ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦អត្ថបទគម្ពីរ (យ៉ូហាន ២១,១-១៤)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ផាន បូរី

នៅក្នុងអត្ថបទព្រះគម្ពីរដំណឹងល្អនៃថ្ងៃនេះក្រុមសាវ័ក និងលោកសិលាបាននិយាយគ្នាថា ជាពិសេសលោ​កសិលាថា៖ «ខ្ញុំទៅរកត្រី»។ ហើយសាវ័កផ្សេងទៀតក៏បាននិយាយថា៖ «ខ្ញុំក៏ទៅរក​ត្រីដែ​រ»​ ប៉ុន្តែយើង​ឃើញ​​ថាពេញមួយយប់ គេរកត្រីអត់បានទេ។

ពេល​លោក​សិលា និងសាវ័កផ្សេងៗទៀតនៅជាមួយព្រះយេស៊ូ ២-៣-៤ ឆ្នាំ នៅពេលនោះដែល​ព្រះយេស៊ូ​ត្រូវ​បាន​គេចាប់ ហើយព្រះអង្គត្រូវសោយទិវង្គត ក្រុមសាវ័កហាក់បីដូចជាអស់សង្ឃឹម។ ហេតុការណ៍នេះ​នាំ​ឱ្យគេត្រឡប់ទៅរស់នៅតាមរបៀបចាស់ដដែល ទៅរកត្រីតាមរបៀបកាលពីមុន។ ប៉ុន្តែនៅពេលនោះ គេ​រកត្រីពេញមួយយប់មិនបាន ព្រះយេស៊ូឈរនៅមាត់ច្រាំង និងសួរពួកគេថា៖ «កូនចៅអើយ មានអ្វី​បរិភោគ​ដែរឬទេ?» ហើយគេឆ្លើយថា៖ «អត់ទេ» ដោយសាររកត្រីអត់បាន។ គឺនៅពេលនោះ ព្រះ​យេ​​ស៊ូ​យាង​ចូលក្នុងទូកជាមួយពួកគេ និងប្រាប់ថា៖ «សូមដាក់អួនចុះនៅខាងស្ដាំ» ហើយនៅពេល​នោះ​យើងឃើញថាបានត្រីច្រើន។

នៅពេលនោះ មានសាវ័កម្នាក់ដែលព្រះយេស៊ូស្រឡាញ់ថា៖ «អូ! ព្រះអម្ចាស់ទេតើ!» គឺនៅពេលនោះ យើងឃើញថាលោកសិលាក៏ទទួលស្គាល់ថា៖ «អូ! គឺព្រះអម្ចាស់!» នេះជាទីសម្គាល់មួយដែល​ព្រះយេស៊ូ​​បាន​សោយ​ទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ហើយព្រះអង្គបានធ្វើតាមរបៀបដដែល​អំពីការនៅ​ជា​មួយពួកគេ។

បងប្អូនជាទីស្រឡាញ់! សេចក្ដីសង្ឃឹមដែលយើងជឿលើព្រះយេស៊ូមិនសាបសូន្យទេ។ ព្រះយេស៊ូតែ​ង​តែនៅ​ជាមួយយើង ព្រះយេស៊ូតែងតែនៅជាមួយព្រះសហគមន៍។ ព្រះយេស៊ូមិនបោះបង់ចោលយើងទេ ដូចជាព្រះអង្គមិនបោះបង់ចោលលោកសិលា និងសាវ័កផ្សេងៗទៀតដែរ។ យើងឃើញថាព្រះយេស៊ូបាន​យាងចូលក្នុងទូកជាមួយពួកគេ មានន័យថាព្រះយេស៊ូបានយាងចូលក្នុងព្រះសហគមន៍។ នៅក្នុង​ព្រះ​សហគមន៍ ពេលព្រះអង្គមានព្រះជន្មថ្មីដ៏រុងរឿង ឬមានជីវិតរស់ឡើងវិញ គឺព្រះអង្គនៅ​ជាមួយ​ព្រះ​សហ​គមន៍។ ព្រះអង្គមិនបណ្ដោយឱ្យព្រះសហគមន៍វិនាសអន្តរាយទេ ហើយព្រះអង្គក៏មិនឱ្យ​ព្រះសហគមន៍​អស់សង្ឃឹមដែរ។ នេះព្រះយេស៊ូចង់ផ្ដល់សេចក្ដីសង្ឃឹមសារជាថ្មីឱ្យយើង ដូចជាព្រះអង្គផ្ដល់សេចក្ដីសង្ឃឹម​ឱ្យលោកសិលា និងក្រុមសាវ័កផ្សេងៗទៀតដែរ។

ចំណុចមួយទៀត បងប្អូនត្រូវចាំ គឺបងប្អូនត្រូវយកចិត្តទុកដាក់ មានជំនឿលើព្រះយេស៊ូគ្រីស្ដដែល​ព្រះអង្គ​បាន​សោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ។ ព្រះអង្គមិនបរាជ័យទេ ហើយយើងដែលជាអ្នក​ជឿ​ក៏​មិន​បរាជ័យដែរ។ ប៉ុន្តែមានពេលខ្លះនៅក្នុងជីវិតរបស់យើង យើងមានឡើង មានចុះ មានពេល​ខ្លះ​យើង​អស់​សង្ឃឹម មានពេលខ្លះយើងមានសង្ឃឹម។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សូមទុកចិត្ត​លើ​ព្រះជាម្ចាស់ ផ្ញើ​ជីវិត​ទាំងស្រុងលើព្រះអង្គ នាំឱ្យយើងទទួលបានព្រះពរ ទទួលបានអ្វីៗជាច្រើន។

សូមឱ្យយើងយកចិត្តទុកដាក់ថែរក្សាជំនឿរបស់យើងឱ្យបានមាំមួន ហើយយើងត្រូវចេះប្រកាសដំណឹងល្អ និងប្រកាសជំនឿរបស់ខ្លួនថា៖ «ខ្ញុំជឿលើព្រះបិតា ជឿលើព្រះបុត្រា និងជឿលើព្រះវិញ្ញាណដ៏វិសុទ្ធ ហើយ​ជឿ​លើព្រះបុត្រាដែលព្រះអង្គបានសោយទិវង្គត និងព្រះអង្គមានព្រះជន្មរស់ឡើងវិញ ហើយព្រះអង្គ​គង់​នៅ​ជាមួយយើងសព្វថ្ងៃដែរ»។សូមឱ្យបងប្អូនទទួលព្រះពរ និងទទួលព្រះអំណោយទាននៃការរស់​ឡើង​វិញរបស់ព្រះអង្គ។ អាម៉ែន!

Daily Program

Livesteam thumbnail