ហ្ស៊ីយូសសេពប៉េ ហ្គារីបាល់ឌី វីរជនចូលរួមបង្រួបបង្រួមប្រទេសអ៊ីតាលី
ហ្ស៊ីយូសសេពប៉េ ហ្គារីបាល់ឌី (Giuseppe Garibaldi) កើតនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៨០៧ នៅ ទីក្រុងនីស ដែលជាចក្រភពបារាំងទី១ នៅសម័យនោះ។
ហ្ស៊ីយូសសេពប៉េ ហ្គារីបាល់ឌី គឺជាវីរបុរសនៃចលនា រីស័រហ្ស៊ីម៉ង់តូ ដែលជាចលនាប្រវត្តិសាស្ត្រនៅសតវត្សទី១៩ ដែលនាំឲ្យប្រទេសអ៊ីតាលីត្រូវបានរួមបញ្ចូលជារដ្ឋឯកភាព ជារាជាណាចក្រអ៊ីតាលីនៅឆ្នាំ១៨៦១។ វាជាចលនាដែលរួមបញ្ចូលទាំងអត្តសញ្ញាណវប្បធម៌ សង្គម និងនយោបាយអ៊ីតាលី។
ហ្ស៊ីយូសសេពប៉េ ហ្គារីបាល់ឌី ជាអ្នកបង្កើតកងកម្លាំង រ៉េដស្ហឺត ដែលជាទ័ពស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងការប្រយុទ្ធដើម្បីឯកភាពអ៊ីតាលី។ ហ្ស៊ីយូសសេពប៉េ ហ្គារីបាល់ឌី នៅឆ្នាំ១៨៦០ បានដឹកនាំកងទ័ពប្រហែល ១០០០នាក់ ទៅកាន់កោះ ស៊ីស៊ីលី ដើម្បីដណ្តើមយករាជាណាចក្រ ណាប្ល៍ មករួមបញ្ចូលជាអ៊ីតាលី។ លោកបានចូលរួមក្នុងសង្រ្គាមឯករាជ្យអ៊ីតាលីពីបារាំង ជាមួយនិងបទពិសោធន៍ពីការប្រយុទ្ធរបស់លោកជាច្រើននៅតំបន់អាម៉េរិកខាងត្បូង ដូចជានៅប្រេស៊ីល និងអ៊ុយរូហ្គាយ ដែលបានបង្រៀនលោកអំពីយុទ្ធសាស្រ្តក្នុងការប្រយុទ្ធជាក្រុមតូចៗ។
ហ្ស៊ីយូសសេពប៉េ ហ្គារីបាល់ឌី គឺជាឧត្តមសេនីយ៍ អ្នកនយោបាយ និងជាអ្នកជាតិនិយមអ៊ីតាលី។ លោកត្រូវបានចាត់ទុកជាបិតានៃប្រទេសអ៊ីតាលីសម័យទំនើបជាមួយនិងអ្នកជាតិនិយមផ្សេងៗ ទៀត ដូចជា កាមីឡូ កាវួ ស្តេច វីកទ័រ អេម៉ានូអែលទី២ និងលោកហ្ស៊ីយូសសេពប៉េ ម៉ាហ្ស៊ីនី។
ហ្ស៊ីយូសសេពប៉េ ហ្គារីបាល់ឌី គឺជាបុគ្គលគ្រឹះនៃចលនា រីស័រហ្ស៊ីម៉ង់តូ ដែលខ្លួនលោកបានផ្ទាល់បានចូលរួមក្នុងការប្រយុទ្ធផ្ទាល់ និងដឹកនាំយុទ្ធនាការយោធាជាច្រើនដែលអនុញ្ញាតឲ្យមានការបង្កើតរដ្ឋអ៊ីតាលីមួយដែលឯកភាពដែលកាលនោះនៅជារាជាណាចក្រតូចៗ ជាច្រើន។ លោកបានព្យាយាមជាញឹកញាប់ក្នុងការអនុវត្តក្រោមអំណាចស្របច្បាប់ ដូច្នេះវាមិនអាចនិយាយថា លោកជាជនបដិវត្តន៍ទាំងស្រុងដែរ។ លោកត្រូវបានតែងតាំងជាឧត្តមសេនីយ៍ដោយរដ្ឋាភិបាលបណ្តោះអាសន្ននៃទីក្រុងមីឡង់ នៅឆ្នាំ១៨៤៨ ជាឧត្តមសេនីយ៍នៃសាធារណរដ្ឋរ៉ូមឆ្នាំ១៨៤៩ ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយលោកហ្ស៊ីយូសសេពប៉េ ហ្គារីបាល់ឌី ក៏បានចូលរួមក្នុងយុទ្ធនាការយោធាកងពាន់នាក់ ដោយក្នុងនាម និងក្រោមការយល់ព្រមពីស្តេចវីកទ័រ អេម៉ានូអេល ទី២ ដែលជាស្តេចដំបូងនៃរាជាណាចក្រអ៊ីតាលី។
ហ្ស៊ីយូសសេពប៉េ ហ្គារីបាល់ឌី មានរហស្សនាមថា វីរបុរសនៃពិភពលោកពីរ ដោយសារហេតុផលនៃបទពិសោធន៍ជ័យជម្នះយោធា ដែលលោកសម្រេចបាននៅទ្វីបអាម៉េរិកខាងត្បូង និងនៅអឺរ៉ុប ដែលធ្វើឲ្យលោកទទួលបានកិត្តិសព្ទដ៏ល្បីរន្ទឺនៅអ៊ីតាលី ក៏ដូចជានៅបរទេស។
ជាអ្នកមានគំនិតសាធារណរដ្ឋ ប្រកបដោយភាពជឿជាក់ លោកបានព្យួរគំនិតរបស់ខ្លួន ដោយទទួលស្គាល់អំណាចរាជានិយមរបស់ ស្តេច វីកទ័រ អេម៉ានូអែល ទី២ ដែលតួអង្គជាបង្រួបបង្រួមឯកភាពអ៊ីតាលី។ យុទ្ធនាការយោធាកងពាន់ គឺជាផ្នែកកំពូលនៃសកម្មភាពរបស់ហ្ស៊ីយូសសេពប៉េ ហ្គារីបាល់ឌី។ លោកបានដណ្តើមភាគខាងត្បូងនៃឧបទ្វីបអ៊ីតាលី ហើយបានប្រគល់វាទៅឲ្យស្តេចវីកទ័រ អេម៉ានូអែលទី២ ដើម្បីធ្វើឲ្យព្រះអង្គក្លាយជាស្តេចនៃអ៊ីតាលី។
នៅសម័យនោះ ហ្ស៊ីយូសសេពប៉េ ហ្គារីបាល់ឌី គឺជាវីរជន ដែលក្លាយជាតំណាងនៃរឿងព្រេង ប៉ុន្តែលោកក៏មានអ្នកប្រឆាំងជាច្រើនផងដែរ ជាពិសេសនៅក្នុងចំណោមក្រុមអ្នកអភិរក្ស និងអ្នកសាសនាចក្រ ដែលប្រឆាំងនឹងគំនិតសាធារណរដ្ឋ និងសង្គមនិយម។
លោកហ្ស៊ីយូសសេពប៉េ ហ្គារីបាល់ឌី ទទួលមរណភាពនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ១៨៨២ នៅអាយុ ៧៤ឆ្នាំ នៅលើកោះកាប្រឺរា រាជាណាចក្រអ៊ីតាលី។
