ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (ម៉ាថាយ ១៦,១៣-២៣) អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្រ្វង់ស័រ អេមេល្សដាល

នៅក្នុងគម្ពីរដំណឹងល្អ ព្រះយេស៊ូមានព្រះបន្ទូលសួរក្រុមគ្រីស្តទូតថា តើលោកគឺជានរណា? ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធជួយបំភ្លឺចិត្តរបស់គាត់ លោកសិលាយល់ថាព្រះយេស៊ូជាព្រះមេស៊ី។ ព្រះមេស៊ីគឺជាស្តេចមួយអង្គ ដែលព្រះជាម្ចាស់បានមានព្រះបន្ទូលសន្យាថា នឹងប្រោសប្រទាននៅក្នុងអវសានកាលនៃពិភពលោក ដើម្បីឱ្យជនជាតិអ៊ីស្រាអែល មានសេចក្តីសុខសាន្ត និងរួចពីខ្មាំងសត្រូវ។
ដូច្នេះពេលព្រះយេស៊ូប្រកាសថាព្រះអង្គនឹងរងទុក្ខលំបាក ហើយសោយទិវង្គត់! ត្រង់នេះតើលោកសិលា គាត់ អាចយល់បានទេ? ជនជាតិយូដា ស្តេច និងព្រះមេស៊ីសុទ្ធជាបុគ្គលដែលពោរពេញដោយសិរីរុងរឿង មានឫទ្ធីនុភាពសព្វប្រការតើអាចនឹងចាញ់គេបានយ៉ាងម៉េច!។ ប្រហែលដំណឹងល្អនេះរំលឹកយើងថា គ្មាន អ្នកណាចង់រងទុក្ខលំបាក! នឹងជួបឧបសគ្គនៅក្នុងជីវិតឡើយ យើងអាចនឹងដូចលោកសិលាចឹងបដិសេធមិនព្រមទទួលស្គាល់ព្រះយេស៊ូ! ប៉ុន្តែបើយើងជាគ្រីស្តបរិស័ទ យើងរួមជាមួយនឹងព្រះយេស៊ូ យើងស្រឡាញ់ព្រះយេស៊ូ យើងត្រូវតែយល់ថា គ្មាននរណាម្នាក់អាចគេចផុតពីទុក្ខលំបាកបានឡើយ។ ជាពិសេស ពេលយើងជាគ្រីស្តបរិស័ទ យើងរងទុក្ខលំបាកគឺយើងអាចផ្ដល់អត្ថន័យដល់ទុក្ខលំបាករបស់យើង គឺ យើងរួមជាមួយនឹងព្រះយេស៊ូ ដែលបានរងទុក្ខ នឹងសោយទិវង្គត់។
ដូច្នេះប្រសិនជាយើងផ្ដល់អត្ថន័យដល់ទុក្ខលំបាកយើងអាចទ្រាំនិងទុក្ខលំបាក។ ខ្ញុំចាំថាសន្តីតេរេសាតូច គាត់រងទុក្ខលំបាកជាច្រើននៅពេលគាត់រស់នៅក្នុងវត្តអារាមរបស់គាត់។ ទុក្ខលំបាកដែលមកពីការស្នាក់នៅក្នុងអារាម ទុក្ខលំបាកដែលមកពីបងប្អូនស្រីរបស់គាត់ក្នុងអារាម ទុក្ខលំបាកដែលមកពីគាត់ធ្លាក់ខ្លួនឈឺ ប៉ុន្តែគាត់នៅតែមានអំណរសប្បាយជានិច្ច។ នេះជាលក្ខណៈពិសេសរបស់សន្ត សន្តី គឺអស់អ្នកជាជនដ៏វិសុទ្ធដែលរួមជាមួយព្រះយេស៊ូ គឺគាត់ថ្វាយទុក្ខលំបាករួមជាមួយនឹងព្រះយេស៊ូ។ មានន័យថា យើងអាចស៊ូទ្រាំទុក្ខលំបាកបាន។ តាមពិត! ព្រះជាម្ចាស់គង់ជាមួយយើងទោះបីគេឆ្កាងព្រះយេស៊ូជាចោរក៏ព្រះយេស៊ូមិនត្រូវបានព្រះជាម្ចាស់បោះបង់ចោល។ ព្រះយេស៊ូ ជាព្រះបុត្រារបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់មិនដែលបោះបង់ព្រះយេស៊ូទេ។ ទោះបីព្រះអង្គជាប់នឹងឈើឆ្កាងក៏ដោយ។
ពេលយើងរងទុក្ខសុំឲ្យយើងជឿជាក់ថា ព្រះជាម្ចាស់មិនបោះបង់យើងចោលទេ។ ព្រះជាម្ចាស់មិនស្អប់យើងទេ ផ្ទុយទៅវិញព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យយើងរួមទុក្ខជាមួយនឹងព្រះយេស៊ូ ដើម្បីជួយសង្គ្រោះអ្នកដទៃ។ ក្នុងឋានៈជាគ្រីស្តបរិស័ទគឺជាព្រះកាយតែមួយនឹងព្រះយេស៊ូ យើងជាសរីរាង្គ របស់ព្រះយេស៊ូ ដើម្បីជួយបំពេញទុក្ខលំបាករបស់ព្រះយេស៊ូជាប្រយោជន៍ដល់អ្នកដទៃ។
ដូច្នេះ សុំបងប្អូនកុំអស់សង្ឃឹម! ត្រូវជឿថាព្រះជាម្ចាស់មិនបោះបង់បងប្អូនចោល តែបងប្អូនរងទុក្ខលំបាក ប៉ុន្តែផ្ទុយទៅវិញ ព្រះយេស៊ូ ត្រាស់ហៅយើងឲ្យរួមជាមួយព្រះអង្គ តាមរបៀបពិសេស ដូច្នេះយើងមានចិត្តក្លាហាន ហើយយើងមានសង្ឃឹមជានិច្ច។ អាម៉ែន៕
Daily Program
