លោកមីស្ហែល ការ៉ាយ៉ូល បិតាគ្រាប់បែកនុយក្លេអ៊ែររបស់បារាំង

លោកមីស្ហែល ស្ហាកល៍ ហង់រី ការ៉ាយ៉ូល គឺជាវិស្វករសព្វាវុធបារាំង។ លោកកើតនៅថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ១៩៣៤ នៅប្រទេសអាល់ហ្ស៉េរី និងទទួលមរណភាពនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០០៣ នៅសង្កាត់ទី៥ ទីក្រុងប៉ារីស។ លោកគឺជាមនុស្សម្នាក់ដែលអាចត្រូវបានចាត់ទុកជា បិតាគ្រាប់បែកនុយក្លេអ៊ែរបារាំង គ្រាប់ Bombe H។
លោកមីស្ហែល ការ៉ាយ៉ូល ធ្លាប់បានធ្វើការក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវបណ្តោះអាសន្ននៅនាយកដ្ឋានប្រតិបត្តិយោធា (DAM) នៅទីស្នងការថាមពលអាតូមិករបស់ប្រទេសបារាំង ដែលនៅពេលនោះស្ថិតនៅក្រោម ការដឹកនាំវិទ្យាសាស្រ្តរបស់លោករ៉ូប៊ែរ ដូត្រេ។
លោកមីស្ហែល ការ៉ាយ៉ូល បានចូលរួមបង្កើត គ្រាប់បែកនុយក្លេអ៊ែរ bombe H របស់បារាំង។ លោកគឺជាវិស្វករតែម្នាក់នៃ DAM ដែលអាច ត្រូវបានចាត់ទុកជាបិតានៃគ្រាប់បែកនុយក្លេអ៊ែរ Bombe H នៃប្រទេសបារាំង។ ប៉ុន្តែងារ នេះ ត្រូវបានគេឲ្យទៅលោកដូត្រេ ដែលជានាយកគម្រោងនៅ CEA។ ដូច្នេះជាយូរមកហើយ លោកដូត្រេ ត្រូវបានចាត់ទុកជាអ្នកបង្កើតគ្រាប់បែកនុយក្លេអ៊ែរបារាំង។ ប៉ុន្តែសាក្សីជាច្រើន ក្នុងចំណោមវិស្វករដទៃៗ ទៀត នៃក្រុមការងារ អាចបង្ហាញនូវសច្ចៈភាពនៃការបង្កើតគ្រាប់បែក នុយក្លេអ៊ែរនេះ។
ជាការពិត លោកមីស្ហែល ការ៉ាយ៉ូល គឺជាអ្នកវិទ្យាសាស្រ្តពហុតិចនិក។ ក្រោយសង្រ្គាមលោកលើកទី២ ប្រទេសបារាំងព្យាយាមអភិវឌ្ឍគ្រាប់បែកអ៊ីដ្រូសែន ចាប់តាំងពីឆ្នាំ ១៩៦០។ លទ្ធផលនៃការគណនាជាបឋម ដែលដឹកនាំដោយលោកព្យែរ៍ ប៊ីលឡូ ប្រធាន សេវាកម្មរូបវិទ្យាពិសោធន៍នៅ CEA បានបង្ហាញថា ការដុតកម្តៅឥន្ធនៈនុយក្លេអ៊ែរដូចជា លីធ្យូមអ៊ីដ្រូសែន៦ គឺមិនគ្រប់គ្រាន់ដើម្បីឲ្យសារធាតុរបស់វារួមបញ្ចូលគ្នាទេ។ វាចាំបាច់ត្រូវ សង្កត់វាឲ្យរួមតូចដោយមិនដុតកម្តៅវាដើម្បីទទួលបានទិន្នផលខ្ពស់។ នេះគឺជាទស្សទានគន្លឹះ នៃការសង្កត់ឲ្យត្រជាក់នៃលីធ្យូមអ៊ីដ្រូសែនមុននឹងឆាបឆេះ។
នៅឆ្នាំ១៩៦៧ លោកមីស្ហែល ការ៉ាយ៉ូល បានធ្វើពិសោធន៍បង្គុំនុយក្លែអ៊ែរកម្តៅ ដោយរួមមាន លីធ្យូមអ៊ីដ្រូវសែន៦ ព័ទ្ធជុំវិញដោយសាធារធាតុអ៊ុយរ៉ាញ៉ូម បន្ទាប់មក ស្រទាប់ក្រាសមួយនៃ សារធាតុលោហៈ ហើយមានធាតុអាតូមជាច្រើននៅចំកណ្តាលដែលមានការដុតសីតុណ្ហភាពខ្ពស់។ ទិន្នផលដ៏ល្អនៃការធ្វើពិសោធន៍នេះ បានបង្ហាញថា វាគ្រប់គ្រាន់នឹងដុតឲ្យរហ័ស និងស្មើសាច់នៅលើដុំមូលដែលព័ទ្ធជុំវិញប៊ូលលីធ្យូមអ៊ីដ្រូសែន។
ហើយដោយមានជំនួយពីលោក លុក ដាហ្ស៉ង អ្នកវិទ្យាសាស្រ្តផ្នែកគណិតវិទ្យាប្រតិបត្តិនៃ DAM ដែលបានវិភាគប្រតិកម្មនៅលើលីធ្យូមអ៊ីដ្រូសែន និងកំណត់ផ្នែកប្រសិទ្ធភាពនៃការរលាយលីធ្យូម អ៊ីដ្រូសែន លោកមីស្ហែល ការ៉ាយ៉ូល បានចូលរួមធ្វើ និងពិសោធន៍គ្រាប់បែកនុយក្លេអ៊ែរពីរគ្រាប់ ដោយជោគជ័យនៅឆ្នាំ១៩៦៨ នៅប្រជុំកោះផ្កាថ្មរបស់បារាំង កោះហ្វ៉ងហ្គាតូហ្វ៉ា និងម៉ូរូរ៉ូអា។
ជាការពិត ប្រវត្តិនៃកម្មវិធីនុយក្លេអ៊ែរយោធារបស់បារាំងកើតមានឡើងតាំងពីក្រោយសង្រ្គាមលោកលើកទី២។ ការដាក់ឲ្យដំណើរការនៃកងកម្លាំងឆត្រនុយក្លេអ៊ែរបារាំងមានបន្ទាប់ពីកម្មវិធីសាកល្បងអាវុធនុយក្លេអ៊ែររបស់បារាំងដែលចាប់ផ្តើមឡើងពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩៦០ និងបញ្ចប់នៅថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៩៦។ នៅអំឡុងពេលនេះ ដោយមានជោគជ័យក្នុងការបន្ទុះគ្រាប់បែកនុយក្លេអ៊ែរ Bombe H ប្រទេសបារាំងបានក្លាយជាប្រទេសទី៥ ដែលមានអាវុធនុយក្លេអ៊ែរ បន្ទាប់ពីសហរដ្ឋអាម៉េរិក សហភាពសូវៀត ចក្រភពអង់គ្លេស និងសាធារណរដ្ឋប្រជាមានិតចិន។ លោកប្រធានាធិបតីបារាំង លោកស្ហាកល៍ ដឺ ហ្គោ បានប្រកាសថា គឺអស្ចារ្យណាស់ បារាំងបានជោគសម្រាប់ឯករាជ្យភាព និងសន្តិសុខរបស់បារាំង។
Daily Program
