លោកវីលលី ប្រេន អ្នកនយោបាយគាំទ្រការបង្រួបបង្រួមអាឡឺម៉ង់
លោកវីលលី ប្រេនត៍ កើតនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩១៣ នៅទីក្រុង លូប៊េក ប្រទេសអាឡឺម៉ង់។ លោកគឺជាអ្នកនយោបាយអាឡឺម៉ង់ខាងលិច។
លោកវីលលី ប្រេនត៍ បានបង្កើតនយោបាយ អូស្ត៍ប៉ូលីទីក (Ostpolitik)។ នេះគឺជានយោបាយ បន្ធូរបន្ថយ និងធ្វើឲ្យទំនាក់ទំនងកាន់តែធម្មតា និងមានសន្តិភាពជាមួយអឺរ៉ុបខាងកើត និងសហភាពសូវៀត ដែលជាការប្រែប្រួលយុទ្ធសាស្ត្រដ៏សំខាន់ក្នុងសង្គ្រាមត្រជាក់ ដែលនាំឲ្យមានកិច្ចព្រមព្រៀងសន្តិភាព និងទំនាក់ទំនងពាណិជ្ជកម្មថ្មីៗ។
លោកវីលលី ប្រេនត៍ កើតនៅឆ្នាំ១៩១៣ នៅក្រោមឈ្មោះកំណើតថា ហ៊ែប៊ែត៍ អៀនស្ត៍ កាល់ ហ្វ្រាម។ ឪពុករបស់លោក គឺជាសាស្រ្តាចារ្យ ចន ម៉ូលើ។
នៅក្នុងរាត្រីថ្ងៃទី៣១ ខែមីនា ឆ្លងចូលថ្ងៃទី១ ខែមេសា ឆ្នាំ១៩៣៣ លោកវីលលី ប្រេនត៍ បានរត់គេចចេញពីអាឡឺម៉ង់ ណាហ្ស៊ី។ លោកបានភៀសខ្លួនទៅកាន់ប្រទេសណ័រវេស។លោកវីលលី ប្រេនត៍ បានត្រឡប់មកអាឡឺម៉ង់វិញនៅឆ្នាំ១៩៤៥ ហើយធ្វើជាអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំថ្ងៃឲ្យណ័រវេស។ លោកបានចាប់ផ្តើមអាជីបនយោបាយនៅក្នុងគណបក្ស SPD បន្ទាប់ពីបានទទួលបានសញ្ជាតិអាឡឺម៉ង់របស់លោកឡើងវិញ។
លោកវីលលី ប្រេនត៍ បានក្លាយជាចៅហ្វាយក្រុងប៊ែរឡាំង ពីឆ្នាំ១៩៥៧ ដល់ឆ្នាំ១៩៦៦ ដែលជាយុគសម័យមានការលំបាកជាពិសេស ដោយសារតែជារយៈពេលនៃការលេចឡើងនូវវិបត្តិជាបន្តបន្ទាប់ ដូចជាវិបត្តិក្រុងប៊ែរឡាំង ដែលបង្កឲ្យមានជាការស្ថាបនាជញ្ជាំងប៊ែរឡាំងនៅឆ្នាំ១៩៦១ ដែលលោកគឺជាមនុស្សតែម្នាក់គត់ដែលប្រឆាំងនឹងការស្ថាបនាជញ្ជាំងនេះដែលបែងចែកអាឡឺម៉ង់ខាងលិច និងខាងកើត។
ចេញពីការបោះឆ្នោតនីតិបញ្ញតិនៅឆ្នាំ១៩៦៩ លោកវីលលី ប្រេនត៍ បានធ្វើសម្ព័ន្ធមិត្តជាមួយគណបក្សកណ្តាល និងសេរី FDP ដើម្បីបង្កើតរដ្ឋាភិបាល។ ហើយលោកវីលលី ប្រេនត៍ ក៏បានក្លាយជាអធិការបតីទី៤ នៃសហព័ន្ធអាឡឺម៉ង់ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ១៩៦៩។
