ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ អត្ថបទគម្ពីរយ៉ូហាន ១៨,១-១៩,៤២អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ផាន បូរី

នៅក្នុងអត្ថបទព្រះគម្ពីរថ្ងៃនេះទៀតសោត គឺយើងបានស្តាប់ ឬបានឮអំពីថ្ងៃសុក្រពិសិដ្ឋដែលព្រះយេស៊ូ ព្រះអង្គបានសោយទិវង្គត ហើយអ្វីបានជាព្រះអង្គសោយទិវង្គត? អស់រយៈពេល ៣ ឬ៤ឆ្នាំ ​ព្រះយេ​ស៊ូ​​ទៅប្រកាសដំណឹងល្អ នាំឱ្យប្រជាជនអត់សប្បាយចិត្តទេ រហូតដល់គេចាប់ព្រះអង្គ គេឃុំខ្លួនព្រះអង្គ គេធ្វើបាបព្រះអង្គ និងគេសម្លាប់ព្រះអង្គ។

ការឃុបឃិតគ្នារបស់មនុស្ស នាំឱ្យព្រះអង្គសោយទិវង្គត ក៏ប៉ុន្តែ ៣ថ្ងៃក្រោយមក ព្រះអង្គមានព្រះជន្មរស់​ឡើងវិញ។ លោកឪពុកចង់ចែកថា មនុស្សយើងដូចជាមនុស្សតាមលោក យូដាស អ៊ីស្ការីយ៉ុត ជា​មនុស្ស​ដែ​លយើងហៅថា ជាមនុស្សដែលស៊ីបាយបោកឆ្នាំង ឬជាមនុស្សដែលមានចិត្តមិនបរិសុទ្ធ ក្បត់ព្រះអង្គ។ នៅជាមួយព្រះអង្គ ធ្វើសកម្មភាពជាមួយព្រះអង្គ ក៏ប៉ុន្តែចុងក្រោយ ដោយសារការស្រឡាញ់លុយ ដោយ​សារការស្រឡាញ់អំណាច រហូតដល់គាត់សម្លាប់ព្រះអង្គ លក់ព្រះអង្គដើម្បីលុយ។ ពេលក្រោយមក គាត់យល់ថាគាត់បានធ្វើខុស គឺនៅពេលនោះបានហួសហើយ គឺគាត់បានសម្លាប់លោក​គ្រូរបស់​​គាត់​ហើយ។

យើងឃើញថាគេចាប់ព្រះអង្គ គេវាយវាត់ព្រះអង្គ និងគេបណ្ដើរព្រះអង្គនៅតាមផ្លូវ។ យើងឃើញថា សន្តសិលា ជាសន្តបុគ្គលម្នាក់ដែលព្រះយេស៊ូស្រឡាញ់ដែរ ហើយជាមនុស្សម្នាក់ដែលថា ខ្ញុំនៅ​ជា​មួយ​ព្រះអង្គ ខ្ញុំមិនបោះបង់ចោលព្រះអង្គទេ។ ក៏ប៉ុន្តែនៅពេលដែលគេចាប់ព្រះយេស៊ូ សន្តសិលានេះ​​ទៀតសោត ក៏បានបដិសេធថា មិនស្គាល់ព្រះអង្គដែរ។ ហើយសាវ័កផ្សេងៗទៀត បែកផ្លូវចែកផ្លូវគ្នាអស់ មិនដឹងជាទៅខាងណាខាងណី ដោយសារម្នាក់ៗរត់រួចខ្លួន ខ្លាចគេសម្លាប់ ខ្លាចគេធ្វើបាប។

រហូតដល់គេបានបណ្ដើរព្រះយេស៊ូ ព្រះអង្គលីឈើឆ្កាង បានជួបមនុស្សឯទៀតៗ បានជួបមាតា​របស់​ព្រះអង្គ បានជួបប្រជាជនដែលព្រះអង្គធ្លាប់បង្រៀន គេលែងគាំទ្រគាត់ ហើយផ្ទុយទៅវិញ គេស្រែកថា «ឆ្កាងទៅ! ឆ្កាងទៅ!»។ យើងឃើញថា បន្ទាប់មកគឺព្រះអង្គត្រូវបានគេឆ្កាងជាមួយចោរព្រៃ ២ នាក់ ហើយ​បន្ទាប់មក ព្រះអង្គគឺសោយទិវង្គត។

