សំឡេងដំដែកនៅពោធិតូច៖ ការរស់ឡើងវិញនៃកេរមរតកជាងទងខ្មែរ
ក្រៅពីរបរតម្បាញសូត្រ ចម្លាក់ថ្ម ឈើ និងការស្មូនក្អមឆ្នាំង សិប្បកម្ម «ជាងទង» ឬចម្លាក់ប្រាក់-ស្ពាន់ គឺជាបេតិកភណ្ឌអរូបីដ៏ស្រស់បំព្រងមួយ ដែលបានបន្សល់ទុកតាំងពីសម័យបុរាណ។ បច្ចុប្បន្ន មរតកដៃទិព្វមួយនេះបាននិងកំពុងក្លាយជាប្រភពចំណូលយ៉ាងសំខាន់ ក្នុងការទ្រទ្រង់ជីវភាពគ្រួសារអ្នកភូមិពោធិតូច ឃុំកំពង់លួង ស្រុកពញ្ញាលឺ ខេត្តកណ្តាល។
ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ប្រហែលជាង ៤០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ហួសស្ពានព្រែកក្តាមប្រមាណ ១ គីឡូម៉ែត្រ រួចបត់ស្តាំចូលតាមផ្លូវលំក្រាលគ្រួសក្រហមប្រហែល ១០០ ម៉ែត្រ ប៉ុណ្ណោះ អ្នកដំណើរនឹងបានលឺសំឡេង «ប៉ូងប៉ាំងៗ» លាន់រំពងពេញភូមិ។ នោះគឺជាសំឡេងញញួរដំស្ពាន់របស់ប្រជាពលរដ្ឋស្ទើរគ្រប់វ័យ ទាំងក្មេង ចាស់ ប្រុស ស្រី ដែលកំពុងអង្គុយផ្ចិតផ្ចង់ដំ រំលេចក្បាច់រចនាយ៉ាងរស់រវើកនៅលើវត្ថុអនុស្សាវរីយ៍ផ្សេងៗ។
នៅស្ទើរគ្រប់ផ្ទះក្នុងភូមិពោធិតូច ប្រជាពលរដ្ឋបានប្រកបរបរនេះជាលក្ខណៈគ្រួសារ។ អ្នកខ្លះផលិតសម្រាប់បោះដុំ ឯអ្នកខ្លះទៀតដាក់តាំងលក់រាយនៅនឹងផ្ទះ ដើម្បីរកប្រាក់កម្រៃផ្គត់ផ្គង់គ្រួសារ។
នៅក្រោមម្លប់ផ្ទះដើម្បីបាំងកម្តៅព្រះអាទិត្យនាវេលាជិតថ្ងៃត្រង់ ក្រុមជាងចម្លាក់ប្រហែល ៥ ទៅ ៦ នាក់ កំពុងញាប់ដៃញាប់ជើងបំពេញការងារយ៉ាងសកម្ម។ ស្រ្តីចំណាស់ម្នាក់ពាក់វ៉ែនតាជំនួយភ្នែក កំពុងសម្លឹងមើលវត្ថុសិល្បៈនៅក្នុងដៃយ៉ាងយកចិត្តទុកដាក់។ ដៃម្ខាងកាន់ញញួរតូច និងដៃម្ខាងទៀតកាន់ដែកដាប់ ប្រឹងដំពត់តម្រង់ក្បាច់លម្អិតយ៉ាងផ្ចិតផ្ចង់។ គាត់បានរៀបរាប់ទាំងស្នាមញញឹមថា របរចម្លាក់ស្ពាន់នេះជាកេរមរតកដូនតាដែលគាត់បានបន្តធ្វើជាច្រើនឆ្នាំមកហើយ។ វាជាមុខរបរនៅនឹងផ្ទះ មិនបាច់ចំណាយកម្លាំងដើរស្វែងរកការងារឆ្ងាយស្រុក ហើយចំណូលក៏ល្មមអាចចិញ្ចឹមជីវិតបានសមរម្យផងដែរ។
