ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦អត្ថបទគម្ពីរម៉ាកុស៦,១៤-២៩អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ផាន បូរី
អត្ថបទព្រះគម្ពីរដំណឹងល្អនៅក្នុងថ្ងៃនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅណាស់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់យើង។ ដោយសារតែព្រះនាមរបស់ព្រះយេស៊ូ និងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់ព្រះអង្គ បានធ្វើឱ្យមនុស្សមួយចំនួនគិតថា ព្រះអង្គគឺជាព្យាការីអេលី ឬជាព្យាការីនៅសម័យដើម។
យើងឃើញរវាងស្តេចហេរ៉ូដ និងស្ត្រីម្នាក់ដែលបានមករាំថ្វាយព្រះអង្គ ក្នុងឱកាសពិធីបុណ្យខួបកំណើត។ ដោយសារតែការសន្យារបស់ស្តេចហេរ៉ូដ និងការមិនចង់ខកខាននូវពាក្យសន្យាដែលបានធ្វើឡើង នៅចំពោះមុខមនុស្សទាំងអស់ ទើបព្រះអង្គបានបញ្ជាឱ្យគេកាត់ក្បាលលោកយ៉ូហានបាទីស្ត ដាក់លើថាសដើម្បីថ្វាយដល់ស្ត្រីនោះ។ កូនស្រីរបស់ហេរ៉ូឌីយ៉ាដា បានធ្វើតាមសំណូមពររបស់ម្ដាយនាង ដោយការសុំឱ្យស្តេចហេរ៉ូដកាត់ក្បាលលោកយ៉ូហានបាទីស្ត។
បងប្អូនជាទីស្រឡាញ់ បងប្អូនជាទីគោរពរាប់អាន ពេលណាយើងប្រព្រឹត្តបាបធំដូចនេះគឺមានន័យថាយើងកំពុងងាកទៅរកមារសាតាំង ដែលតែងតែព្យាយាមបង្កភាពរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់។
កិច្ចការរបស់ព្រះជាម្ចាស់គឺចង់ឱ្យមនុស្សលោកមានភាពរួបរួមគ្នាជាធ្លុងតែមួយ ចេះកសាងសុខសន្តិភាព និងរស់នៅជាមួយគ្នាដោយសេចក្តីស្រឡាញ់ និងរស់នៅជាមួយគ្នាដោយសុខដុមរមនា ដោយមិនប្រកាន់សាសនា នយោបាយ វណ្ណៈ ឬភេទនោះឡើយ។ ប៉ុន្តែក្នុងពិភពលោកបច្ចុប្បន្ន មារសាតាំងកំពុងជ្រៀតជ្រែក ដែលបណ្តាលឱ្យមនុស្សមានការបែកបាក់គ្នា សង្ស័យគ្នា និងគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន រហូតដល់ហ៊ានសម្លាប់អ្នកដទៃ។
បងប្អូនជាទីគោរពរាប់អាន យើងជាគ្រីស្តបរិស័ទក្នុងនាមជាបុត្រធីតារបស់ព្រះជាម្ចាស់ យើងត្រូវរស់នៅឱ្យមានតម្លៃក្នុងសង្គម ដោយយកព្រះបន្ទូលរបស់ព្រះអង្គធ្វើជាទីពឹង។ ព្រះបន្ទូលគឺជាអាហារផ្លូវវិញ្ញាណ ដែលជួយឱ្យយើងចេះបែងចែកអ្វីដែលល្អ និងអ្វីដែលមិនល្អ អ្វីដែលគួរធ្វើ និងអ្វីដែលគួរជៀសវាង។ កុំធ្វើដូចនាងហេរ៉ូឌីយ៉ាដា ដោយសារតែកំហឹង ការចងគំនុំ និងការមិនចេះលើកលែងទោស នាំឱ្យប្រព្រឹត្តអំពើបាបរហូតដល់ការសម្លាប់ជីវិតមនុស្ស។
ហេតុនេះ យើងជាគ្រីស្តបរិស័ទត្រូវបទពិសោធន៍នេះ យើងអត់ចង់ធ្វើទេ ហើយបទពិសោធន៍នេះយើងចង់ជៀសវៀងគឺយើងចង់នៅជិតស្និទ្ធជាមួយព្រះជាម្ចាស់។ ប្រសិនបើយើងចង់នៅជិតស្និទ្ធជាមួយព្រះជាម្ចាស់ យើងត្រូវការយកព្រះគ្រីស្តជាទីពឹង និងស្តាប់តាមព្រះបន្ទូលរបស់ព្រះអង្គ គឺការស្រឡាញ់ខ្មាំងសត្រូវ និងការចេះលើកលែងទោសឱ្យគ្នាទៅវិញទៅមក។ សូមឱ្យយើងជាគ្រីស្តបរិស័ទទៅទទួលអគ្គសញ្ញាស្រាយបាប ដើម្បីសូមព្រះជាម្ចាស់លើកលែងទោសឱ្យយើង សូមឱ្យយើងចេះកសាងសន្តិភាពរកអំណរសប្បាយ និងអំណរសប្បាយនៅក្នុយជីវិតរបស់យើង សូមកុំឱ្យយើងចាញ់ល្បិចកលមាសារតាំងឡើយ។ ផ្ទុយទៅវិញសូមឱ្យយើងនៅជិតស្និទ្ធជាមួយព្រះជាម្ចាស់ជារៀងរាល់ថ្ងៃអស់មួយជីវិតរបស់យើង៕