ស៊ឺម៉ា យៀន អធិរាជបន្ទាប់ពីសម័យសាមកុក
ស៊ឺម៉ា យៀន គឺជាអធិរាជប្រទេសចិន ក៏ត្រូវបានស្គាល់នៅក្រោមឈ្មោះរជ្ជកាល ព្រះអង្គវូទី។ ស៊ឺម៉ា យៀន គឺជាកូនប្រុសរបស់ស៊ឺម៉ា ចាវ បងប្អូនជីដូនមួយរបស់ស៊ឺម៉ា ស្ហ៊ឺ និងជាចៅរបស់ស៊ឺម៉ា អ៊ី។ ព្រះអង្គស្នងមរតកបន្តពីបិតានៅក្នុងតំណែងព្រះអង្គម្ចាស់ ជីន ព្រមទាំងដំណែងជាអ្នកកាន់កិច្ចការរាជការ។ នៅឆ្នាំ២៦៥ ព្រះអង្គបានឲ្យអធិរាជ ឆាវហ័ន នៃត្រកូលឆាវ ដាក់រាជ និងស្ថាបនារាជវង្សជីន។ ដូច្នេះព្រះអង្គជាអ្នកបញ្ចប់ជាផ្លូវការនៅសម័យកាលនគរបី ឬសម័យសាមកុកនៅប្រទេសចិន។
នៅឆ្នាំ២៨០ ស៊ឺម៉ា យៀន បានតែងតាំងមេទ័ពឌូ យូ ជាមេបញ្ជាការ និងប្រគល់ភារកិច្ចឲ្យគាត់ឈ្លានពាននគរអ៊ូ។ មេទ័ពបានធ្វើការវាយប្រហារពីរដងខាងជើងគោក និងជើងទឹក ទៅលើរាជធានីជៀន យេ ដោយប្រើប្រាស់ទាហានប្រមាណ ១០០០០០នាក់។ រាជវង្សជីន បានធ្វើឲ្យសត្រូវចុះចាញ់យ៉ាងរហ័ស។
អធិរាជនគរអ៊ូ ស៊ុន ហាវ បានបំពេញពិធីចុះចាញ់នៅពីមុខអធិរាជជីន។ ហេតុដូច្នេះ ស៊ឺម៉ា យៀន បានក្លាយជាស្តេចនៃប្រទេសចិនទាំងមូល និងបង្រួបបង្រួមប្រទេស។
ក្នុងនាមជាអធិរាជ ស៊ឺម៉ា យៀន ជាទូទៅត្រូវបានចាត់ទុកជាស្តេចដែលមានសប្បុរសធម៌ និងល្អ ក៏ប៉ុន្តែក៏ជាស្តេចដែលចំណាយខ្ជះខ្ជាយដែរ។ ភាពចិត្តល្អ និងសុភាពរបស់ព្រះអង្គ ក៏នាំដល់ការរលត់នៃអំណាចរបស់ព្រះអង្គ ពីព្រោះព្រះអង្គមានការអនុគ្រោះពេកចំពោះអំពើពុករលួយរបស់គ្រួសារអភិជន និងការចំណាយយ៉ាងខ្ជះខ្ជាយនូវធនធាន ដែលនេះធ្វើឲ្យមានការដកហូតយកទ្រព្យសម្បត្តិរបស់ប្រជាជន។ លើសពីនេះ នៅខណៈដែលស៊ឺម៉ា យៀន ស្ថាបនារាជវង្សជីន ព្រះអង្គមានការព្រួយបារម្ភនឹងស្ថិរភាពរបស់ព្រះអង្គ និងជឿថា របបត្រកូលឆាវនៃនគរវៃ ដែលនៅមុននោះ ត្រូវបានរងទណ្ឌកម្មបរាជ័យដោយសារផ្តល់អំណាចដល់ព្រះអង្គម្ចាស់នៃកុលសម្ព័ន្ធចក្រភព ដូច្នេះព្រះអង្គបានផ្តល់អំណាចយ៉ាងធំធេងដល់សាច់ញាតិព្រះអង្គ មាន ពូ បងប្អូនជីដូងមួយ និងកូនរបស់ព្រះអង្គ ទាំងនៅក្នុងជួរយោធាដ៏មានអំណាច។ សកម្មភាពដ៏គួរឲ្យចង់សើចទាំងនេះ បាននាំឲ្យមានការបាត់បង់ស្ថិរភាពនៃរាជវង្សជីន នៅខណៈដែលព្រះអង្គម្ចាស់នានាបានតាំងចិត្តនៅក្នុងការប្រយុទ្ធសម្លាប់បងប្អូនឯងនៅក្រោមឈ្មោះសង្រ្គាមព្រះអង្គម្ចាស់ទាំង ៨។ នេះគឺជាព្រឹត្តិការណ៍ដែលកើតមានឡើងនៅពេលព្រះអង្គស៊ឺម៉ា យៀន ចូលទីវង្គតបានបន្តិច។ បន្ទាប់មកក៏មានការបះបោរ អ៊ូ ហ៊ូ របស់ជនជាតិក្រៅពីជនជាតិហានពីភាគខាងជើង ដែលស្ទើរកំទេចរាជវង្សជីន និងបង្ខំឲ្យរាជវង្សព្រះអង្គត្រូវទៅតាំងនៅតំបន់ខាងត្បូងនៃទន្លេហួយ។
ស៊ឺម៉ា យៀន ភ្លាមៗ បន្ទាប់ពីបានឡើងសោយរាជ្យ និងរំលាយរាជវង្សមុន ព្យាយាមកែនូវអ្វីដែលព្រះអង្គធ្លាប់បានឃើញថា ជាភាពទន់ខ្សោយដ៏ធំបំផុតនៃរាជវង្សមុន គឺការខ្វះខាតនូវអំណាចរបស់ព្រះអង្គម្ចាស់។ ព្រះអង្គតែងតាំងសមាជិកគ្រួសារព្រះអង្គម្ចាស់ និងផ្តល់នូវអំណាចច្រើនដ៏ពួកគេ ជួនកាលអំណាចផ្តាច់ការនៅលើតាមខេត្ត និងមានទាហានឯករាជ្យទៀត។ ឥទ្ធពលដ៏អាក្រក់នៃប្រព័ន្ធនេះ គឺថា វាធ្វើឲ្យបែកខ្ញែកអំណាចអធិរាជ។
ប្រព័ន្ធនេះ ទោះបីវាត្រូវបានកាត់បន្ថយបន្ទាប់ពីសង្រ្គាមនៃព្រះអង្គម្ចាស់ទាំង ៨ និងការបាត់បង់ភាគខាងជើងនៃប្រទេសចិន ក៏វានៅតែស្ថិតនៅរបស់ដល់ចុងបញ្ចប់នៃរាជវង្សជីន ហើយក៏ត្រូវបានប្រកាន់យកដោយរាជវង្សក្រោយៗ មកទៀត។
ស៊ឺម៉ា យៀន ក៏បានព្យាយាមសម្រាលច្បាប់នៃរាជវង្សមុន ប៉ុន្តែកំណែទម្រង់របស់ព្រះអង្គនៃប្រព័ន្ធច្បាប់ព្រហ្មទណ្ឌ គឺមិនសមធម៌ ពីព្រោះការសម្រាលទោសធ្វើឡើងសម្រាប់វណ្ណៈអភិជនគហបតី ដោយមិនធ្វើឡើងចំពោះប្រជាជនសាមញ្ញធម្មតាៗ នោះទេ។