ចំណែកឯ លោក ជុំ រី អាយុ ៤០ ប្លាយ ជាម្ចាស់សិប្បកម្មមួយកន្លែងនៅភូមិពោធិតូច បានឱ្យដឹងថា លោកបានចាប់យកអាជីពជាជាងទងនេះតាំងពីឆ្នាំ ១៩៩៥ មកម្ល៉េះ ដោយរៀនសូត្របន្តពីឪពុករបស់លោក។
លោក ជុំ រី បានរៀបរាប់ថា៖ «ខ្ញុំចេះធ្វើចម្លាក់នេះពីឪពុកខ្ញុំ ព្រោះគាត់ជាជាងទងដែរ ហើយខ្ញុំចាប់ផ្តើមធ្វើខ្លួនឯងតាំងពីឆ្នាំ ១៩៩៥ មក។ របរនេះងាយស្រួលត្រង់ថា ធ្វើនៅផ្ទះ និងមិនសូវប្រើដើមទុនច្រើនខ្លួនឯងទេ ដោយសារមានថៅកែយកវត្ថុធាតុដើមមកដាក់ឱ្យយើងធ្វើតាមការកុម្ម៉ង់»។
សិប្បកម្មរបស់លោក ជុំ រី បានរីកចម្រើនជាលំដាប់ ដោយផលិតផលភាគច្រើនរួមមាន ផ្ទិល ឆ័ត្ររួត និងសម្ភារលម្អរាងផ្លែឈើដូចជា ផ្លែល្ពៅ និងប៉េងប៉ោះជាដើម។
ជាងរី បានបញ្ជាក់បន្ថែមថា សម្ភារទាំងនេះធ្វើអំពីស្ពាន់ ដែលមានទាំងការលក់រាយ និងបោះដុំ (ថ្លឹងគិតជាគីឡូក្រាម)។ តម្លៃនៃផលិតផលអាស្រ័យលើភាពផ្ចិតផ្ចង់ និងកម្រិតក្បាច់រចនា៖ ក្បាច់រចនាធម្មតា៖ តម្លៃ ២៥ ដុល្លារ ក្នុងមួយគីឡូក្រាម ក្បាច់ចម្លាក់វិសេស (មធ្យម)៖ តម្លៃ ៤៥ ដុល្លារ ក្នុងមួយគីឡូក្រាម និងក្បាច់រចនាម៉ត់ជាន់ខ្ពស់៖ តម្លៃរហូតដល់ ៦៥ ដុល្លារ ក្នុងមួយគីឡូក្រាម។
ចំពោះពណ៌លើវត្ថុចម្លាក់ស្ពាន់វិញ មាន៣ជម្រើស ទៅតាមចំណូលចិត្តរបស់អ្នកទិញ គឺ៖ ពណ៌ក្រហមស្ពាន់ធម្មជាតិ, ពណ៌សប្រាក់, និងពណ៌ក្រម៉ៅបែបបុរាណ។ រីឯវត្ថុធាតុដើមដូចជា ស្ពាន់ ប្រាក់ និងទង់ដែង ភាគច្រើនត្រូវបាននាំចូលមកពីប្រទេសវៀតណាម ចិន និងសិង្ហបុរី។
ប្រសិនបើតំបន់នេះជាទិសដៅកម្សាន្តបន្ទាប់របស់លោកអ្នក សូមកុំភ្លេចចូលទស្សនា «ភូមិកោះចិន» និង «ភូមិពោធិតូច» ក្នុងស្រុកពញ្ញាលឺ ខេត្តកណ្តាល។ នៅទីនោះ ក្រៅពីបានទស្សនា និងទិញវត្ថុអនុស្សាវរីយ៍ស្ពាន់-ប្រាក់ដ៏ប្រណិតៗយកទៅប្រើប្រាស់ ឬតាំងលម្អហើយនោះ ភ្ញៀវទេសចរក៏នឹងបានឃើញទិដ្ឋភាពពិតៗនៃការរំលេចក្បាច់ចម្លាក់ដោយដៃផ្ទាល់ ពីស្នាដៃដ៏ស្ទាត់ជំនាញរបស់អ្នកភូមិ ដ៏គួរឱ្យស្រឡាញ់ និងប្រៀបដូចជាការជួយថែរក្សាមរតកសិល្បៈវប្បធម៌ខ្មែរឱ្យគង់វង្សតទៅមុខទៀតផងដែរ៕