ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦អត្ថបទគម្ពីរម៉ាកុស ១៦ (៩-១៥)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន
បងប្អូនជាទីស្រឡាញ់រដូវបុណ្យចម្លងឆ្នាំនេះ ជួនពេលនៅក្នុងពេលដែលយើងនឹងអបអរសាទរឆ្នាំថ្មីដែរ បាទ! នៅថ្ងៃសៅរ៍ ទី១១ មេសា និងយើងកៀកចូលឆ្នាំមែនទែន ហើយយើងក៏នឹងស្តាប់ព្រះបន្ទូលរបស់លោកម៉ាកុស១៦,៩-១៥ គឺព្រះយេស៊ូមានព្រះបន្ទូលថា «សូមអ្នករាល់គ្នា ចេញទៅប្រកាសដំណឹងល្អដល់ពិភពលោកទាំងមូល»។
នេះគឺជាអំណរសប្បាយ នេះគឺជាសិរីរុងរឿងរបស់ព្រះជាម្ចាស់ បានធ្វើឱ្យយើងបានទទួលជីវិតថ្មី ទទួលសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដែលបានឈ្នះសេចក្តីស្លាប់ បានឈ្នះភាពងងឹត បានឈ្នះនូវអ្វីដែលយើងហៅថា អត់មានសេរីភាព ទៅរកសេរីភាព គឺជីវិតថ្មីដ៏រុងរឿងអស់កល្បជានិច្ច។
ដំណឹងល្អដែលយើងបានស្តាប់ ធ្វើឱ្យយើងឃើញថាសាវ័ក លោកជាពិសេសលោកសិលា លោកយ៉ូហាន ព្រមទាំងក្រុមគ្រីស្តទូត បានភ្ញាក់ បានចាកចេញ គឺចាកចេញពីកន្លែងដែលខ្លួនធ្លាប់រស់នៅ កន្លែងដែលខ្លួនធ្លាប់បំពេញ កន្លែងដែលខ្លួនធ្លាប់អស់សង្ឃឹម ទៅជាមានសង្ឃឹម ទៅជាមានអំណរសប្បាយ ដោយសារតែព្រះយេស៊ូបានជ័យជំនះលើសេចក្តីស្លាប់ ធ្វើឱ្យជីវិតមានសេរីភាពពេញទីទៅលើវត្តមានរបស់ព្រះយេស៊ូដែលបានមានព្រះជន្មថ្មីដ៏រុងរឿងនេះ។
សកម្មភាពរបស់ក្រុមគ្រីស្តទូតបានទៅគ្រប់ទីកន្លែង ដើម្បីនាំដំណឹងល្អដល់បងប្អូន ដល់មនុស្សលោកទាំងឡាយ។ បងប្អូនជាទីស្រឡាញ់! បុណ្យចម្លងនៅឆ្នាំនេះយើងនឹកឃើញពីឆ្នាំដំបូងដែលក្រុមគ្រីស្តទូតបានទទួលដំណឹងល្អ ហើយដំណឹងល្អនេះស្ថិតស្ថេរអស់កល្បជានិច្ច ព្រះអង្គបានឆ្លងកាត់ឈើឆ្កាង ជីវិតនៅឈើឆ្កាងនៃទុក្ខលំបាកទាំងឡាយ តែឈើឆ្កាងនេះមិនបានបញ្ចប់ព្រះអង្គត្រឹមហ្នឹងទេ ប៉ុន្តែឈើឆ្កាងប្រែទៅជាការសង្គ្រោះ ផ្តល់អត្ថន័យថ្មីដល់ជីវិត។
អ្វីៗដែលយើងឃើញអំពីជីវិតរបស់យើង យើងជាប់នូវទុក្ខលំបាកក្តីវេទនា សេចក្តីអាក្រក់ទាំងឡាយ ក៏ជាការមួយដែលយើងរួមចំណែកជាមួយព្រះយេស៊ូ។ ព្រះអង្គអត់មានបាបសោះ ប៉ុន្តែព្រះអង្គបានសុខចិត្តលះបង់បូជាព្រះជន្មនៅលើឈើឆ្កាង ដើម្បីប្រែឱ្យឈើឆ្កាងដែលជាទុក្ខលំបាក ដែលជាសេចក្តីស្លាប់នេះ ទៅជាសិរីរុងរឿង ទៅមានជីវិតថ្មី អត្ថន័យថ្មីនៃជីវិតរបស់យើងទាំងអស់គ្នា។
ដូច្នេះ ព្រះសហគមន៍របស់យើងពីមួយឆ្នាំទៅមួយឆ្នាំមានបេក្ខជនទទួលការអប់រំ និងទទួលកំណើតថ្មីគឺ ពិធីជ្រមុជទឹក ដូច្នេះយើងអរព្រះគុណព្រះជាម្ចាស់ ដែលប្រទានព្រះបុត្រាមក ដើម្បីឱ្យយើងទទួលជីវិតថ្មីដ៏រុងរឿងជាមួយព្រះអង្គ អស់កាលជាអង្វែងតរៀងទៅ អាម៉ែន៕