ការប្រកាសដំណឹងល្អដែលមានភាពទៀងត្រង់
បកស្រាយដោយ៖ លោកបូជាចារ្យ ជួរ ដាម៉ូ ពីក្រុមសហជីវិនព្រះយេស៊ូ
បូ. ដាម៉ូ៖ បងប្អូនជាទីស្រលាញ់! ចំពោះអ្វីដែលលោកពុកចាប់អារម្មណ៍ជាងគេបំផុត គឺភាពស្មោះត្រង់ គឺជាអំណោយទានដែលព្រះជាម្ចាស់បានផ្តល់ឲ្យ។ ដូច្នេះក្នុងពាក្យសច្ចារបស់យើងជាបូជាចារ្យ ឬក៏ជាបព្វជិត នៅពេលដែលយើងប្រកាសថា ប្រកាន់ភ្ជាប់នូវភាពក្រីក្រ និងនៅលីវមួយជីវិត និងប្រកាន់ព្រហ្មចារីធម៌ ហើយស្តាប់បង្គាប់! ការពិតណាស់ពាក្យសច្ចាលើកចុងក្រោយរបស់អ្នកបួសខាងកាតូលិកយើង គឺដូចព្រះជាម្ចាស់បានត្រាស់ហៅយើង ដើម្បីឲ្យយើងសុខចិត្តដើរផ្លូវរបស់ព្រះយេស៊ូ។ យើងក៏សង្ឃឹមថាព្រះជាម្ចាស់នឹងប្រទានព្រះអំណោយទាន ដើម្បីឲ្យយើងមានកម្លាំងគ្រប់គ្រាន់បំពេញអ្វីដែលបានសន្យា ឬការសច្ចារបស់យើងនឹងគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់។
ហេតុនេះ យើងជឿថាអ្វីគ្រប់យ៉ាង គឺព្រះជាម្ចាស់ប្រទានឲ្យ។ បងប្អូន! នេះគឺអ្វីមួយដែលទាក់ទងជាមួយនឹងផ្លូវវិញ្ញាណដែលទាក់ទងទៅនឹងផ្នែកអប់រំ ផ្នែករាងកាយ ផ្នែកផ្លូវចិត្ត...អ្នកបួសខាងក្រុមជេស្វីត ទទួលការអប់រំច្រើនជុំវិញការថែទាំខ្លួនឯង ការថែទាំផ្លូវចិត្ត ជៀសផុតពីការល្បួងផ្សេងៗ។ មួយវិញទៀតយើងត្រូវស្គាល់ខ្លួនឯងឲ្យបានច្បាស់លាស់ ថាខ្លួនឯងជានរណា? មានគោលដៅអ្វី? ត្រូវចេះការពារខ្លួនឯងយ៉ាងដូចម្តេច?
សម្រាប់ខ្ញុំផ្ទាល់យល់ថា ការត្រាស់ហៅនេះគឺជាការត្រាស់ហៅខ្ញុំពិតប្រាកដមែន! ខ្ញុំចង់ថ្វាយខ្លួនទៅជាបូជាចារ្យ ខ្ញុំចង់បន្តជួយក្មេងៗ ជាពិសេសគឺការអប់រំ! ហេតុនេះខ្ញុំក៏សម្រេចចិត្តប្រកាសដំណឹងល្អក្នុងតួនាទីជាបូជាចារ្យ។ មួយវិញទៀត ខ្ញុំចង់រួមដំណើរដោយនាំព្រះកាយ ឬក៏អគ្គសញ្ញាផ្សេងៗទៀត ទៅបងប្អូនដែលអត់មានទីពឹងនិងអស់សង្ឃឹម។ ក៏ប៉ុន្តែយើងជាមនុស្សលោក យើងទន់ខ្សោយ ការប្រកាសដំណឹងល្អ ការថ្វាយអភិបូជា ពេលខ្លះខ្ញុំបានសួរខ្លួនឯងថា តើខ្ញុំសាកសមថ្វាយអភិបូជាឬអត់? ខ្ញុំសាកសមធ្វើជាបូជាចារ្យរបស់ព្រះជាម្ចាស់ឬអត់? រាល់ដងនៅពេលដែលខ្ញុំមានគំនិតបែបនេះ ក៏នឹកឃើញពីសន្ត ឬក៏បន្ទូលរបស់ព្រះយេស៊ូក្នុងព្រះគម្ពីរបានកត់ត្រាទុកថា យើងទាំងអស់គ្នាសុទ្ធតែជាអ្នកមានអំពើបាប! ជុំវិញរឿងនេះ សន្តប៉ូលក៏បាននិយាយរៀបរាប់នៅក្នុងព្រះគម្ពីរថា យើងសុទ្ធតែជាអ្នកមានអំពើបាប តែព្រះជាម្ចាស់បានត្រាស់ហៅយើង ហើយរឭកយើងឲ្យប្រើប្រាស់អំណោយទានដែលព្រះអង្គផ្តល់ឲ្យរៀងៗខ្លួនដើម្បីបម្រើព្រះអង្គ។ ហើយតាមរយៈអំណោយទានរបស់ទ្រង់ យើងអាចធ្វើនេះ ធ្វើនោះ ឬក៏បំពេញកិច្ចការជាច្រើនតាមតម្រូវការជាក់ស្តែង តាមកន្លែងធ្វើការ ក្នុងសង្គមខាងក្រៅ និងសង្គមគ្រួសារប្រកបដោយអំណរសប្បាយទៀងត្រង់ និងក្តីស្រលាញ់៕
អាមែន!
ដោយ ឆាក លាំង