EU រៀបចំព្រឹត្តិការណ៍ «តស់ជិះកង់ដើម្បីភពផែនដី» នៅថ្ងៃទី ៣ មីនា នៅភ្នំពេញ
សហភាពអ៊ឺរ៉ុបប្រចាំកម្ពុជានឹងធ្វើការរៀបចំព្រឹត្តិការណ៍ «តស់ជិះកង់ដើម្បីភពផែនដី» នៅថ្ងៃទី ៣ មីនា នៅរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកក្នុងការធ្វើសកម្មភាពអាកាសធាតុ និងក្លាយជាផ្នែកមួយនៃសហគមន៍ដែលចូលរួមកសាងអនាគតប្រកបដោយចីរភាព។
បើយោងទៅតាមគេហទំព័រហ្វេសប៊ុករបស់សហភាពអ៊ឺរ៉ុបប្រចាំកម្ពុជាបានឱ្យដឹងថា នៅថ្ងៃទី ៣ មីនា ឆ្នាំ២០២៤ នឹងមានព្រឹត្តិការណ៍ជិះកង់ដើម្បីភពផែនដីដែលមានការប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ពីម៉ោង ៦ ដល់ ម៉ោង ១២ ថ្ងៃត្រង់។
បន្ថែមពីនេះ ព្រឹត្តការណ៍នេះថែមទាំងមានគោលបំណងក្នុងការលើកទឹកចិត្តឱ្យប្រជាជនមានការបង្កើនការប្រើប្រាស់មធ្យោបាយធ្វើដំណើរដែលមិនសូវមានការប៉ះពាល់ទៅលើអាកាសធាតុផងដែរ។
ក្នុងនោះផងដែរ អ្នករៀបចំកម្មវិធីក៏បានធ្វើការរៀបចំរបៀបវារៈផងដែរដែលម៉ោង ៦ ព្រឹក មានការជួបជុំគ្នាចំនួន ៥០០ នាក់ និងប្រមូលសម្ភារៈជិះកង់ បន្ទាប់មកមានការថ្លែងសុន្ទរកថាបើកដោយ ឯកអគ្គរដ្ឋទូត EU និងឯកឧត្តមរដ្ឋមន្រ្តីផងដែរ។ ក្រោយមកនឹងមានការបង្ហាញសង្ខេបអំពីការណែនាំសុវត្ថិភាព។
ការជិះកង់នឹងចាប់ផ្តើមនៅម៉ោង ៦:៥៥ នាទី ដោយធ្វើដំណើរទៅកាន់ទីតាំង ពហុកីឡាដ្ឋានជាតិអូឡាំពិក និងមានការប្រគុំតន្ត្រីខ្នាតតូច អាហារ និងភេសជ្ជៈ ក្រោយមកបិទកម្មវិធីតែម្តងនៅម៉ោង ១២។
ព្រឹត្តិការណ៍ «តស់ជិះកង់ដើម្បីភពផែនដី» ត្រូវបានរៀបចំឡើងដោយមានការសហការរវាងសហភាពអ៊ឺរ៉ុបប្រចាំប្រទេសកម្ពុជា ជាមួយនឹងក្រសួងអប់រំ និង សាលទីក្រុងភ្នំពេញ ( Phnom Penh City Hall) ដែលធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកជាសកម្មភាពអាកាសធាតុ ដើម្បីឱ្យមហាជនមានការយល់ដឹងពីសារសំខាន់នៃការចូលរួមចំណែកក្នុងការកែប្រែនិងដោះស្រាយបញ្ហាអាកាសធាតុ៕