ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦អត្ថបទគម្ពីរ ម៉ាកុស ៦(៣៤ - ៤៤)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

ព្រះបន្ទូលថ្ងៃនេះ ព្រះយេស៊ូបង្ហាញការអស្ចារ្យនៃ​ការ​កាត់​នំប៉័ងចែកដល់ប្រជាជនយ៉ាងច្រើនកុះករ។  ព្រះ​យេស៊ូយាងមកក្នុងលោកនេះ មិនសម្រាប់តែជន​ជាតិ​អ៊ី​ស្រាអែល ប៉ុន្តែ​ព្រះអង្គជាព្រះ​ស​ង្គ្រោះ​សម្រាប់​មនុស្ស​គ្រប់ជាតិសាសន៍។ ប្រជាជនដែលតាម​​ស្តាប់​ព្រះបន្ទូលរបស់ព្រះអង្គមកពីគ្រប់ជាតិសាសន៍ ហើយ​ព្រះអង្គធ្វើ​ការអស្ចារ្យនៅថ្ងៃនេះគឺពង្រីកនំបុ័ង និងត្រីពីរកន្ទុយ ឱ្យប្រជាជនទាំង​អស់​។

ចំនុចទី១នៃរឿងនេះនាំឱ្យយើងគិតអំពីព្រះអង្គគឺជាពន្លឺដែលជួយរំដោះមនុស្សពីបាបទាំងអស់ ទីពីរសាវ័ក​ទាំង​អស់ដែលបានធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គ ដោយរៀបចំប្រជាជនឱ្យអង្គុយជាក្រុម និងចែក​នំ​​ប៉័ង​ដល់ពួកគេគឺជាគំរូនៃ អ្នកបម្រើក្នុងព្រះសហគមន៍។ ព្រះជាម្ចាស់ត្រូវការ​យើងម្នាក់ៗឱ្យ​ចូល​រួមក្នុ​ង​គម្រោង​ការ​សង្គ្រោះនេះ ដើម្បីនាំក្ដីស្រឡាញ់ និងព្រះបន្ទូលរបស់ព្រះអង្គទៅកាន់បងប្អូននៅជុំវិញ​ខ្លួន​យើង។

ចំណុចទី៣ តាមរយៈការអស្ចារ្យនៃនំប៉័ង៥ដុំ និងត្រី២នេះ ព្រះយេស៊ូចង់ឱ្យមនុស្ស កែប្រែចិត្តគំនិត។ ពី​មុន មនុស្សម្នាក់ៗប្រហែលជាគិតតែពីខ្លួនឯង ប៉ុន្តែនៅពេលពួកគេអង្គុយជាមួយគ្នា និងស្គាល់គ្នា ពួក​គេ​ក៏​ចាប់ផ្តើមចែករំ​លែកអ្វីដែលខ្លួនមានទៅកាន់អ្នកដទៃ។ នេះគឺជាអ្វីដែលពិភពលោកសព្វថ្ងៃកំពុងខ្វះខាត គឺ​ការគិតដល់អ្នកដទៃជាជាងគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។

សូមឱ្យព្រះបន្ទូលក្នុងឆ្នាំថ្មីនេះ ជួយឱ្យបងប្អូនមានជីវិតថ្មីដែលពោរពេញដោយក្ដីស្រឡាញ់ និងការចែក​រំ​លែ​ក បងប្អូនជាអ្ន​កបម្រើដ៏ល្អរបស់ព្រះជាម្ចាស់៕

 

Daily Program

Livesteam thumbnail