វិចិត្រករប្រែក្លាយកាកសំណល់គ្មានតម្លៃ ឱ្យទៅជាសិល្បៈមានជីវិត
សំរាម គឺជាកាកសំណល់ដែលមនុស្សទូទៅបោះចោល និងមើលរំលង ដោយគិតថាជារបស់កខ្វក់ និងគ្មានតម្លៃ។ លើសពីនេះ ប្រសិនបើគ្មានការគ្រប់គ្រងឱ្យបានត្រឹមត្រូវទេនោះ សំរាមនឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្ស និងប្រព័ន្ធជីវចម្រុះ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់លោក រាម មុន្នីស៊ីឡុង វិញ លោកបានប្រើប្រាស់ទេពកោសល្យ និងគំនិតច្នៃប្រឌិតប្លែកពីគេ ដោយប្រែក្លាយកាកសំណល់ទាំងនោះឱ្យទៅជា «ស្នាដៃសិល្បៈ» ដ៏មានតម្លៃសម្រាប់លក់ផ្គត់ផ្គង់ជីវភាព និងចូលរួមលើកកម្ពស់បរិស្ថាន។
លោក រាម មុន្នីស៊ីឡុង មានស្រុកកំណើតនៅខេត្តសៀមរាប ហើយបច្ចុប្បន្នមានវ័យ ៣៦ ឆ្នាំ។ លោកបានឱ្យដឹងថា លោកមានបេះដូងស្រឡាញ់សិល្បៈគំនូរតាំងពីអាយុ ៨ ឆ្នាំម្ល៉េះ ប៉ុន្តែលោកទើបតែចាប់ផ្តើមរៀនគូរគំនូរផ្លូវការនៅអាយុ ១៧ ឆ្នាំ ពោលគឺក្នុងអំឡុងឆ្នាំ ២០០៥។ ជាអកុសល នៅឆ្នាំ ២០០៧ លោកត្រូវបានខកខានក្នុងការគូរគំនូរតាមវត្តអារាមមួយរយៈ ដោយសារជួបគ្រោះថ្នាក់ការងារ។
លោក មុន្នីស៊ីឡុង បានរៀបរាប់ទាំងរំជួលចិត្តថា៖ «ខ្ញុំរៀនគូរបានដល់ឆ្នាំ ២០០៧ ក៏ខូចដៃដោយសារចូលម៉ាស៊ីនកិនអំពៅ ពេលជួយលក់ទឹកអំពៅម្តាយខ្ញុំ ខ្ញុំក៏ឈប់គូរតាមព្រះវិហារទៅ។ លុះដល់ឆ្នាំ ២០០៩ អង្គការខ្មែរជីវិតឯករាជ្យ គេប្រកាសរើសបុគ្គលិក និងអ្នកស្ម័គ្រចិត្ត។ ខ្ញុំគិតថាខ្លួនឯងរៀនបានតិច តែក៏ចង់ក្រេបយកចំណេះដឹងបន្ថែម ទើបសម្រេចចិត្តដាក់ពាក្យធ្វើជាអ្នកស្ម័គ្រចិត្តនៅអង្គការនោះទៅ»។
ការងារស្ម័គ្រចិត្តនៅអង្គការខ្មែរជីវិតឯករាជ្យ ដែលផ្តោតលើការច្នៃក្រដាសចាស់ៗឱ្យទៅជារបស់ប្រើប្រាស់ឡើងវិញ បានបើកទំព័រជីវិតថ្មី និងពង្រឹងសមត្ថភាពរបស់លោកយ៉ាងខ្លាំង។ លោកចាប់ផ្តើមរៀនកែច្នៃកាកសំណល់ទៅជាវត្ថុសិល្បៈជាបន្តបន្ទាប់ ជាពិសេសបន្ទាប់ពីឃើញប្រពន្ធរបស់លោកដុតសំរាមចោលជាច្រើនលើកច្រើនសារ។
លោកបានបន្ថែមទៀតថា ដំបូងឡើយ លោកបានយកសល់កាកសំណល់រុក្ខជាតិ និងកាកសំណល់ផ្ទះបាយមកច្នៃជាគំនូរ៖ «ខ្ញុំយកស្លឹកឈើ និងកាកអំពៅមកកែច្នៃធ្វើជាក្រដាស ហើយទទួលបានផលដូចជាក្រដាសទូទៅដែរ។ ខ្ញុំក៏យកទៅដាក់លក់ផ្ញើគេនៅផ្សាររាត្រី និងផ្សារចាស់។ ពេលឃើញភ្ញៀវចាប់អារម្មណ៍ ខ្ញុំក៏មានទឹកចិត្តធ្វើតទៅមុខទៀត ហើយក៏ចាប់ផ្តើមយកសំណល់ផ្ទះបាយមកច្នៃជាគំនូរតែម្តង»។
តាមពិតទៅ កាកសំណល់ផ្ទះបាយមិនសូវបង្កផលប៉ះពាល់ខ្លាំងដល់បរិស្ថាននោះទេ ប៉ុន្តែអ្វីដែលគួរឱ្យព្រួយបារម្ភបំផុតគឺ «សំណល់ប្លាស្ទិក» ដែលត្រូវចំណាយពេលយ៉ាងតិច ៦០ ឆ្នាំ ឬរហូតដល់ ១០០០ ឆ្នាំទើបរលាយបាត់។ សំណល់ទាំងនេះបំផ្លាញស្រទាប់ដីនៅពេលកប់ និងបំពុលបរិយាកាសនៅពេលដុត ឬបោះចោលពាសកាល។ ប៉ុន្តែសម្រាប់លោក ស៊ីឡុង កាកសំណល់ប្លាស្ទិកទាំងនោះសុទ្ធសឹងតែអាចផ្តល់ប្រយោជន៍បាន ប្រសិនបើយើងស្គាល់ពីតម្លៃនៃការច្នៃប្រឌិត។
លោកបានបញ្ជាក់ថា ស្នាដៃសិល្បៈដែលកើតចេញពីកាកសំណល់សំរាមទាំងនេះ មិនបង្កផលប៉ះពាល់ដល់សុខភាពឡើយ ហើយថែមទាំងអាចរក្សាទុកបានយូរអង្វែងទៀតផង ដោយសារលោកបានលាងសម្អាតយ៉ាងស្អាត និងលាយជ័រម្រ័ក្សណ៍ការពារការខូចខាតបន្ថែម។
ក្នុងរយៈពេលជាង ១០ ឆ្នាំមកនេះ លោក រាម មុន្នីស៊ីឡុង បានបង្កើតស្នាដៃសិល្បៈពីសំរាមជាច្រើនរាប់មិនអស់ សម្រាប់លក់ផង និងដាក់បង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្សេងៗផង។ ស្នាដៃដ៏ប្លែក និងបេះដូងស្រឡាញ់បរិស្ថាននេះ បានធ្វើឱ្យមហាជន និងអ្នកស្គាល់រូបលោក ប្រសិទ្ធនាមឱ្យលោកថា «មនុស្សសំរាម»។ លោកបានបញ្ជាក់ដោយស្នាមញញឹមថា លោកមិនដែលអន់ចិត្ត ឬប្រកាន់នឹងរហស្សនាមនេះឡើយ ព្រោះលោកមានគោលដៅច្បាស់លាស់ក្នុងការប្រែក្លាយសំរាមឱ្យទៅជាសិល្បៈ និងរួមចំណែកកាត់បន្ថយការបំពុលបរិស្ថាននៅក្នុងសង្គម៕