ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ អត្ថបទគម្ពីរ (លូកា ៥,១២-១៦)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ផាន បូរី

នៅក្នុងអត្ថបទព្រះគម្ពីរដំណឹងល្អនៅក្នុងថ្ងៃនេះ គឺមានមនុស្សឃ្លង់ម្នាក់ គាត់បានជួបព្រះយេស៊ូ និងគាត់​សុំ​ទ​ទួលការសង្គ្រោះពីព្រះយេស៊ូ។ គាត់ទូលព្រះអង្គថា៖ «ព្រះអង្គម្ចាស់ ប្រសិនបើព្រះអង្គសព្វព្រះ​ហឫ​ទ័​យ​ ព្រះអង្គអាចប្រោសឱ្យទូលបង្គំបានជាស្អាតបរិសុទ្ធផង»។

បងប្អូនជាទីស្រឡាញ់ គោលបំណងរបស់អ្នកជំងឺ ជាពិសេសមនុស្សឃ្លង់នេះ ដែលជាបុគ្គលរស់​នៅ​ក្រៅ​សង្គម ដែលជាមនុស្សទូទៅអត់ចង់រាប់រក មនុស្សទូទៅខ្លាចឆ្លង និងមនុស្សទូទៅខ្ពើមរអើមដោយ​សារក្លិន​ដំបៅ​របស់គាត់។ ក៏ប៉ុន្តែគាត់បានឮអំពីព្រះនាមរបស់ព្រះយេស៊ូ គាត់បានឮអំពីការសង្គ្រោះរបស់​ព្រះយេ​ស៊ូ ហើយណាមួយគឺព្រះយេស៊ូចាប់ផ្ដើមដើរប្រកាសដំណឹងល្អ ហើយគាត់ជឿថា ប្រសិនបើ​ព្រះ​អង្គ​សព្វ​ព្រះ​​ហឫទ័យ ព្រះអង្គនឹងសង្គ្រោះគាត់ឱ្យបានជាសះស្បើយដោយសារជំនឿរបស់គាត់។ ហេតុនេះ ព្រះ​យេ​ស៊ូ​អត់បានចាំយូរទេបងប្អូន គឺព្រះយេស៊ូប្រាប់ថា៖ «ខ្ញុំយល់ព្រម ចូរឱ្យបានជាស្អាត​បរិសុទ្ធ​ចុះ»។ រំពេ​ច​នោះ​មនុស្សឃ្លង់បាន​ជាស្អាតបរិសុទ្ធមែន។

នៅក្នុងជីវិតរបស់យើងម្នាក់ៗ មានពេលខ្លះយើងដូចមនុស្សឃ្លង់ យើងចង់ទទួលការសង្គ្រោះ ទោះបី​យើង​អត់​​កើតឃ្លង់ដូចគាត់ ក៏ប៉ុន្តែមានពេលខ្លះយើងក៏ជាអ្នកជំងឺដូចគាត់ដែរ៖ ធ្លាក់ទឹកចិត្ត បាក់ទឹកចិត្ត ឯកោ ឬ​មានជំងឺផ្សេងៗទៀតដែលនាំឱ្យយើងចង់ទទួលការសង្គ្រោះ។ ហេតុនេះ ឱ្យយើងម្នាក់ៗ ជា​ពិសេ​សគ្រី​ស្ត​បរិស័​ទយើង ឱ្យយើងហ៊ានសួរទៅព្រះយេស៊ូ ឱ្យយើងហ៊ានទូលទៅព្រះអង្គ៖ «សូមសង្គ្រោះទូលបង្គំឱ្យបា​ន​ជា​ស្អាតបរិសុទ្ធផង»។ ជាពិសេសអំពើបាបរបស់យើង អំពើបាបដែលយើងប្រព្រឹត្តជារៀងរាល់ថ្ងៃ មិន​ថា​អំពើបាបនោះតូច ធំ ធ្ងន់​ឬស្រាលឡើយ។ យើងជេរគេ យើងខឹងគេ យើងមួម៉ៅនេះ មួម៉ៅនោះ ពេល​ខ្លះ​យើង​អត់មានចិត្តសទ្ធាចំពោះព្រះជាម្ចាស់ យើងសង្ស័យព្រះជាម្ចាស់។