ការបោះឆ្នោតនេះបានកត់សម្គាល់នូវរបត់មួយ។ សម្រាប់ជាលើកទី១ ចាប់តាំងពីការបង្កើតសាធារណៈរដ្ឋសហព័ន្ធអាឡឺម៉ង់នៅក្រោយសង្រ្គាមលើកទី២ ដែលបេក្ខភាពអធិការបតីមកពីគណបក្សសង្គមប្រជាធិបតេយ្យត្រូវបានជ្រើសរើស។
សម្រាប់ការរៀបចំការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ១៩៧២ គណបក្ស SPD បាននាំមុខជាលើកទី១ លើគណបក្សប្រជាធិបតេយ្យគ្រីស្ទៀន (CDU) និងគណបក្សសង្គមគ្រីស្ទាន (CSU)។ នេះគឺជាជ័យជម្នះជាប្រវត្តិសាស្រ្តដែលចាត់ទុកជាការរួបរួមពិតប្រាកដនៃ អូស្ត៍ប៉ូលីទីក។
ក្នុងអំឡុងបណ្តាលឆ្នាំដែលកាន់តំណែងជាអធិការបតី លោកវីលលី ប្រេនត៍ បន្តធ្វើការគាំទ្រនយោបាយធ្វើសមាហរណកម្មអឺរ៉ុប។ ជាពិសេស លោកគាំទ្រការបញ្ចូលចក្រភពអង់គ្លេស អៀរឡង់ និងដាណឺម៉ាក មកក្នុងសហគមន៍សេដ្ឋកិច្ចអឺរ៉ុប CEE និងជំរុញទាំងការធ្វើសមាហរណកម្មរូបិយវត្ថុ និងទាំងកិច្ចសហប្រតិបត្តិការនយោបាយរវាងប្រទេសជាសហមាជិក ដែលនៅពេលនោះមានចំនូន ៩ប្រទេស។
នៅឆ្នាំ១៩៧១ លោកវីលលី ប្រេនត៍ ទទួលបានពានរង្វាន់ណូបែលសន្តិភាព សម្រាប់ការធ្វើនយោបាយខិតជិតទៅរកអឺរ៉ុបខាងកើត និងអាឡឺម៉ង់ខាងកើត។
លោកវីលលី ប្រេនត៍ ក៏ជាសមាជិកសភាអឺរ៉ុបពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៣។ ហើយការដួលរលំនៃជញ្ជាំងប៊ែរឡាំង ដែលបង្ហាញនូវការបង្រួបបង្រួមអាឡឺម៉ង់បានធ្វើឲ្យលោកស្រក់ទឹកភ្នែកដោយការរំជួលអារម្មណ៍។
នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៩០ លោកវីលលី ប្រេនត៍ ធ្វើជាអ្នកថ្លែងសុន្ទរកថាបើកសម័យប្រជុំដំបូងរបស់សភា ប៊ុនដេសស្តាហ្គ (Bundestag) នៃអាល្លឺម៉ង់ដែលបានរួមបញ្ចូលជាថ្មី ក្នុងនាមជាព្រឹទ្ធចារ្យចាស់ជាងគេ (doyen) ក្នុងសាលដែលទើបបង្កើតថ្មី។
លោកវីលលី ប្រេនត៍ បានទទួលមរណភាពនៅថ្ងៃទី៨ ខែតុលា ឆ្នាំ១៩៩២ នៅទីក្រុងអាន់ខេល (Unkel)។ សពរបស់លោកត្រូវបានបញ្ចុះនៅផ្នូរក្នុងសួនច្បារ នៃ តំបន់ប៊ែរឡាំង ហ្សេឡេដូហ្វ( Berlin-Zehlendorf) នៅទីក្រុងប៊ែរឡាំង ប្រទេសអាឡឺម៉ង់។