ថ្ងៃទី០៥ ខែកញ្ញាឆ្នាំ២០២៥អត្ថាធិប្បាយគម្ពីរ លូកា ៥,១-១១

បកស្រាយដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល
នៅក្នុងអត្ថបទដំណឹងល្អនៅថ្ងៃនេះយើងឃើញថា លោកសិលា និងក្រុមសាវ័កទៅនេសាត្រី ទោះបីគេខិតខំអស់មួយយប់ក៏គ្មានត្រី តែមានព្រះយេស៊ូជិះទូកទៅជាមួយគាត់ ព្រះអង្គសុំឱ្យគាត់បោះសំណាញ់ ក្រោយមកគេបានត្រីច្រើន ព្រោះគេបានធ្វើតាមព្រះបន្ទូលរបស់ព្រះយេស៊ូ។ អត្ថបទថ្ងៃនេះប្រហែលជាយើងស្គាល់ហើយ និងបង្ហាញឱ្យយើងដឹងថា បើគ្មានព្រះយេស៊ូនៅក្នុងជីវិតរបស់យើង យើងធ្វើអ្វីមិនកើតទេ ទោះជាយើងខិតខំយ៉ាងណាក៏ដោយ ប្រសិនជាយើងមិនរួមរស់ជាមួយព្រះជាម្ចាស់យើងមិនមានទំនាក់ទំនងជាមួយព្រះអង្គជីវិតរបស់យើងដូចជាគ្មានន័យ។
អត្ថបទនេះមិនគ្រាន់តែបង្ហាញអំពីរឿងដែលព្រះយេស៊ូត្រាស់ហៅសាវ័កដំបូង ឲ្យធ្វើជាគ្រីស្តទូតដើរតាមព្រះអង្គ ប៉ុន្តែរឿងនេះបង្ហាញពីអត្ថន័យនៃជីវិតរបស់យើងតាំងពីដើមដំបូង គឺជំនាន់លោកអាដាំ និងនាងអេវ៉ា ដែលបានធ្លាក់ខ្លួនជាអ្នកមានបាប ព្រោះមិនព្រមធ្វើតាមព្រះជាម្ចាស់ ហើយមនុស្សមានបាបទាំងនេះប្រៀបដូចជាយើងទាំងអស់គ្នាដែលចង់ពឹងពាក់លើខ្លួនឯង មិនចង់ពឹងផ្អែកលើព្រះណាមួយ។
តាមពិតរឿងនេះមកពីអំនួតរបស់យើង មកពីយើងមិនយល់អំពីសេចក្តីស្រឡាញ់ កាលយើងនៅជាកូនក្មេងតូច យើងម្នាក់ៗត្រូវការឪពុកម្តាយ ពឹងផ្អែកលើឪពុកម្តាយ មិនថាពេលរីករាយ ឬលំបាកក្តីតែងត្រូវការម្តាយឪពុកឲ្យនៅក្បែរជានិច្ច តែនៅពេលដែលយើងចាប់ផ្តើមធំដឹងក្តីបន្តិចចេះរិះគិតពិចារណាបន្តិច យើងម្នាក់ៗក៏ចាប់ផ្តើមលែងនឹកនា ពីក្តីស្រឡាញ់ដែលគ្មានព្រំដែនរបស់ម្តាយឪពុក ត្បិតយើងភ្លេចកាលគ្រា នៅតូចប្រសិនបើគ្មានម្តាយកូនតូចនេះ នឹងយំរកភាពកក់ក្តៅ។
យើងប្រៀបដូចជាកូនតូចនៅក្នុងព្រះហស្ថព្រះជាម្ចាស់ដែលពោរពេញដោយសេចក្តីស្រឡាញ់ ប្រសិនជាយើងយល់អំពីក្តីស្រឡាញ់មួយនេះ នោះយើងលែងចង់ពឹងផ្អែកលើខ្លួនឯង ត្បិតយើងមានព្រះជាម្ចាស់ជាទីពឹង នឹងមានទំនាក់ទំនងដែលពោរពេញដោយសេចក្តីស្រឡាញ់ដូចកូននឹងឪពុកម្តាយ ដែលនេះជាអត្ថន័យជីវិតរបស់យើង។ លោកសិលាគាត់ឆ្ងល់ ហើយគាត់យល់ថា គាត់ជាមនុស្សមានបាបគាត់លុតជង្គង់ចំពោះមុខព្រះយេស៊ូ ហើយព្រះយេស៊ូចាប់ដៃគាត់ ហើយឱ្យគាត់ក្រោកឡើងគឺដូចជាព្រះយេស៊ូចាត់ឱ្យគាត់ទៅផ្តល់អត្ថន័យដល់ជីវិតរបស់គាត់។ លោកសិលាទៅជាអ្នកនេសាមនុស្ស នឹងទៅជាសម្តេចប៉ាបទីមួយដែលមានកិត្តិយស និងមានអំណរសប្បាយពិតប្រាកដមែន។ ដូច្នេះសុំឱ្យយើងយល់ច្បាស់ថាព្រះជាម្ចាស់ជានរណា? ព្រះជាម្ចាស់ជាព្រះបិតាដែលសព្វព្រះហឫទ័យស្រឡាញ់យើង ហើយនឹងប្រោសយើងឱ្យមានសេរីភាពពេញលក្ខណៈ។ ពេលយើងយកព្រះជាម្ចាស់ជាទីពឹងយើងមិនមែនជាឈ្លើយនៃព្រះជាម្ចាស់ យើងមិនមែនជាប់គុកមិនមែនទេ ព្រះជាម្ចាស់ប្រោសឱ្យយើងមានសេរីភាព ព្រះជាម្ចាស់រំដោះយើងឱ្យរួចពីអំពីបាប ដើម្បីឱ្យយើងទៅជាមនុស្សពេញលក្ខណៈ។ ដូច្នេះសុំកុំខ្លាចយកព្រះជាម្ចាស់ជាទីពឹង ដើម្បីទៅជាមនុស្សពេញលក្ខណៈ។ អាម៉ែន៕
Daily Program