សូមឱ្យយើងយកគំរូរបស់មនុស្សឃ្លង់ម្នាក់ ជាគំរូនៃការជឿ និងទុកចិត្តលើព្រះអង្គ ឱ្យជឿថា​ព្រះ​អង្គនឹ​ង​​សង្គ្រោះយើង។ ពេលបងប្អូនទទួលអគ្គសញ្ញាជ្រមុជទឹក បងប្អូនបានកើតជាថ្មី បងប្អូនបានទទួលកា​រស​ង្គ្រោះ​​សារជាថ្មីដោយសារអគ្គសញ្ញានោះ។ ពេលមុន យើងជាមនុស្សដែលអត់ស្គាល់ព្រះអង្គ យើង​ធ្វើកិច្ច​ការ​នេះអត់ល្អ កិច្ចការនោះអត់ល្អ យើងជេរគេ យើងស្អប់គេ យើងចង់បានទ្រព្យរបស់គេ។ ផ្ទុយទៅវិញ យើង​សូមព្រះជាម្ចាស់ គឺព្រះអម្ចាស់យេស៊ូគ្រីស្ត ព្យាបាលយើងឱ្យយើងបានជាស្អាតបរិសុទ្ធ ឱ្យយើងក្លា​យ​ដូច​ជាពន្លឺដែលបំភ្លឺនៅក្នុងសង្គមរបស់យើង តាមរយៈការសង្គ្រោះរបស់ព្រះយេស៊ូ។

ហេតុនេះ សូមឱ្យបងប្អូនហ៊ានសួរទៅព្រះយេស៊ូថា៖ «ព្រះអង្គ សូមសង្គ្រោះខ្ញុំផង»។ សង្គ្រោះខ្ញុំផង​មាន​ន័យថា សង្គ្រោះទាំងរូបកាយរបស់យើង សង្គ្រោះទាំងព្រលឹងវិញ្ញាណរបស់យើង ឱ្យយើងចេះវិនិច្ឆ័យអ្វី​ដែល​ល្អ អ្វីដែលអាក្រក់ អ្វីដែលគួរធ្វើ អ្វីដែលមិនគួរធ្វើ អ្វីដែលត្រូវជៀសវាង។

យើងម្នាក់ៗ ជាអ្នកជំងឺ យើងត្រូវការព្រះយេស៊ូ ដូចក្នុងសង្គមយើងសព្វថ្ងៃ យើងឃើញថាមានសង្គ្រាម។ សង្គ្រាមនេះនាំឱ្យមានអ្នកជំងឺ សង្គ្រាមនាំឱ្យមានមនុស្សស្លាប់ សង្គ្រាមនាំឱ្យបែកបាក់ សង្គ្រាម​នាំឱ្យមានអំ​ពើ​ហិង្សាកាន់តែខ្លាំងឡើងៗ សង្គ្រាមនាំឱ្យយើងឈ្លោះគ្នាកាន់តែច្រើនឡើងៗ។ ហេតុនេះ យើងសូមអង្វ​រ​ព្រះ​ជាម្ចាស់ អង្វរហើយអង្វរទៀត រហូតដល់ព្រះជាម្ចាស់ឆ្លើយជាមួយយើង។

ហេតុនេះកិច្ចការរបស់មនុស្សឃ្លង់នេះជានិមិត្តសញ្ញាមួយដែលនាំឱ្យយើងម្នាក់ៗភ្ញាក់ស្មារតីថា ពិតមែន​យើង​ត្រូវការព្រះអង្គ និងសូមព្រះអង្គព្យាបាលជំងឺរបស់យើង ឱ្យយើងបានជាស្អាតបរិសុទ្ធ និងសូម​ឱ្យ​យើង​មា​នពុទ្ធិដើម្បីត្រិះរិះពិចារណាអ្វីដែលល្អ អ្វីដែលអត់ល្អ អ្វីដែលត្រូវ និងអ្វីដែលគួរធ្វើ អ្វីដែលមិន​គួរ​ធ្វើ​។​ អាមែន៕

 

Daily Program

Livesteam thumbnail