ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦អត្ថបទគម្ពីរយ៉ូហាន ២០,១-៩អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ គង់ វៀល
ព្រះគ្រីស្តមានព្រះជន្មរស់ឡើងវិញ! មែនហើយ ព្រះគ្រីស្តមានព្រះជន្មរស់ឡើងវិញពិតមែន! ថ្ងៃនេះបងប្អូន ជាពិធីបុណ្យកំពូលនៃពិធីបុណ្យទាំងឡាយក្នុងគ្រីស្តសាសនា គឺគ្រីស្តបរិស័ទទូរទាំងសកលលោកនាំគ្នាលើកតម្កើងព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញ។ ព្រឹត្តិការណ៍នេះអស្ចារ្យ អស្ចារ្យពេក ពិបាកស្រមៃ និងជឿផងដែរ។
គ្រីស្តបរិស័ទត្រូវនឹកសញ្ជឹងគិតអំពីព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ។ កុំនឹកស្មានថា ព្រះសពព្រះអង្គគ្រាន់តែកម្រើករវើកសាច់ឈាមថ្មី និងរស់ដូចជាពីមុន ឬព្រះអង្គចាប់ជាតិនោះឡើយ។ ពាក្យថា ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ មានន័យថា៖
ទីមួយ៖ សព្វថ្ងៃព្រះអង្គមានព្រះជន្មពិតមែន តាមរបៀបផ្សេងពីមុន។
ទីពីរ៖ ព្រះជាម្ចាស់បានលើកព្រះយេស៊ូឡើងឱ្យគង់នៅជាមួយព្រះអង្គ។ ព្រះយេស៊ូប្រកបដោយជីវិតថ្មី គឺប្រកបដោយព្រះវិញ្ញាណ និងដោយសិរីរុងរឿងដែលព្រះជាម្ចាស់មានក្នុងព្រះជន្មផ្ទាល់របស់ព្រះជាម្ចាស់។
ទីបី៖ ព្រះអង្គគង់នៅជាមួយអស់អ្នកដែលផ្ញើជីវិតទាំងស្រុងលើព្រះអង្គ ព្រះអង្គកែប្រែចិត្តគំនិតរបស់អ្នកជឿឱ្យមានចិត្តគំនិតដូចព្រះអង្គដែរ។ ទ្រង់នាំគេឱ្យអត់ទោសដល់អ្នកដទៃ ឱ្យយកចិត្តទុកដាក់ដល់អ្នកតូចតាច ឱ្យមានចិត្តនឹងនក្នុងពេលដែលកើតទុក្ខលំបាក។
ទីបួន៖ សព្វថ្ងៃព្រះអង្គសាងពិភពលោកថ្មី គឺតាំងព្រះរាជ្យព្រះជាម្ចាស់ដោយចាក់បង្ហូរព្រះវិញ្ញាណ។
បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះជាថ្ងៃបុណ្យចម្លង ជាថ្ងៃបុណ្យដ៏សំខាន់បំផុតសម្រាប់យើងជាគ្រីស្តបរិស័ទ។ ហើយសម្រាប់បងប្អូនវិញ តើព្រះជន្មថ្មីរបស់ព្រះអង្គមានអត្ថន័យយ៉ាងម៉េច? តើព្រះជន្មថ្មីនេះ ប៉ះពាល់ដល់ជីវិតរបស់បងប្អូនយ៉ាងម៉េចដែរ?
បងប្អូន! ចូរកែប្រែចិត្តគំនិត ចូរទទួលអំណរសប្បាយដែលមកពីព្រះយេស៊ូគ្រីស្តដែលមានព្រះជន្មថ្មី! រីករាយបុណ្យចម្លង! ព្រះយេស៊ូគ្រីស្តមានព្រះជន្មរស់ឡើងវិញ! ព្រះយេស៊ូគ្រីស្តមានព្រះជន្មរស់ឡើងវិញពិតមែន!