ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (យ៉ូហាន ២១,២០-២៥)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

ថ្ងៃនេះតាមដំណឹងល្អលោកយ៉ូហានដែលជាសាវ័កដែលព្រះយេស៊ូស្រឡាញ់បានណែនាំ និងបានឱ្យយើងឃើញថាមានព្រះបន្ទូល និងការបង្រៀនជាច្រើនដែលព្រះយេស៊ូប្រទានដល់ក្រុមសាវ័កដើម្បីឱ្យក្រុមសាវ័កមានជំនឿនឹងបានឃើញនូវអ្វីដែលព្រះយេស៊ូបានបង្រៀន កិច្ចការដែលព្រះយេស៊ូបានធ្វើនៅក្នុងកិច្ចការគ្រីស្តទូត។
ក្នុងសប្តាហ៍នៃបុណ្យចម្លងនេះយើងឃើញថាសាវ័កបានធ្វើសក្ខីភាពអំពីព្រះយេស៊ូ និងប្រកាសដំណឹងល្អដល់បងប្អូនឯងទៀតៗ។ លោកយ៉ូហានចង់ប្រាប់យើងថាមានសេចក្តីជាច្រើនដែលព្រះយេស៊ូបានបង្រៀន បានធ្វើ តែព្រះអង្គបានជ្រើសរើសតែសេចក្តីសំខាន់ៗដើម្បីជួយឱ្យសាវ័កមានជំនឿ។ យើងជាគ្រីស្តបរិស័ទ យើងជាសាវ័ករបស់ព្រះយេស៊ូ យើងប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គមិនគ្រាន់តែមានការគិតល្អ ការនិយាយល្អ ការធ្វើល្អប៉ុណ្ណោះទេ ប៉ុន្តែយើងមានសេចក្តីស្រឡាញ់!។
សេចក្តីស្រឡាញ់គឺជាព្រះជាម្ចាស់ដែលព្រះអង្គប្រទានបេះដូងដល់មនុស្សយើងម្នាក់ៗគឺបេះដូងនៃសេចក្តីស្រឡាញ់។ ក្នុងសេចក្តីស្រឡាញ់នេះហើយដែលធ្វើឱ្យយើងប្រតិបត្តិតាមកិច្ចការដែកព្រះយេស៊ូមាន។ នេះជាចំណុចមួយសំខាន់ពេលព្រះយេស៊ូព្រះអង្គមានព្រះជន្មថ្មីដ៏រុងរឿង ព្រះអង្គបានប្រទានបេសកកម្ម ប្រទានកិច្ចការដល់ក្រុមគ្រីស្តទូត ដល់យើងសព្វថ្ងៃនេះដែរ។ អ្វីៗដែលយើងធ្វើដើម្បីធ្វើជាសក្ខីភាពរបស់ព្រះយេស៊ូដើម្បីបង្ហាញធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ដល់មនុស្សលោក។
ថ្ងៃនេះចូលបងប្អូនចូលរួមទូលអង្វរព្រះជាម្ចាស់សូមព្រះវិញ្ញាណដ៏វិសុទ្ធជួយអង្វរយើង ជួយបំភ្លឺយើង ដើម្បីព្រះបន្ទូលដែលយើងបានទទួលពីព្រះយេស៊ូ ដើម្បីនាំព្រះបន្ទូលទៅកាន់បងប្អូនឯទៀតៗនាំធម៌មេត្តាករុណា និងការលើកលែងទោសដល់បងប្អូនឯទៀតៗ។ សូមព្រះវិញ្ញាណជួបបំភ្លឺជួយណែនាំយើងដើម្បីឱ្យយើងប្រតិបត្តិតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ អាម៉ែន៕
Daily Program
