ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦អត្ថបទគម្ពីរយ៉ូហាន ១៣,១-១៥អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល
បងប្អូនជាទីស្រឡាញ់ នៅថ្ងៃនេះជាថ្ងៃទី១នៃពិធីបុណ្យចម្លងគឺព្រះយេស៊ូធ្វើតាមវប្បធម៌សាសនារបស់ជនជាតិអ៊ីស្រាអែល ព្រះអង្គក្នុងឋានៈជាមេក្រុមគ្រួសារ ប្រមូលក្រុមសាវ័ក ហើយនឹងធ្វើពិធីជប់លៀងចុងក្រោយ ដើម្បីរំលឹកអំពីបុណ្យចម្លងរបស់ជនជាតិយូដា។ បុណ្យចម្លងរបស់ជនជាតិយូដា គឺជារៀងរាល់ឆ្នាំ ជនជាតិយូដាជួបជុំគ្នាក្នុងក្រុមគ្រួសារ ដើម្បីរំលឹកថា ពួកគាត់បានចេញពីស្រុកអេស៊ីប ហើយនឹងដើរទៅកាន់ទឹកដីសន្យា ដែលព្រះជាម្ចាស់បានប្រោសប្រទានឱ្យ គឺរំលឹកអំពីសេរីភាពរបស់ជនជាតិអ៊ីស្រាអែល។
ប៉ុន្តែព្រះយេស៊ូយាងមកហើយ ផ្ដល់អត្ថន័យថ្មី ដល់ពិធីជប់លៀងនេះ គឺព្រះយេស៊ូមានព្រះបន្ទូលថា យកនំប៉័ងមកកាន់ ហើយនឹងយកព្រះលោហិត(ស្រា)មកកាន់ មានព្រះបន្ទូលថា នេះជាព្រះកាយ និងព្រះលោហិតរបស់ខ្ញុំ ដែលជាសញ្ញាមេត្រីថ្មី គឺព្រះយេស៊ូនាំមនុស្សលោកទាំងអស់ឆ្លងពីសេចក្ដីស្លាប់ ឆ្លងពីអំពើបាប ឆ្លងពីភាពងងឹត ឆ្ពោះទៅកាន់ពន្លឺ ឆ្ពោះទៅកាន់ជីវិតអស់កល្បជានិច្ច ដោយព្រះអង្គសោយទិវង្គតនៅលើឈើឆ្កាង។ ក្នុងអត្ថបទដំណឹងល្អក្នុងថ្ងៃនេះ យើងឃើញថាព្រះយេស៊ូមានសេរីភាព បម្រើប្រជាជនដោយសេចក្ដីស្រឡាញ់ ដោយព្រះអង្គស្រឡាញ់ក្រុមសាវ័ក ដោយព្រះអង្គស្រឡាញ់មនុស្សលោក ហើយព្រះអង្គធ្វើដោយមានចិត្តក្លាហានមែន។ សូមកត់សម្គាល់អំពីលក្ខណៈជាវរជនរបស់ព្រះយេស៊ូ ដែលមានសេរីភាព មានចិត្តក្លាហាន មានសេចក្ដីស្រឡាញ់ ហើយនឹងបម្រើមនុស្ស រហូតដល់ទីបំផុត ព្រះយេស៊ូពិតជាអស្ចារ្យ។ ព្រះអង្គផ្ដាំឲ្យយើងធ្វើដូចគ្នាដែរ នៅក្នុងព្រះសហគមន៍របស់បងប្អូន ប្រហែលជាយើងមានពិធីជប់លៀងចំពោះគ្នាទៅវិញទៅមក ឬមានតែលោកពុក ដែលធ្វើពិធីជប់លៀងឲ្យគណៈកម្មការ ឬអ្នកផ្សេងៗ គ្រីស្តបរិស័ទខ្លះៗនៅក្នុងព្រះសហគមន៍។ តាមពិត នៅក្នុងព្រះសហគមន៍មានជីវិតរបៀបរស់នៅអញ្ចឹង ឲ្យយើងលាងជើងឱ្យគ្នាទៅវិញទៅមក គឺឲ្យយើងបម្រើគ្នាទៅវិញទៅមកតាមគំរូរបស់ព្រះយេស៊ូ។
ដូច្នេះសូមឲ្យយើងប្រារព្ធពិធីបុណ្យចម្លង ដោយនឹកដល់សេចក្ដីស្រឡាញ់របស់ព្រះយេស៊ូ ដែលព្រះអង្គស្រឡាញ់យើងរហូតដល់ទីបំផុត ហើយសូមឲ្យយើងចេះស្រឡាញ់អ្នកដទៃ តាមរបៀបរបស់ព្រះយេស៊ូ គឺឲ្យយើងចេះបម្រើគ្នាទៅវិញទៅមក។ អាម៉ែន៕