ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ អត្ថបទគម្ពីរ (ម៉ាថាយ ៤,១២-១៧.២៣-២៥)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ប៉ូល វិន កាន់
បងប្អូនជាទីគោរពជាទីស្រឡាញ់ ថ្ងៃនេះជាថ្ងៃចន្ទ ក្រោយបុណ្យព្រះយេស៊ូសម្ដែងព្រះអង្គឲ្យពួកហោរាចារ្យឃើញ ក៏ដូចជាព្រះអង្គបានបង្ហាញព្រះអង្គឲ្យមនុស្សលោកស្គាល់ព្រះអង្គដែរ។
តាមរយៈព្រះបន្ទូលដែលយើងបានស្ដាប់ថ្ងៃនេះ ព្រះយេស៊ូបានចាប់ផ្ដើមបំពេញបេសកកម្មនៃការប្រកាសដំណឹងល្អរបស់ព្រះអង្គ ខណៈពេលដែលលោក យ៉ូហាន បាទីស្ដ បានបញ្ចប់បេសកកម្មរបស់លោកព្រោះត្រូវគេចាប់ឃុំឃាំង។ ហេតុនេះ ព្រះយេស៊ូចាប់ផ្ដើមព្រះរាជកិច្ចរបស់ព្រះអង្គ ចាប់ផ្ដើមពីស្រុកកាលីឡេ។
នៅស្រុកកាលីឡេ ជាតំបន់សំបូរទៅដោយជាតិសាសន៍ផ្សេងៗគ្នា មានទាំងសាសន៍យូដា និងសាសន៍ដទៃ ព្រះយេស៊ូប្រកាសដំណឹងល្អ ដោយចាប់ផ្ដើមប្រកាសថា "ចូលកែប្រែចិត្តគំនិត ត្បិតព្រះរាជ្យនៃឋានបរមសុខមកជិតដល់ហើយ"។ ជាសេចក្ដីប្រកាសដូចដែលនឹងសេចក្ដីប្រកាសរបស់លោកយ៉ូហាន បាទីស្ដដែរ។
ហេតុអ្វីសេចក្ដីប្រកាសនេះ ពិតជាមានសារៈសំខាន់សម្រាប់ព្រះយេស៊ូ និងលោកយ៉ូហាន បាទីស្ដ? ពីព្រោះព្រះជាម្ចាស់នឹងមិនអាចសង្គ្រោះមនុស្សលោក ប្រសិនបើគេមិនចេះកែប្រែចិត្តគំនិត។ ព្រះយេស៊ូបាននិយាយថា ព្រះអង្គយាងមកដើម្បីសង្គ្រោះអ្នកបាប សង្គ្រោះអ្នកជំងឺ សង្គ្រោះអ្នកដែលទទួលស្គាល់ភាពខ្វះខាត និងភាពទន់ខ្សោយក្នុងជីវិត។ ជាហេតុដែលព្រះអង្គបង្រៀនគេ ហើយព្រះអង្គក៏ព្យាបាលអ្នកជំងឺគ្រប់ប្រភេទដែលគេនាំមករកព្រះអង្គ។
ជាគ្រីស្តបរិស័ទ ក្នុងជំនឿលើព្រះយេស៊ូ តើយើងត្រូវការព្រះអង្គជួយសង្គ្រោះយើងអ្វីខ្លះក្នុងជីវិតបច្ចុប្បន្ននេះ? ឬក៏យើងលែងត្រូវការព្រះអង្គហើយ ពីព្រោះយើងមិនមានជំងឺ យើងជាមនុស្សល្អហើយ ឬសង្គមផ្ដល់ឲ្យអ្វីៗគ្រប់យ៉ាងដែលយើងត្រូវការហើយ! ជាហេតុមិនត្រូវការកែប្រែចិត្តគំនិត មិនត្រូវការព្រះជាម្ចាស់ទៀតទេ? នេះជាសំណួរដែលខ្ញុំចង់ឲ្យបងប្អូនរិះគិតពិចារណចំពោះជំនឿរបស់ខ្លួនម្នាក់ៗ។
សូមព្រះយេស៊ូប្រទានព្រះវិញ្ញាណមកបំភ្លឺដួងចិត្តយើងខ្ញុំផង ដើម្បីឲ្យយើងខ្ញុំកែប្រែចិត្តគំនិតរាល់ថ្ងៃ ឲ្យយើងខ្ញុំនៅតែត្រូវការព្រះអង្គជួយព្យាបាល និងសង្គ្រោះព្រលឹងវិញ្ញាណយើងខ្ញុំដែរ។ អាម៉ែន៕