ហង់រី ឌូណង់ ពីពាណិជ្ជករដល់មហាបុរសមនុស្សធម៌ ៖ ដំណើរជីវិតដ៏កម្សត់ និងគំនិតបដិវត្តន៍ដែលបានសង្គ្រោះមនុស្សជាតិរាប់លាននាក់
លោកហង់រី ឌូណង់ (Henry Dunant) មិនត្រឹមតែជាជនជាតិស្វីស និងបានចូលសញ្ជាតិបារាំងធម្មតាម្នាក់នោះទេ ប៉ុន្តែលោកគឺជាស្ថាបនិកនៃចលនាកាកបាទក្រហមអន្តរជាតិ ដែលបានកែប្រែទិដ្ឋភាពនៃសង្គ្រាម និងការសង្គ្រោះបន្ទាន់ជនរងគ្រោះនៅទូទាំងពិភពលោក។
លោកហង់រី ឌូណង់ កើតនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ១៨២៨ នៅទីក្រុងហ្ស៉ឺណេវ ប្រទេសស្វីស ក្នុងគ្រួសារមានជីវភាពធូរធារ ដោយឪពុកជាអ្នកជំនួញ និងម្តាយជាកូនស្រីនាយកមន្ទីរពេទ្យ។ នៅខែមេសា ឆ្នាំ១៨៥៩ នៅពេលស្តេចបារាំងណាប៉ូឡេអុងទី៣ កំពុងឈរជើងធ្វើសង្គ្រាមនៅតំបន់ឡូមបាឌី ប្រទេសអ៊ីតាលី រួមជាមួយកងទ័ពព្យេម៉ុង ដើម្បីប្រយុទ្ធប្រឆាំងនឹងកងទ័ពអូទ្រីស។ លោកឌូណង់ បានធ្វើដំណើរទៅកាន់ទីបញ្ជាការរបស់ព្រះអង្គនៅទីក្រុងសូលហ្វ៉េរ៉ាណូ ដើម្បីប្រគល់អត្ថបទសរសើរ និងដាក់សំណើជំនួញរបស់ខ្លួន។ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៨៥៩ លោកឌូណង់ បានមកដល់សមរភូមិប្រយុទ្ធដែលទើបនឹងស្ងប់ស្ងាត់ថ្មីៗរវាងសម្ព័ន្ធបារាំង-ព្យេម៉ុង និងអូទ្រីស។ អ្វីដែលលោកបានឃើញគឺភាពរន្ធត់សន្ធោសន្ធៅ ៖ អ្នករងរបួស និងអ្នកស្លាប់ប្រមាណ ៣៨០០០នាក់ ត្រូវបោះបង់ចោលចោលដោយគ្មាននរណាម្នាក់អើពើ ឬទទួលជំនួយមកសង្គ្រោះឡើយ។ ដោយមិនស្ទាក់ស្ទើរ លោក ឌូណង់ បានសម្រេចចិត្តបោះបង់កិច្ចការផ្ទាល់ខ្លួន ចុះជួយរៀបចំការថែទាំទាហានរងរបួស និងអ្នកជិតស្លាប់ដោយស្ម័គ្រចិត្ត រួមជាមួយប្រជាជនស៊ីវិលក្នុងមូលដ្ឋានដែលភាគច្រើនជាស្ត្រី។ លោកបានប្រែក្លាយព្រះវិហារធំជាងគេគឺ ព្រះវិហារជីសា ម៉ាហ្ស៊ីយ័រ (Chiesa Maggiore) នៅទីក្រុងកាស្ទីលលីយ៉ូន ដេល ស្ទីវីយ៊ែរ ឱ្យទៅជាមន្ទីរពេទ្យបណ្តោះអាសន្ន ដើម្បួជួយព្យាបាលអ្នករបួសបានប្រហែល ៥០០នាក់ ក្នុងចំណោមអ្នករបួសចន្លោះពី ៨០០០នាក់ ទៅ ១០០០០នាក់។
