អង្គការសិទ្ធិកុមារផ្តល់វគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានកម្ពុជា ស្តីពីការរក្សាសុវត្ថិភាព និងរាយការណ៍អំពីកុមារ

ក្នុងកិច្ចខិតខំប្រឹងប្រែងរួមដើម្បីលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន ប្រកបដោយសីលធម៌ និងដោះស្រាយនូវកង្វល់អំពីការរាយការណ៍ ដែលអាចបង្កគ្រោះថ្នាក់ដល់កុមារ អង្គការឃែរកម្ពុជា អង្គការភ្លែនអន្តរជាតិកម្ពុជា អង្គការ Save the Children ប្រចាំកម្ពុជា យូនីសេហ្វប្រចាំកម្ពុជា និងអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា នឹងរៀបចំវគ្គបណ្តុះបណ្តាល សម្រាប់អ្នកសារព័ត៌មាន និងនិពន្ធនាយក អំពីគោលការណ៍ការរក្សាសុវត្ថិភាព និងការរាយការណ៍អំពីកុមារ។ គោលបំណង នៃវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីការការពារកុមារ និងសហគមន៍ដែលងាយរងគ្រោះ កាន់តែប្រសើរឡើង។

ខណៈពេលដែលយើងមានគោលការណ៍ណែនាំ សម្រាប់ការរាយការណ៍ប្រកបដោយក្រមសីលធម៌ និងការរាយការណ៍ លើប្រធានបទរសើបរបស់កុមារ អ្នកសារព័ត៌មានជាច្រើន ប្រហែលជាមិនទាន់ ស្គាល់ច្បាស់ អំពីគោលការណ៍ការរក្សា សុវត្ថិភាព ជាពិសេសនៅពេលនិយាយអំពីប្រធានបទស្មុគស្មាញ និងរសើប ដែលពាក់ព័ន្ធនឹងកុមារ ក្មេងជំទង់ និងសហគមន៍ ដែលងាយរងគ្រោះ។ ការពង្រឹងសមត្ថភាព និងការយល់ដឹង របស់អ្នកសារព័ត៌មាន អំពីការអនុវត្តទាំងនេះគឺចាំបាច់ណាស់ ដើម្បីធានាថា ការផ្សាយព័ត៌មានរបស់ ប្រព័ន្ធផ្សព្វផ្សាយអាចរក្សារាល់សេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់កុមារ និងមនុស្សពេញវ័យ។ កត្តាទាំងនេះ មានសារៈសំខាន់ជាពិសេសនៅក្នុងរឿងទាក់ទងនឹងអំពើហិង្សា ការកេងប្រវ័ញ្ច ជម្លោះផ្នែកច្បាប់ ឬការរើសអើង សង្គម។ តាមរយៈការផ្តល់អាទិភាពលើឧត្តមប្រយោជន៍ របស់កុមារ ក្នុងការរាយការណ៍របស់អ្នកសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយអាចការពារការបង្កគ្រោះថ្នាក់ ដោយអចេតនា និងបណ្តុះនូវទំនុកចិត្ត ការយល់ចិត្ត និងការយល់ដឹង កាន់តែច្រើននៅក្នុងសង្គម។

លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទីអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ «ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់ក្នុងការង្កើនការយល់ដឹង និងការយល់ឃើញរបស់សាធារណៈជន។ ហើយ នេះជាការទទួលខុសត្រូវដ៏ធំ។ នៅពេលរាយការណ៍អំពីកុមារ យុវជន និងបុគ្គលដែលងាយរងគ្រោះ យើងត្រូវធានាថាសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់ពួកគេមិនត្រូវបានប៉ះពាល់ឬបំពានឡើយ។ ឧត្តមប្រយោជន៍របស់ពួកគេ មិនគួរត្រឹមតែជាការពិចារណាប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែជាគោលការណ៍ណែនាំ ក្នុងគ្រប់រឿងរ៉ាវទាំងអស់ ដើម្បីផ្លាស់ប្តូរការយល់ឃើញ និងជំរុញឱ្យមានការផ្លាស់ប្តូរ»។

វគ្គបណ្តុះបណ្តាលនេះពង្រឹងការរាយការណ៍ប្រកបដោយក្រមសីលធម៌ និងជំរុញការយល់ដឹងកាន់តែ ស៊ីជម្រៅ អំពីបញ្ហារបស់កុមារ ដោយផ្តោតជាពិសេសលើផលប៉ះពាល់ដល់កុមារី និងស្ត្រីវ័យក្មេង។ អ្នកសារព័ត៌មាន នឹងត្រូវបានបំពាក់ដោយឧបករណ៍ និងចំណេះដឹងដើម្បីរាយការណ៍ ក្នុងលក្ខណៈដែល គោរពសិទ្ធិ សេចក្តីថ្លៃថ្នូរ និងភាពឯកជនរបស់បុគ្គលគ្រប់រូប ជាពិសេសអ្នកដែលមានហានិភ័យបំផុត។

គំនិតផ្តួចផ្តើមនេះបង្ហាញពីជំហានឆ្ពោះទៅរក ការបង្កើតបរិយាកាសប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជា ដែលសិទ្ធិកុមារត្រូវបានការពារ និងលើកកម្ពស់ជាជាងការគំរាមកំហែង។ យើងជំរុញឱ្យអ្នកជំនាញ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមជាមួយយើង ក្នុងការបង្កើតសារព័ត៌មានដែលមានទំនួលខុសត្រូវ មានបរិយាបន្ន និងមានការគិតគូរពីកុមារ៕

Daily Program

Livesteam thumbnail