ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥អត្ថបទគម្ពីរ (ម៉ាថាយ ១៨,១-៥.១០)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

បងប្អូនជាទីស្រឡាញ់! នៅថ្ងៃនេះគឺជាបុណ្យពិសេសនៅក្នុងព្រះសហគមន៍កាតូលិក យើងរំលឹកបុណ្យសន្តទេវទូតទាំងឡាយពិសេសទេវទូតដែលការពារ គឺព្រះជាម្ចាស់បានប្រទានឲ្យយើងម្នាក់ៗបានទេវទូតមួយរូបដើម្បីជួយការពារ ណែនាំដើរតាមនឹងសង្គ្រោះយើង។ ប្រហែលជាបងប្អូនឆ្ងល់ ព្រោះគ្មាននរណាម្នាក់បានឃើញ ឬជួបទេវទូតទេ ប៉ុន្តែនៅក្នុងព្រះគម្ពីរយើងឃើញមានទាំងទេវទូត និងអគ្គទេវទូត។
តាមការបង្រៀនបន្តតាមប្រពៃណីរបស់ព្រះសហគមន៍ ដើមឡើយគ្រីស្តបរិស័ទជឿថាព្រះជាម្ចាស់បានផាត់ពពកចេញឲ្យយើងមើលឃើញ ហើយព្រះអង្គបម្រុងទុកពពកនេះសម្រាប់យើងនៅពេលអនាគត។ ហេតុដូច្នេះទើបយើងមិនទាន់ឃើញ នឹងដឹងច្បាស់ពីអ្វីៗទាំងអស់។ ថ្ងៃនេះព្រះសហគមន៍រម្លឹកយើងថា ព្រះជាម្ចាស់បានប្រទានទេវទូតមួយរូបសម្រាប់ម្នាក់ៗដើម្បីជួយការពារយើង។
ម៉្យាងទៀតកុំភ្លេចថាតម្លៃនៃជីវិតមនុស្សសំខាន់ណាស់ ពីព្រោះព្រះជាម្ចាស់បានចាត់ទុកជាមនុស្ស មិនមែនជាទេវទូត។ ព្រះយេស៊ូជាមនុស្សមិនមែនជាទេវទូត គឺជាព្រះជាម្ចាស់បានបង្កើតមនុស្សយើងមានតម្លៃ។ ទោះបីទេវទូតជាសត្វលោកខាងវិញ្ញាណដែលមានតំណែងខ្ពស់ជាងយើង មើលឃើញព្រះភ័ក្ត្រព្រះជាម្ចាស់ បំពេញតាមព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គក៏ដោយ ប៉ុន្តែ! យើងមានតម្លៃព្រោះព្រះជាម្ចាស់បានប្រសូតជាមនុស្ស នឹងនៅក្នុងឋានៈជាមនុស្ស។ ព្រះយេស៊ូបានរំដោះលោកមនុស្សលោក នឹងសង្គ្រោះយើងម្នាក់ៗ។
សូមឲ្យយើងចាប់ផ្ដើមពីសេចក្ដីស្រឡាញ់ចំពោះគ្នា ឲ្យយើងស្ដាប់សំឡេងព្រះអង្គនៅក្នុងដួងចិត្តធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ នឹងជឿជាក់ថាមានទេវទូតមួយរូបដែលជួយណែនាំយើង ឲ្យដើរតាមផ្លូវនៃការសង្គ្រោះ។ អាម៉ែន៕
Daily Program