បន្ទាប់ពីព្រឹត្តិការណ៍នេះ លោកបាននិពន្ធសៀវភៅមួយដែលមានចំណងជើងថា «ការចងចាំអំពីសូលហ្វ៉េរ៉ាណូ» និងបោះពុម្ពផ្សាយនៅឆ្នាំ១៨៦២។ នៅក្នុងសៀវភៅនោះ លោកបានដាក់ចេញនូវគំនិតដ៏មានឥទ្ធិពល និងមនុស្សធម៌បំផុតថា ៖ ទាហានម្នាក់ដែលរងរបួស និងស្ថិតនៅក្រៅសមរភូមិ គឺលែងជាសត្រូវទៀតហើយ គេត្រូវតែចាត់ទុកគាត់ថាជាមនុស្សដែលត្រូវការជំនួយ។ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា ត្រូវតែមានសិទ្ធិព្យាបាលអ្នករងគ្រោះដោយសេរី ដោយមិនត្រូវខ្លាចក្រែងការចាប់ខ្លួន ឬត្រូវបង្ខំឱ្យបោះបង់ចោលអ្នករងរបួស។ នៅក្នុងប្រទេសទាំងអស់ អង្គការមនុស្សធម៌ ដែលត្រូវបង្កើតឡើងដោយឈលើគោលការណ៍អព្យាក្រឹត និងស្ម័គ្រចិត្ត ត្រូវតែត្រូវបានអនុញ្ញាតឲ្យព្យាបាលអ្នករងរបួសនៅក្នុងសង្គ្រាម។
គំនិតនៃការបង្កើតចលនាកាកបាទក្រហមអន្តរជាតិ ត្រូវបានចាប់អារម្មណ៍យ៉ាងខ្លាំងដោយលោក ហ្គូស្តាវ ម័យនីញ៉េ ដែលជាអ្នកច្បាប់ និងជាប្រធានសមាគមប្រយោជន៍សាធារណៈនៅទីក្រុងហ្ស៉ឺណេវ។ គណៈកម្មាធិការមនុស្ស ៥នាក់ ដែលរួមមានលោកហង់រី ឌូណង់ ត្រូវបានបង្កើតឡើង ដែលជាគ្រឹះនៃ «គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)»។ ក្នុងខែសីហាឆ្នាំ១៨៦៤ តំណាងប្រទេសចំនួន ១២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហ្ស៉ឺណេវដំបូង ដែលផ្តល់ភាពអចិន្ត្រៃយ៍ដល់អង្គការកាកបាទក្រហមអន្តរជាតិ។
ទោះបីយ៉ាងណា ដោយសារការបរាជ័យក្នុងមុខជំនួញ លោក ឌូណង់ ត្រូវធ្លាក់ខ្លួនក្រីក្រវេទនា និងត្រូវគេបំភ្លេចចោលអស់រយៈពេលជាច្រើនឆ្នាំរហូតដល់មានជំងឺធ្លាក់ទឹកចិត្ត។ លោកត្រូវបានគេរកឃើញរស់នៅស្ងៀមស្ងាត់នៅឯមន្ទីរពេទ្យហេដេន ក្នុងប្រទេសស្វីស។
ប៉ុន្តែជាមួយនិងគុណបំណាច់ដ៏មហាសាលរបស់លោកសម្រាប់មនុស្សជាតិ នៅឆ្នាំ១៩០១ លោកហង់រី ឌូណង់ ក៏ទទួលពានរង្វាន់ណូបែលសន្តិភាព (Nobel Peace Prize) លើកទី១។ លោកហង់រី ឌូណង់ បានទទួលអនិច្ចកម្មនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩១០ ដោយបន្សល់ទុកនូវមរតកមនុស្សធម៌ និងគំនិតដ៏ធំធេងដែលជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់ ឬរាប់មិនអស់រហូតមកដល់សព្វថ្ងៃ។
