អធិរាជ សេចុង ឌឹ ហ្គ្រ៉េត បង្កើតតួអក្សកូរ៉េដ៏ល្អឥតខ្ចោះ

អធិរាជកូរ៉េសេចុង ឌឹ ហ្គ្រ៉េត កើតនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៣៩៧។ ព្រះអង្គសោយទីវង្គត់នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៤៥០។ ព្រះអង្គគឺជាស្តេចទី៤ នៃរាជវង្សកូរ៉េ ចូស៊ុន។ សមិទ្ធផលសំខាន់បំផុតរបស់ព្រះអង្គ ដែលធ្វើឲ្យព្រះអង្គក្លាយជាក្សត្រដ៏សំខាន់ និងល្បី ជាពិសេស គឺការបង្កើតអក្ខរក្រមកូរ៉េ ឬ ហានហ្សឺល (한글) ។
បើយោងតាមលោកល្វីស ហ្ស៉ង កាលវ៉េ ភាសាវិទូ ជនជាតិបារាំង បានឲ្យដឹងថា ហានហ្សឺល ផ្តោចមូលដ្ឋានលើការវិភាគដ៏ច្បាស់លាស់នៃសម្លេងនៃភាសា និងភាពជាក់ច្បាស់នៃសំណេរ។ ការសម្របខ្លួនដ៏ល្អឥតខ្ចោះរបស់វាទៅនឹងភាសាកូរ៉េ ធ្វើឲ្យហានហ្ស៉ឺល ជារឿយៗ ត្រូវបានបង្ហាញជាអក្ខរក្រមដែលល្អបំផុតនៅលើពិភពលោក។
សេចុង ឌឹ ហ្គ្រ៉េត កើតនៅក្នុងសង្កាត់ ជុនស៊ូបាង សព្វថ្ងៃគឺជារដ្ឋធានីសេអ៊ូល នៅក្រោមរាជ្យនៃជីតារបស់ព្រះអង្គ គឺព្រះរាជា តេចូ ដែលជាស្ថាបនិកនៃរាជ្យវង្សកូរ៉េ ចូស៊ុន។
ចាប់តាំងពីវ័យកុមារ ព្រះរាជាសេចុង បង្ហាញនូវជំនក់ចិត្តក្នុងការរៀនសូត្រយ៉ាងខ្លាំងក្លា។
នៅពេលព្រះរាជាសេចុង ឌឹ ហ្គ្រ៉េត ឡើងសោយរាជ្យ ជាដំណាកកាលបឋមព្រះអង្គស្ថិតនៅក្រោមឥទ្ធិពលរបស់តេចុង ស្តេចទី៣ នៃរាជ្យវង្សចូស៊ុន ដែលនៅបន្តត្រួតពិនិត្យកិច្ចការយោធា និងនយោបាយ។ តេចុងបានបំផ្លាញបក្សប្រជែងនានា មានជាអាទិ៍គ្រួសារនៃម្ចាស់ក្សត្រីសូហ៊ុន និងដើម្បីពង្រឹងអំណាចឲ្យព្រះមហាក្សត្រថ្មី។
ព្រះរាជាសេចុង បានរក្សានយោបាយធ្វើជាសាមន្តរដ្ឋនៃប្រទេសចិនរាជ្សវង្សមីង ដោយបញ្ជូន សួយសារអាករប្រចាំឆ្នាំទៅឲ្យចិន។ ប៉ុន្តែព្រះអង្គព្យាយាមសម្រាលបន្ទុកនៃសួយសារអាករដែលដាក់លើកូរ៉េ ជាពិសេស អ្វីដែលទាក់ទងនឹងក្មេងស្រីសម្រាប់ធ្វើស្នំស្តេចចិន និងត្បូងមានតម្លៃ ឬមាស ប្រាក់ជាដើម។ សួយសារអាករទាំងនេះគឺជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់ថវិកានៃរាជាណាចក្រកូរ៉េ។
ព្រះរាជាសេចុង ប្រកាន់យកនយោបាយចម្រុះចំពោះប្រទេសជប៉ុន។ ដំបូង ព្រះអង្គផ្តល់អាទិភាពនូវវិធានការផ្សះផ្សារ ដូចជា ការបើកកំពង់ផែពាណិជ្ជកម្ម ប៉ុន្តែព្រះអង្គក៏ប្រើប្រាស់កម្លាំងទ័ពផងដែរ។ នយោបាយ ៤ភូមិភាគ និងបន្ទាយការពារចំនួន ៦ បានដាក់ចេញនៅក្រោមរាជ្យរបស់ព្រះរាជាសេចុង នៅក្នុងក្របខណ្ឌយុទ្ធសាស្រ្តដែលសំដៅធ្វើឲ្យមានសុវត្ថិភាព និងអភិវឌ្ឍដែនដីព្រំដែននៅភាគខាងជើង ជាសំខាន់ គឺនៅតាមបណ្តោយទន្លេ យ៉ាលូ និងទូម៉េន។ ព្រះរាជាសេចុងបញ្ជាក់អំពីភាពត្រឹមត្រូវនៃនយោបាយនេះដោយគោលការណ៍ដែលថ្លែងនៅក្នុងសៀវភៅកំណត់ហេតុប្រវត្តិសាស្រ្តថា ៖ ”ដែនដីដែលបុព្វបុរសបានការពារ ទោះបីជាពួកវាតំណាងឲ្យដីប៉ុនមេដៃ ឬមួយចង្កឹះ ក៏យើងមិនត្រូវបោះបង់ចោលដែរ”។
នៅឆ្នាំ១៤២០ ព្រះរាជាសេចុង បានស្ថាបនា វិទ្យាស្ថានដែលសំដៅការសិក្សាស្រាវជ្រាវនយោបាយ និងវប្បធម៌ សម្រាប់ប្រទេសកូរ៉េ។
នៅក្រោមរាជ្យរបស់ព្រះរាជាសេចុង កិច្ចខិតខំប្រឹងប្រែងជាច្រើនត្រូវបានចាប់ផ្តើមដើម្បីធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌសេដ្ឋកិច្ច និងសង្គម។ នៅក្នុងចំណោមកិច្ចខិតខំប្រឹងប្រែងទាំងនេះ ព្រះរាជាបានពិនិត្យការផ្សព្វផ្សាយស្នាដៃដែលទាក់ទងនឹងកសិកម្ម និងការចិញ្ចឹមដង្កូវនាង និងត្បាញសូត្រ ដាក់ឲ្យដំណើរការនូវការគ្រប់គ្រងដ៏តឹងតែងលើច្បាប់ប្រព័ន្ធកម្ចីសម្រាប់កសិកម្ម ពិនិត្យមើលការបង្កើតរូបិយវត្ថុចូស៊ុន និងបង្កើតអង្គភាពដែលមានគោលដៅស្ថាបនាប្រព័ន្ធគ្រប់គ្រងដីធ្លីច្បាស់លាស់។ កំណែទម្រង់ទាំងនេះអាចអនុញ្ញាតធ្វើឲ្យមានស្ថិរភាពដល់សេដ្ឋកិច្ច និងធ្វើឲ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាកសិករផងដែរ។
Daily Program