សោយទិវង្គត គេបានយកព្រះសពព្រះអង្គទៅបញ្ចុះក្នុងរូងថ្មមួយ ហើយព្រះអង្គបានយាង​ចុះទៅ​​ស្ថាន​ក្រោម លុះដល់ថ្ងៃទី ៣ គឺព្រះអង្គមានព្រះជន្មរស់ឡើងវិញ ឬមានព្រះជន្មថ្មីដ៏រុងរឿង។ នេះសបញ្ជាក់ថា មនុស្សយើងមានអំពើបាបនៅក្នុងខ្លួន យើងមានអស្មិមានះនៅក្នុងជីវិតរបស់យើង។ ហើយនេះ​យើង​ឃើញ​ថា ព្រះយេស៊ូព្រះអង្គចង់លុប ព្រះអង្គចង់ជម្រះ អ្វីៗដែលពិភពលោកនេះគិតថា ព្រះអង្គគិតថាអត់ល្អ ក៏​ប៉ុន្តែផ្ទុយទៅវិញ ព្រះយេស៊ូហាក់បីដូចជាធ្វើអត់បាន។

ក៏ប៉ុន្តែព្រះយេស៊ូអត់អស់សង្ឃឹមទេ ព្រះយេស៊ូបានផ្ញើមុខងារជាគ្រីស្ដទូតតាមរយៈក្រុមគ្រីស្ដទូតទាំង ១២ ដកលោកយូដាស អ៊ីស្ការីយ៉ុតចេញ។ យើងឃើញថា ព្រះសហគមន៍រហូតដល់សព្វថ្ងៃនេះ គឺ​នៅតែ​បន្ត​បេស​កកម្មរបស់ព្រះយេស៊ូ។ ទោះបីយើងមើលអត់ឃើញព្រះយេស៊ូ យើងអត់បាននិយាយផ្ទាល់ជាមួយ​ព្រះយេស៊ូ តែតាមរយៈវិញ្ញាណ តាមរយៈជំនឿរបស់យើង ព្រះអង្គគង់នៅជាមួយយើង។

ព្រះអង្គកំពុងតែផ្សះផ្សាមនុស្សលោក ដែលកំពុងតែបាក់បែកគ្នា សព្វថ្ងៃនេះ យើងឃើញថា មាន​សង្គ្រាម​រវាងអ៊ីរ៉ង់ និងប្រទេសអ៊ីស្រាអែល រវាងអាមេរិក និងអ៊ីស្រាអែល រវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន ឬប្រទេសផ្សេងៗទៀត ដែលកំពុងតែមានអំពើហិង្សា។ យើងសូមព្រះជាម្ចាស់ សូមព្រះយេស៊ូ សូម​ព្រះវិញ្ញាណដ៏វិសុទ្ធ ជួយផ្សះផ្សាអ្នកដឹកនាំទាំងអស់នោះ ឱ្យគេចេះឱ្យតម្លៃមនុស្សនៅលើ​ពិភពលោក​នេះថា ពិតមែន មនុស្សទាំងអស់គឺជាបងប្អូននឹងគ្នា។ សូមឱ្យមនុស្សទាំងអស់ចេះផ្សះផ្សាគ្នាដោយសន្តិវិធី និងចេះផ្ដល់តម្លៃឱ្យគ្នាទៅវិញទៅមក ពីព្រោះមនុស្សមានតម្លៃលើសអ្វីៗទាំងអស់។ សូមឱ្យតម្លៃនេះបាន​កប់ជ្រៅនៅក្នុងមនុស្សលោក និងសូមឱ្យពិភពលោកបានប្រកបទៅដោយសេចក្ដីសុខសាន្តផងដែរ។ អាម៉ែន៕

 

Daily Program

Livesteam thumbnail