វេជ្ជបណ្ឌិត កាកឡូស ជេ ហ្វ៊ីនលៃ ៖ វីរបុរសវេជ្ជសាស្ត្រគុយបា អ្នកទម្លាយអាថ៌ កំបាំង «មូសចម្លងរោគ» ដែលបានសង្គ្រោះជីវិតមនុស្សរាប់លាននាក់
ទោះបីជាត្រូវប្រឈមមុខនឹងការសង្ស័យ និងភាពស្ងៀមស្ងាត់អស់រយៈពេលជិត២ទសវត្សរ៍ក៏ដោយ ក៏លោកវេជ្ជបណ្ឌិត កាកឡូស ជេ ហ្វ៊ីនលៃ មិនបានបោះបង់ចោលការតាំងចិត្តនោះឡើយ។ ការរកឃើញដ៏អស្ចារ្យរបស់លោកអំពីតួនាទីសត្វមូសក្នុងការចម្លងជំងឺគ្រុនលឿង បានក្លាយជាគ្រឹះដ៏សំខាន់បំផុតមួយក្នុងប្រវត្តិសាស្ត្រវេជ្ជសាស្ត្រពិភពលោក ដោយបានជួយសង្គ្រោះជីវិតមនុស្សលោកពីជំងឺរាតត្បាតដ៏កាចសាហាវនេះ។
ដើមកំណើត និងដំណើរជីវិតសិក្សាដ៏សម្បូរបែប
លោកកាកឡូស ជេ ហ្វ៊ីនលៃ (Carlos Finlay) កើតនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ១៨៣៣ នៅទីក្រុងពូអឺតូ ប្រាំងស៊ីពេ (Puerto Príncipe) ប្រទេសគុយបា។
ដោយសារស្ថិតក្នុងគ្រួសារដែលមានការអប់រំខ្ពស់ លោកបានចាប់ផ្តើមសិក្សានៅប្រទេសអាល្លឺម៉ង់តាំងពីអាយុ ១៣ឆ្នាំ មុននឹងបន្តទៅសិក្សានៅវិទ្យាល័យរូអង់ (Rouen) ប្រទេសបារាំង។ នៅឆ្នាំ១៨៥៥ លោកបានទទួលសញ្ញាបត្រវេជ្ជបណ្ឌិតពីសាលាវេជ្ជសាស្ត្រជេហ្វឺសុន (Jefferson Medical College) នៅទីក្រុងហ្វីឡាដេលហ្វៀ សហរដ្ឋអាមេរិក។ បន្ទាប់មក លោកក៏បានបន្តបំពេញការសិក្សាយ៉ាងស៊ីជម្រៅបន្ថែមទៀតនៅទីក្រុងឡាហាវ៉ាន និងទីក្រុងប៉ារីស ពីឆ្នាំ១៨៦០ ដល់ឆ្នាំ១៨៦១។
ការតស៊ូជាង ២ទសវត្សរ៍ជាមួយសម្មតិកម្ម «មូសចម្លងរោគ»
កាលពីឆ្នាំ១៨៦៥ លោកកាកឡូស ហ្វ៊ីនលៃ គឺជាមនុស្សដំបូងគេបង្អស់ដែលបានលើកឡើង និងព្យាយាមបង្ហាញពីទំនាក់ទំនងរវាងលក្ខខណ្ឌអាកាសធាតុ និងជំងឺគ្រុនលឿងតាមរយៈសត្វមូស។ លោកបានកំណត់អត្តសញ្ញាណសត្វមូសថាជាភ្នាក់ងារចម្លងរោគ និងបានស្នើឱ្យមានការគ្រប់គ្រងចំនួនសត្វមូសជាយុទ្ធសាស្ត្រដើម្បីប្រឆាំងនឹងជំងឺឆ្លង។
នៅឆ្នាំ១៨៨១ លោកបានបង្ហាញសំណុំការងារទាំងមូលរបស់ខ្លួននៅមុខរដ្ឋបណ្ឌិតសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រនៃទីក្រុងឡាហាវ៉ាន។ ប៉ុន្តែជាការគួរឱ្យស្តាយ សម្មតិកម្មដ៏វិសេសវិសាលនេះមិនបានទទួលការចាប់អារម្មណ៍ ឬការគាំទ្រនោះទេ ដោយលោកត្រូវប្រឈមមុខនឹងភាពស្ងៀមស្ងាត់ និងការសង្ស័យអស់រយៈពេលជិត ២០ឆ្នាំពេញ ទាំងនៅគុយបា និងនៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី។
ការទទួលស្គាល់ និងការផ្លាស់ប្តូរមុខមាត់ប្រវត្តិសាស្ត្រវេជ្ជសាស្ត្រ
រហូតដល់អំឡុងឆ្នាំ១៩០០ ដល់ ១៩០២ ទើបសម្មតិកម្មរបស់លោកត្រូវបានបញ្ជាក់ថាត្រឹមត្រូវជាផ្លូវការដោយលោក វ៉លធឺ រីដ (Walter Reed) ប្រធានបេសកកម្មវេជ្ជសាស្ត្រអាម៉េរិកប្រចាំនៅគុយបា។ ចំណែកឧត្តមសេនីយ៍ លីអូណាដ វូដ (Leonard Wood) អភិបាលយោធានៃប្រទេសគុយបាកាលនោះ បានថ្លែងការណ៍សរសើរយ៉ាងខ្លាំងថា ៖ «ការបញ្ជាក់ថាសម្មតិកម្មរបស់លោកវេជ្ជបណ្ឌិត កាកឡូស ជេ ហ្វ៊ីនលៃ ត្រឹមត្រូវ គឺជាជំហានរីកចម្រើនដ៏ធំបំផុតមួយក្នុងវិស័យវេជ្ជសាស្ត្រ »។
កេរ្តិ៍ដំណែលដែលមិនអាចបំភ្លេចបាន
លោកកាកឡូស ជេ ហ្វ៊ីនលៃ បានទទួលមរណភាពនៅថ្ងៃទី២០ ខែសីហា ឆ្នាំ១៩១៥ ក្នុងវ័យ ៨១ ឆ្នាំ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល នៅទីក្រុងឡាហាវ៉ាន ប្រទេសគុយបា។ ដើម្បីតបស្នងគុណូបការៈដ៏ធំធេងនេះ រដ្ឋាភិបាលគុយបាបានបង្កើត «វិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រត្រូពិក ហ្វ៊ីនលៃ»។ ប្រទេសគុយបាក៏បានបោះពុម្ពរូបភាពលោកជាការលើកទឹកចិត្តធ្វើជាតែមប្រៃសណីយ៍គុយបាចំនួនជាង ៦ ប្រភេទ។ ក្រៅពីនេះ ឈ្មោះរបស់លោកក៏ត្រូវបានយកទៅដាក់ជាឈ្មោះវិថីមួយ គឺវិថីវេជ្ជបណ្ឌិតហ្វ៊ីនលៃ (Rue du Docteur-Finlay) ក្នុងខណ្ឌទី១៥ នៃទីក្រុងប៉ារីស ប្រទេសបារាំង ទៀតផង។
