃនេះ ព្រះយេស៊ូបានបង្រៀនអំពីរបៀបដែលយើងចាប់កំហុសអ្នកដទៃ ពេលយើងមើលអ្នកដទៃក្នុងក្រសែភ្នែកអវិជ្ជមាន ឬរបៀបដែលយើងមិនយល់ចិត្តរបស់អ្នកដទៃ។
ផ្ទុយទៅវិញ! ព្រះយេស៊ូឲ្យយើងពិនិត្យពិច័្ឆយអ្វីដែលដែលខ្លួនយើងធ្វើខុស ឬអ្វីដែលមិនល្អ យើងសញ្ចឹងគិតអំពីចំណុចអវិជ្ជមានរបស់យើងឲ្យច្រើន។ ហេតុនេះព្រះយេស៊ូមានព្រះបន្ទូលថា “ហេតុអ្វីបានជាអ្នកមើលឃើញល្អងធូលីនៅក្នុងភ្នែករបស់បងប្អូនអ្នក តែមើលមិនឃើញធ្នឹមនៅក្នុងភ្នែករបស់អ្នកផ្ទាល់ដូច្នេះ?” នេះជារបៀបដែលព្រះយេស៊ូមានព្រះបន្ទូល។ នៅក្នុងជីវិតយើងឃើញកំហុសរបស់គេធំជាងកំហុសខ្លួនឯង ទាំងដែលការពិតកំហុសរបស់ខ្លួនធំជាងគេឆ្ងាយណាស់ ប៉ុន្តែ! យើងមិនចាប់អារម្មណ៍ យើងចាប់អារម្មណ៍អ្វីដែលគេធ្វើខុស អ្វីដែលគេធើ្វមិនល្អ អ្វីដែលគេធ្វើឲ្យយើងមិនពេញចិត្ត យើងគិតថាគេអត់ល្អ។
ហេតុនេះប្រៀបបានពួកខាងគណៈផារ៉ាស៊ី ដែលសម្ដែងនៅខាងក្រៅរិះគន់អ្នកដទៃ គេធ្វើនេះអត់ល្អ គេធ្វើនេះខុស ប៉ុន្តែ! ខ្លួនគេផ្ទាល់ក៏បានធ្វើខុសដែរ។ ទោះបីមាត់របស់គេនិយាយថា អា យើងជឿលើព្រះជាម្ចាស់ យើងជឿលើព្រះយេស៊ូ ផ្ទុយទៅវិញគេអត់បានប្រតិបត្តិត្រឹមត្រូវតាមអ្វីដែលគេនិយាយ ហេតុនេះព្រះយេស៊ូចង់ឲ្យយើងប្រយ័ត្នប្រយែងអំពីរបៀបដែលយើងធ្វើ របៀបដែលយើងប្រតិបត្តិ និងរបៀបដែលយើងចង់ផ្ដល់សច្ចភាពដល់អ្នកដទៃ។
បងប្អូនជាទីស្រឡាញ់! ចូលឲ្យយើងមើលពីភាពទន់ខ្សោយរបស់ខ្លួន សញ្ចឹងគិតពីរបៀបខ្លួនឯង តើខ្លួនឯងបានធ្វើអ្វីខ្លះ ដែលជាចំណុចមិនល្អ ជាចំណុចវិជ្ជមាន ហើយខំប្រឹងកែអ្វីៗទាំងអស់ហ្នឹង ដើម្បីយើងទទួលជោគជ័យ នេះ!ជាចំណុចទីមួយ។ ចំណុចទីពីរ៖ ពេលណាយើងជឿលើព្រះយេស៊ូពិតប្រាកដ យើងត្រូវទទួលស្គាល់ភាពទន់ខ្សោយរបស់យើង ដើម្បីឲ្យយើងបាននៅជាមួយព្រះអង្គដោយសមរម្យ។ យើងកែប្រែរបៀបខ្លួនឯង ជាជាងឲ្យអ្នកដទៃកែប្រែយើង យើងជឿខ្លួនឯង ជាជាងបង្ខំឲ្យអ្នកដទៃគេជឿ យើងយល់ព្រមតាមអ្វីដែលព្រះយេស៊ូចង់ប្រាប់យើង ហើយយើងយល់ព្រមកែប្រែចំណុចទាំងអស់ហ្នឹងនៅក្នុងជីវិតរបស់យើង នាំឲ្យយើងមានភាពជិតស្និទ្ធជាមួយនិងព្រះជាម្ចាស់។
បងប្អូនជាទីគោរពរាប់អាន! ចូរឲ្យបងប្អូនយកព្រះបន្ទូលដំណឹងល្អនៅក្នុងថ្ងៃនេះ ទៅត្រិះរិះពិចារណា ត្រូវយកទៅថ្លឹងថ្លែងថា អ្វីដែលខ្ញុំកំពុងតែធ្វើជាចំណុចល្អ ចំណុចអត់ល្អ ហេតុអ្វីបានជាខ្ញុំរិះគន់អ្នកដទៃ ហេតុអ្វីបានជាខ្ញុំមើលចំណុចខ្សោយរបស់អ្នកដទៃ ហេតុអ្វីបានជាខ្ញុំមើលចំណុចអវិជ្ជមានរបស់អ្នកដទៃ ដោយគិតថាគេខុសរហូត ផ្ទុយទៅវិញសូមឲ្យយើងចេះពិនិត្យពិច័្ឆយអំពីជីវិតរបស់ខ្លួនឯងផ្ទាល់ តើខ្ញុំល្អជាងគេត្រង់ណា? ខ្ញុំប្រសើរជាងគេត្រង់ណា? ហេតុនេះមានតែព្រះវិញ្ញាណទេដែលជួយបំភ្លឺយើង មានតែព្រះវិញ្ញាណទេ ដែលជួយតម្រង់យើង។
សូមឲ្យយើងជឿលើព្រះអង្គ ជាជាងឲ្យយើងចាប់កំហុសអ្នកដទៃ នឹងមើលទៅឃើញតែធ្នឹម ឬកំទេចធូលីនៅក្នុងភ្នែករបស់គេ ក៏ប៉ុន្តែ! កម្ទេចធូលី ឬធ្នឹមនៅក្នុងភ្នែករបស់ខ្លួនឯងផ្ទាល់ធំធេងណាស់ តែយើងមើលមិនឃើញ។ ហេតុនេះ សូមព្រះជាម្ចាស់ទ្រង់ព្រះមេត្តា ប្រោសប្រទានឲ្យយើងចេះថ្លឹងថ្លែងអ្វីល្អ អ្វីអាក្រក់ នឹងសូមឲ្យយើងចេះកែប្រែចិត្តគំនិតរបៀបដែលយើងរស់នៅក្នុងសង្គមនេះផងដែរ។ អាម៉ែន៕
Daily Program
