តើគ្រីស្តបរិស័ទបង្ហាញវត្តមានរបស់ព្រះយេស៊ូទៅមនុស្សនៅជុំវិញខ្លួនដោយរបៀបណា?
បកស្រាយដោយ៖ លោកបូជាចារ្យ អេមេល្សដាល ហ្វ្រង់ស្វ័រ
គ្រីស្តបរិស័ទយើងជឿសក្ខីភាពរបស់ក្រុមគ្រីស្តទូតដែលជាសាវ័ករបស់ព្រះយេស៊ូ ដែលបានជួប បានឃើញ និងបានប៉ះព្រះយេស៊ូផ្ទាល់នឹងដៃរបស់ពួកគេ។ ហើយក្រុមគ្រីស្តទូតបានរួមរស់ជាមួយព្រះយេស៊ូនៅលើផែនដីនេះ អស់រយៈពេលប្រហែលជា៣ឆ្នាំ បន្ទាប់មកពួកគេក៏បានឃើញព្រះយេស៊ូសោយទិវង្គតនៅលើឈើឆ្កាង ៣ថ្ងៃក្រោយពួកគេបានពិសោធថាព្រះយេស៊ូបានឈ្នះសេចក្តីស្លាប់ដោយរស់ឡើងវិញ នឹងនៅជាមួយពួកគេ។
អស់រយៈពេលជាច្រើនថ្ងៃ ពួកគេបានដកបទពិសោធនៅជាមួយព្រះយេស៊ូ ក្រុមគ្រីស្តទូតក៏បានផ្តល់សក្ខីភាពអំពីព្រះអង្គទៅអ្នកដទៃ អំពីវត្តមានដ៏ពិតប្រាដកនៃវត្តមានរបស់ព្រះយេស៊ូគង់នៅ ទោះបីព្រះអង្គយាងឡើងស្ថានបរមសុខរួមជាមួយព្រះបិតាក៏ដោយ។ ដូច្នេះហើយ យើងជាគ្រីស្តបរិស័ទក៏អាចដកពិសោធអំពីព្រះយេស៊ូ ដូចក្រុមគ្រីស្តទូតដែរ ដោយជឿជាក់យ៉ាងច្បាស់ថាពិតណាស់ ព្រះយេស៊ូមានវត្តមាននៅលើលោកនេះពិតមែន។
ដូច្នេះដំបូងយើងជឿ សក្ខីភាពរបស់អ្នកដទៃ របស់អ្នកជឿទាំងអស់នៅក្នុងពិភពលោក បន្ទាប់មកទៀតយើងត្រូវដកពិសោធផ្ទាល់ខ្លួន និងមានជំនឿយ៉ាងមុតមាំថា ពិតមែនព្រះយេស៊ូគង់នៅជាមួយយើងទាំងអស់គ្នា។ ហេតុនេះហើយ យើងត្រូវរួមគ្នាដើម្បីអធិដ្ឋាន ដោយចូលរួមក្នុងសកម្មភាពរបស់ព្រះសហគមន៍ ទទួលអគ្គសញ្ញាជ្រមុជទឹក ទទួលព្រះកាយព្រះគ្រីស្ត អគ្គសញ្ញាលើកលែងទោស និងប្រព្រឹត្តអំពើល្អ។ ព្រោះថាកិច្ចការទាំងនេះ និងជួយឲ្យយើងបានជួបនឹងព្រះយេស៊ូពិតមែន ទោះបីយើងមើលព្រះអង្គមិនឃើញ និងប៉ះព្រះអង្គមិនបាន។
មួយវិញទៀតជាគ្រីស្តបរិស័ទ យើងត្រូវបង្ហាញវត្តមានរបស់ព្រះយេស៊ូទៅអ្នកដទៃ ដោយធ្វើកិច្ចការណាដែលគាប់ព្រះហទ័យរបស់ព្រះអង្គ ដោយរួមជាមួយគ្នានៅក្នុងព្រះសហគមន៍ ចេះលើកលែងទោសឲ្យបងប្អូនដែលបានប្រព្រឹត្តខុសដាក់យើង។ ដោយសារព្រះយេស៊ូ យើងធ្វើតែអំពើល្អដាក់អ្នកដទៃ ទោះបីគេមិនបានប្រព្រឹត្តអំពើល្អលើយើងក៏ដោយ។
យើងចែកទានតាមលទ្ធិភាព ចុះសួរសុខទុក្ខបងប្អូន កិច្ចការទាំងអស់នេះហើយ គឺជាការបង្ហាញវត្តមានរបស់ព្រះយេស៊ូទៅបងប្អូន ដែលនេះគឺជាកិច្ចការដែលព្រះអង្គបានធ្វើ នៅពេលដែលទ្រង់មានព្រះវត្តមាននៅលើផែនដីនេះ។ យើងដឹងហើយថាព្រះយេស៊ូបានចុះសួរសុខទុក្ខអ្នកជំងឺ ជួយអ្នកក្រីក្រ ព្យាយាមអធិដ្ឋាន និងបង្កើតព្រះសហគមន៍ មានក្រុមសាវ័ករួមជាមួយព្រះយេស៊ូ។ល។
វត្តមានរបស់ព្រះយេស៊ូនៅលើផែនដីនេះ ដោយមានរបៀបរស់នៅដូចព្រះយេស៊ូផ្ទាល់ ដោយរួមជាមួយគ្នានៅក្នុងព្រះសហគមន៍ ហេតុដូច្នេះមានអ្វីមកបញ្ជាក់សេចក្តីនេះគឺថា សម្រាប់អ្នកដទៃគេមានសេរីភាពជឿ ឬមិនជឿលើព្រះយេស៊ូ។ ប៉ុន្តែ សន្តអូគូស្ទីនបាននិយាយថាមានពន្លឺគ្រប់គ្រាន់ល្មមហើយ សម្រាប់អស់អ្នកដែលចង់ជឿ និងអស់អ្នកដែលមិនព្រមជឿលើព្រះយេស៊ូ។
មានន័យថាអ្នកចង់ជឿមានពន្លឺហើយ គេបានឃើញពីរបៀបរស់នៅរបស់គ្រីស្តបរិស័ទ និងកិច្ចការល្អៗជាច្រើនដែលក្រុមនេះបានធ្វើ។ តែសម្រាប់អ្នកមិនជឿ ទោះបីគេបានឃើញកិច្ចល្អៗរបស់គ្រីស្តបរិស័ទបានធ្វើ គេនៅតែមិនជឿ វាគឺជាសេរីភាពរបស់គេផ្ទាល់ខ្លួន។ សរុបជារួម យើងចង់បង្ហាញពីវត្តមានរបស់ព្រះយេស៊ូទៅមនុស្សនៅជុំវិញខ្លួន តាមការរស់នៅប្រចាំថ្ងៃរបស់យើង៕
ដោយ ឆាក លាំង