ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥អត្ថបទគម្ពីរ លូកា (៦,២០- ២៦)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រ៉ាជេត ហាសាពូទី

បងប្អូនជាទីគោរព! នៅក្នុងអត្ថបទថ្ងៃនេះតាមលោកលូកា (៦,២០- ២៦) ព្រះយេស៊ូមាន​ព្រះបន្ទូល​អំពី​សុ​ភមង្គល និងអមង្គល។ ការយល់ដឹងរបស់យើង និងព្រះយេស៊ូអំពីសុភមង្គល និងអមង្គលខុស​ប្លែក​ពី​គ្នា​ឆ្ងាយ​ណាស់។ ជាធម្មតាមយើងគិតថាអ្នកមាន​សុភមង្គលជាអ្នកមាន​ឬអ្នកដែលហូប​ឆ្អែត​ឬអ្នកដែល​មាន​គេ​​កោតសរសើរ។ ប៉ុន្តែ​! សម្រាប់ព្រះយេស៊ូ អ្នកដែលជាអ្នកមាន ឬអ្នកដែលបានហូបឆ្អែត នឹង​អ្នក​ដែល​ត្រូវបានគេកោតសរសើរ អ្នកនោះនឹងត្រូវវេទនាហើយ។ តាមព្រះអង្គ អ្នក​ដែល​មាន​សុភមង្គល​​គឺ​អ្នក​ដែលជាជនក្រីក្រខ្សត់ ឬអ្នកដែលកំពុងស្រែកឃ្លាន ឬអ្នកដែលកំពុងយំសោក ឬអ្នកដែលគេស្អប់ និង​ត្មេះ​តិ​ដៀល បង្ខូចឈ្មោះព្រោះតែព្រះអង្គ។ អ្នកនោះនឹងទទួលរង្វាន់ធំនៅស្ថានបរមសុខជាមិនខាន។

ប្រហែលបងប្អូនឆ្ងល់ ព្រះបន្ទូលព្រះអង្គប្រហែលធ្វើឱ្យគ្រីស្តបរិស័ទខ្លះៗអន់ចិត្ត។ ប៉ុន្តែព្រះយេស៊ូមាន​ព្រះបន្ទូល​បញ្ជាក់ថាអ្នកណាដាក់ចិត្តពឹងផ្អែកលើធម៌មេត្តារបស់ព្រះអង្គ អ្នកនោះមានសុភមង្គលហើយ។ ក្នុងអត្ថបទព្រះគម្ពីរដំណឹងល្អតាមលោកយ៉ូហានថ្លែងថា៖ "ខ្ញុំសូមប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់​ថាគ្រាប់​ស្រូវ​ធ្លាក់ដល់ដីហើយបើមិនងាប់ទេគ្រាប់នោះនៅតែមួយដដែល។ ផ្ទុយទៅវិញ​បើគ្រាប់​ស្រូវនោះ​ងាប់វា​នឹង​បង្កាត់ផលបានច្រើន"។

បងប្អូនជាទីគោរព! អ្នកតាមព្រះយេស៊ូត្រូវការលះបង់ប្រយោជន៍ខ្លួនផ្ទាល់​គឺគម្រោងការផ្ទាល់ដើម្បី​ឱ្យព្រះ​គម្រោង​ការរបស់ព្រះយេស៊ូកើតជារូបរាងក្នុងជីវិតរស់នៅរបស់យើង។ ដូច្នេះ​យើងចូលរួមក្នុង​ការសោយ​ទិវង្គត់​របស់ព្រះយេស៊ូនាំយើងឲ្យមានជីវិតអស់កល្បជានិច្ច។ យើងរងទុក្ខលំបាក​រួមជាមួយព្រះអង្គ​​យើង​ក៏​នឹង​ទទួលសិរីរុងរឿងរួមជាមួយព្រះអង្គដែរ។

អត្ថបទថ្ងៃនេះ! អញ្ជើញគ្រីស្តបរិស័ទឲ្យចេះបន្ទាបខ្លួនដើម្បីទទួលគម្រោងការរបស់ព្រះជាម្ចាស់​កើតជា​រូប​រាងក្នុងជីវិតរបស់យើង។ គ្រប់កាលៈទេសៈដើម្បីទទួលមរតករួមជាមួយព្រះគ្រីស្ទ។ សូមព្រះជាម្ចាស់​ប្រទាន​ពរ​​យើង៕

 

Daily Program

Livesteam thumbnail