អាជ្ញាធរជាតិអប្សរាសហការជាមួយអង្គការមរតកវប្បធម៌ខ្មែរ បើកកម្មវិធីអប់រំបេតិកភណ្ឌនៅសាលាបឋមសិក្សាវត្តលលៃ
នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរាសហការជាមួយអង្គការមរតកវប្បធម៌ខ្មែរ (Khmer Heritage Organization) បានបើកកម្មវិធីអប់រំបេតិកភណ្ឌដល់កុមារសម្រាប់ឆ្នាំសិក្សាថ្មី ២០២៤ នៅសាលាបឋមសិក្សាវត្តលលៃ ស្ថិតនៅឃុំបាគង ស្រុកប្រាសាទបាគងខេត្តសៀមរាប។
នាឱកាសនោះ លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ បានលើកឡើងពីគោលបំណងនៃកម្មវិធីអប់រំបេតិកភណ្ឌ ដើម្បីឱ្យកូនចៅអ្នករស់នៅតំបន់រមណីយដ្ឋានអង្គរយល់ពីតួនាទីរបស់ខ្លួន ក្នុងនាមអ្នកស្នងតំណក្នុងការថែរក្សា និងអភិរក្សតម្លៃអង្គរជារហូតទៅកុំឱ្យបាត់បង់។ លោកបន្តថា ប្រជាពលរដ្ឋរស់នៅតំបន់រមណីយដ្ឋានអង្គរ គួរមានមោទនភាពលើខ្លួនឯង ដែលបានកើតលើទឹកដីប្រាសាទបុរាណ ដែលអន្ដរជាតិឱ្យតម្លៃ និងត្រូវបានលើកតម្កើងខ្ពស់ តួយ៉ាង រូបប្រាសាទអង្គរវត្តត្រូវបានដាក់នៅលើទង់ជាតិខ្មែរនាគ្រប់ជំនាន់។ ដូច្នេះ បច្ចប្បន្ននេះ យើងជាម្ចាស់ស្រុក ម្ចាស់តំបន់ដ៍ពិសិដ្ឋនេះ ត្រូវមានឆន្ទះប្រឹងប្រែងរៀនសូត្រ និងស្វែងយល់នូវវប្បធម៌ អារ្យធម៌របស់ខ្លួនឲ្យបានច្បាស់ ដើម្បីចូលរួមចំណែកថែរក្សាមរតកវប្បធម៌ឲ្យបានគង់វង្ស។
ចំពោះសិស្សានុសិស្សនៅសាលាបឋមសិក្សាវត្តលលៃដែលនឹងចូលរួមក្នុងកម្មវិធីអប់រំបេតិកភណ្ឌនៅពេលនេះ មានសិស្សថ្នាក់ទី៤ និងទី៥ សរុប៦៩នាក់។
សូមបញ្ជាក់ថា កម្មវិធីអប់រំបេតិកភណ្ឌបាននឹងកំពុងដំណើរការនៅ២ទីតាំង ទី១សាលាបឋមសិក្សាវត្តលលៃនិងទី២ សាលាបឋមសិក្សាក្របីរៀល។ ជាទូទៅ កម្មវិធីអប់រំបេតិកភណ្ឌមានរយៈពេល៩ខែក្នុង១ឆ្នាំ៕