ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦អត្ថបទគម្ពីរយ៉ូហាន ១៤,៧-១៤អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យអ៊ុន សុន
ក្នុងឱកាសនៃរដូវបុណ្យចម្លងនេះ យើងមានអំណរសប្បាយរីករាយ ដោយព្រះយេស៊ូមានព្រះបន្ទូលថា ព្រះអង្គបង្ហាញព្រះបិតាដល់យើងទាំងអស់គ្នា គឺព្រះបិតាដែលបានចាត់ព្រះអង្គឲ្យមក។ ព្រះបន្ទូលនេះ ជារឿងថ្មីមួយដែលធ្វើឲ្យជនជាតិយូដា គេមិនព្រមជឿ មិនព្រមទទួល។
ទោះយ៉ាងណាក៏ដោយ ក៏ព្រះយេស៊ូមានព្រះបន្ទូលថា អ្នកឃើញខ្ញុំ ក៏ដូចជាឃើញព្រះបិតាដែរ។ នេះជាអំណរសប្បាយដ៏ធំធេងមួយ ដែលធ្វើឲ្យយើងជាគ្រីស្តបរិស័ទ យើងមានព្រះបិតាមួយអង្គ និងព្រះបុត្រានិងព្រះវិញ្ញាណដ៏វិសុទ្ធ ជាអង្គតែមួយ ជាធ្លុងតែមួយ ក្នុងសេចក្ដីស្រឡាញ់ដែលគង់នៅជាមួយយើង។ បងប្អូនជាទីស្រឡាញ់! ជាគ្រីស្តបរិស័ទយើងទទួលដំណឹងល្អពីព្រះយេស៊ូ ធ្វើឲ្យមនុស្សលោកមានអំណរសប្បាយ ធ្វើឲ្យមនុស្សលោកមានសេចក្ដីសង្ឃឹម ដោយមានព្រះបុត្រាគឺព្រះយេស៊ូដែលព្រះបិតាប្រទានឲ្យ យើងទាំងអស់គ្នាមានគង្វាលដែលណែនាំយើង ដឹកនាំយើង។ នៅថ្ងៃអាទិត្យកន្លងមក គឺគង្វាលដ៏សប្បុរសដែលព្រះយេស៊ូបានណែនាំសាវ័កទាំងឡាយ ដើម្បីចាត់ឲ្យសាវ័កទាំងឡាយមកជួបជុំគ្នា ដោយព្រះអង្គជាអ្នកគង្វាលដ៏សប្បុរស។
ដំណឹងល្អធ្វើឲ្យយើងជួបជុំគ្នា ក្នុងឱកាសគង្វាលដ៏សប្បុរសនេះ ព្រះសហគមន៍បានតែងតាំងលោកបូជាចារ្យថ្មី លោកឧបដ្ឋាក ព្រមទាំងមានកម្មវិធីត្រាស់ហៅឲ្យយុវជន យុវនារីទាំងបីភូមិភាគមកជួបជុំគ្នា។ នេះជាអំណរសប្បាយមែនទែនបងប្អូន ដែលបញ្ជាក់ថា គង្វាលដ៏សប្បុរសបានមកក្នុងលោកនេះ ធ្វើឲ្យមានសកម្មភាព ធ្វើឲ្យមានការជួបជុំគ្នា ធ្វើឲ្យមានការពិធីតែងតាំង ដើម្បីមានលោកបូជាចារ្យ មានលោកឧបដ្ឋាក ហើយនឹងមានការត្រាស់ហៅបងប្រុសរបស់យើងទៅជាអ្នកបម្រើអាសនៈ និងជាបងប្រុសដែលជាកូនសិស្សលោកអភិបាល។ ទាំងអស់នេះបង្ហាញឲ្យឃើញថា ព្រះសហគមន៍មានជីវិតរស់រវើក។
នៅក្នុងអាទិត្យទី៤ នៃសប្ដាហ៍បុណ្យចម្លងនេះ ជួយយើងរួមគ្នាអរព្រះគុណព្រះជាម្ចាស់ គ្រប់ព្រះអំណោយទាន ដែលព្រះជាម្ចាស់ប្រទានតាមរយៈព្រះយេស៊ូបានយាងមកក្នុងលោកនេះ ធ្វើឲ្យយើងទៅជាក្រុមដូចក្រុមគ្រីស្ដទូតដើមដែលជួបជុំគ្នាធ្វើពិធីអធិដ្ឋាន ធ្វើពិធីកាច់នំបុ័ង។ ដូច្នេះយើងទាំងអស់គ្នា យើងក៏រួមគ្នាបន្តកិច្ចការរបស់ក្រុមគ្រីស្ដទូត ដើម្បីបញ្ជាក់បង្ហាញថាព្រះជាម្ចាស់ ក្នុងព្រះយេស៊ូបានយកចិត្តទុកដាក់ធ្វើជាគង្វាល ដើម្បីណែនាំយើង បំភ្លឺយើង នាំផ្លូវយើងទៅរកព្រះបិតា ដូចព្រះយេស៊ូមានព្រះបន្ទូលថា អ្នកណាឃើញខ្ញុំ ដូចបានឃើញព្រះបិតាដែលបានចាត់ខ្ញុំឲ្យមកដែរ។ អាលេលូយ៉ា អាលេលូយ៉ា អាម៉ែន៕