លោកសេនាប្រមុខ ហ្គឺអ័រហ្គ៊ី ហ្ស៊ូកូវ មេទ័ពសូវៀតដែលផ្ជាញ់លោកហ៊ីត្លែរ
លោកហ្គឺអ័រហ្គ៊ី កុនស្តង់ទីណូវីច ហ្ស៊ូកូវ កើតនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ១៨៩៦។ លោកគឺជាទាហាន និងជាអ្នកនយោបាយរុស្ស៊ី បន្ទាប់មក សហភាពសូវៀត។
លោកហ្គឺអ័រហ្គ៊ី ហ្ស៊ូកូវ កើតនៅក្នុងគ្រួសារកសិករនៃភូមិ ស្រ្តេកូវកា ដែលមានប្រជាជន ៣០០នាក់ នៅឆ្នាំ១៨៩៧ នៅជិតទីក្រុងតូច អ៊ូហ្គូដស្គី ហ្សាវ៉ូដ ដែលមានចម្ងាយ ៩៨គម ភាគនិរតីទីក្រុងមូស្គូ។
ដំបូង ជាកូនទាហាននៅក្នុងចក្រភពរុស្ស៊ី នៅអំឡុងសង្រ្គាមលោកលើកទី១ បន្ទាប់មក លោកហ្គឺអ័រហ្គ៊ី ហ្ស៊ូកូវ ក្លាយជាមន្រ្តីយោធាក្រហមនៃគណបក្សសង្គមនិយមសូវៀតនៅអំឡុងពេលសង្រ្គាមស៊ីវិល។ លោកបានឡើងឋានៈជាបន្តបន្ទាប់នៅចន្លោះសង្រ្គាមលោកលើកទី១ និងសង្រ្គាមលោកលើកទី២ រហូតដល់ លោកចូសេព ស្តាលីន តែងតាំងរូបលោកជា ប្រមុខអគ្គមេបញ្ជាការនៅខែមករា ឆ្នាំ១៩៤១។
ក្រោយការបរាជ័យរដូវក្តៅរបស់រុស្ស៊ី ឆ្នាំ១៩៤១ លោកស្តាលីន បានបញ្ជូនរូបលោកជាតំណាងមេបញ្ជាការកងកម្លាំងកងទ័ពនៅលើសមរភូមិក្តៅបំផុត។ ដូច្នេះលោកហ្គឺអ័រហ្គ៊ី ហ្ស៊ូកូវ មានតួនាទីដ៏សំខាន់នៅលើសមរភូមិខាងកើតនៅសង្រ្គាមលោកលើកទី២។ ជាអ្នកសម្របសម្រួលកងកម្លាំងសូវៀតនៅអំឡុងពេលប្រតិបត្តិការយោធាសំខាន់ៗជាច្រើន លោកក៏ដើរតួនាទីដ៏សំខាន់សម្រាប់ការចាប់ផ្តើមសមរភូមិឡេនីនក្រាដ បន្ទាប់មកតួនាទីផ្តាច់ព្រ័ត្យនៅសមរភូមិមូស្គូ។ លោកហ្គឺអ័រហ្គ៊ី ហ្ស៊ូកូវ បានចូលរួមការរៀបចំប្រតិបត្តិការវាយបកនៅស្តាលីនក្រាដ។ លោកហ្គឺអ័រហ្គ៊ី ហ្ស៊ូកូវ ក៏ជាអ្នកសម្របសម្រួលនៃផ្នែកខាងជើងនៃសមរភូមិគូស្ក៍ ផ្នែកនៃការដណ្តើមយកអ៊ុយក្រែន និងមួយផ្នែកខាងត្បូងនៃប្រតិបត្តិការ បាហ្គ្រាស្យុង។
ដោយត្រូវបានតែងតាំងជាមេបញ្ជការសំខាន់នៃសមរភូមិមុខសូរៀត សមរភូមិបេឡារុសទី១ លោកហ្គឺអ័រហ្គ៊ី ហ្ស៊ូកូវ ដឹកនាំសកម្មភាពសំខាន់នៃការវាយប្រហារ វីស្តុល អូឌើ សមរភូមិ ស៊ីឡូ និងដណ្តើមយកផ្នែកកណ្តាលនៃទីក្រុងប៊ែរឡាំងអាឡឺម៉ង។ គឺនៅពីមុខលោក ដែលកងកម្លាំងទាហានអាឡឺម៉ង បានចុះចាញ់នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩៤៥។
លោកស្តាលីន ដែលមិនពេញចិត្តនឹងប្រជាប្រិយភាពរបស់លោកហ្គឺអ័រហ្គ៊ី ហ្ស៊ូកូវ បានដកតំណែងលោកនៅឆ្នាំ១៩៤៦ បន្ទាប់មកបញ្ជូនលោកទៅទីក្រុង អូដឺសា បន្ទាប់មក ទៅទីក្រុង ស្វឺដឡូវ។ មរណភាពរបស់លោកស្តាលីន នៅឆ្នាំ១៩៥៣ បានផ្តល់ឲ្យលោកនូវទម្ងន់ពិតប្រាកដខាងនយោបាយ។ បន្ទាប់មកលោកហ្គឺអ័រហ្គ៊ី ហ្ស៊ូកូវ បានក្លាយជារដ្ឋមន្រ្តីក្រសួងការពារជាតិពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៥៧ និងគាំទ្រលោកគ្រូឆេវ នៅពេលលោកស្តាលីនបាត់បង់អំណាច។ ដោយមិនទុកចិត្ត អាចហ្គឺអ័រហ្គ៊ី ហ្ស៊ូកូវ កើនអំណាចកាន់តែខ្លាំង លោកគ្រូឆេវ បានដកមុខងារលោកហ្គឺអ័រហ្គ៊ី ហ្ស៊ូកូវ ទាំងអស់ និងដាក់លោកឲ្យចូលនិវត្តទាំងស្រុងនៅឆ្នាំ១៩៥៧។
ជូនកាល លោកហ្គឺអ័រហ្គ៊ី ហ្ស៊ូកូវ ត្រូវបានពិព៌នាថា ឃោឃៅ និងកំណត់ដូចជាសេនាប្រមុខរបស់ស្តាលីន ឬស្រមោលរបស់លោកស្តាលីន។ អ្នកប្រវិត្តសាស្រ្ត លោកហ្សង់ លូប៉េ ដែលបានសរសេរជីវប្រវត្តិលោកនៅឆ្នាំ២០១៣ បានចាត់ទុកលោកថា ជាបុរសដែលធ្វើលោកហ៊ីត្លែរចុះចាញ់។ លោកសេនាប្រមុខ ហ្គឺអ័រហ្គ៊ី ហ្ស៊ូកូវ គឺជាមន្រ្តីយោធាដែលត្រូវបានបំពាក់គ្រឿងឥស្សរយសច្រើនបំផុតនៃប្រវត្តិសាស្រ្តរបស់សហភាពសូវៀត។
លោកហ្គឺអ័រហ្គ៊ី ហ្ស៊ូកូវ បានសន្លប់បាតបង់ស្មារតីនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៩៧៤ ហើយលោកបានទទួលមរណភាពនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៧៤ នៅមន្ទីរពេទ្យដោយមិនដឹងខ្លួន។ ធាតុត្រូវបានយកទៅតម្កល់នៅកំពែងវិមានក្រឹមឡាំង នៅក្បែរសេនាប្រមុខល្បីៗ របស់រុស្ស៊ី ជាមួយនឹងការផ្តល់កិត្តិយសខាងយោធា។