លោកប៉េវ៉េហ្ស មូស្ហ៉ារ៉ាហ្វ មេដឹកនាំប៉ាគីស្ថានដែលធ្វើឲ្យល្អប្រសើរឡើងនូវសិទ្ធស្រ្តី

លោកប៉េវ៉េហ្ស មូស្ហ៉ារ៉ាហ្វ កើតនៅថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៤៣ នៅទីក្រុងដេលលី ឥណ្ឌា ក្រោម​អាណានិគមអង់គ្លេស។ លោកទទួលមរណភាពនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅ​ទីក្រុង​ឌូបៃ។ លោកគឺជាឧត្តមសេនីយ៍ និងជារដ្ឋបុរសប៉ាគីស្ថាន។ លោកគឺជាប្រធានាធិបតី​សាធារណរដ្ឋប៉ាគីស្ថានពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៨។

បន្ទាប់ពីរដ្ឋប្រហារដោយគ្មានអំពើហិង្សា លោកប៉េវ៉េហ្ស មូស្ហ៉ារ៉ាហ្វ បានក្លាយជាប្រមុខ​ប៉ាគីស្ថាន​ពីថ្ងៃទី១២ ខែតុលា ឆ្នាំ១៩៩៩ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០០៨។ ប៉ុន្តែលោក​ក្លាយ​ជា​ប្រធានាធិបតីនៃសាធារណរដ្ឋប៉ាគីស្ថានជាផ្លូវការ​តែពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០១ ដល់​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ២០០៨។

បន្ទាប់ពីបានចូលរួមក្នុងកងទ័ពប៉ាគីស្ថាននៅឆ្នាំ១៩៦៤ លោកប៉េវ៉េហ្ស មូស្ហ៉ារ៉ាហ្វ បានឡើង​តំណែង​ជាបន្តបន្ទាប់ រហូតដល់ត្រូវបានតែងតាំងជាប្រមុខនៃកងទ័ពដោយ​នាយក​រដ្ឋមន្រ្តី ណាវ៉ាហ្ស ស្ហ៉ារីហ្វ នៅខែតុលា ឆ្នាំ១៩៩៨។ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ១៩៩៩ លោកប៉េវ៉េហ្ស មូស្ហ៉ារ៉ាហ្វ គឺជាមេគំនិតនៃរដ្ឋប្រហារយោធាប្រឆាំងនឹងរដ្ឋាភិបាល​ជាប់ឆ្នោតរបស់លោក​ណាវ៉ាហ្ស ស្ហ៉ារីហ្វ ក្រោយបន្តិចពីមានសង្រ្គាមកាហ្ស៊ីល រវាងប៉ាគីស្ថាន និងឥណ្ឌា គឺនៅក្នុង​បរិបទ​​តឹងតែងរវាងអំណាចស៊ីវិល និងអំណាចយោធា។ លោកប៉េវ៉េហ្ស មូស្ហ៉ារ៉ាហ្វ ក៏ក្លាយជា​មេដឹក​នាំប៉ាគីស្ថាន នៅខណៈដែលច្បាប់អាជ្ញាសឹកត្រូវបានបង្កើត និងរដ្ឋធម្មនុញ្ញត្រូវ​បាន​ព្យួរ។ នៅឆ្នាំ២០០១ នៅខណៈ​ដែលរដ្ឋធម្មនុញ្ញត្រូវបានស្តារឡើងវិញ លោកប៉េវ៉េហ្ស មូស្ហ៉ារ៉ាហ្វ បាន​ក្លាយជាប្រធានាធិបតី​ផ្លូវការនៃសាធារណរដ្ឋប៉ាគីស្ថាន។

អណត្តិរបស់លោកមានឡើងគាប់ជួននឹងការខិតជិតគ្នារវាងប្រទេសប៉ាគីស្ថាន និងសហរដ្ឋ​អាម៉េរិក នៅខណៈដែលលោកប៉េវ៉េហ្ស មូស្ហ៉ារ៉ាហ្វ សន្យាប្រឆាំងនឹងក្រុម​ភេរវករបន្ទាប់ពី​ការ​វាយ​ប្រហារភេរវកម្មទៅថ្ងៃទី១១ កញ្ញា ឆ្នាំ២០០១ នៅសហរដ្ឋអាម៉េរិក។ ម្យ៉ាងវិញទៀត លោក​ក៏​សន្យាផ្តល់សេរីភាពដល់ប្រព័ន្ធផ្សព្វផ្សាយ និងធ្វើឲ្យល្អប្រសើរឡើងនូវសិទ្ធស្រ្តី។ លោកត្រូវ​បាន​​បោះឆ្នោតឲ្យជាប់ម្តងទៀត ដោយអង្គបោះឆ្នោត នៅខែតុលា ឆ្នាំ២០០៧ នៅ​ខណៈ​ពេល​ជាមួយគ្នាអំណាចរបស់លោក ក៏កាន់តែត្រូវបានគេតវ៉ាខ្លាំងឡើងៗ មានជាអាទិ៍ចលនា មេធាវី។​ បន្ទាប់ពីការបរាជ័យរបស់គណបក្សនយោបាយដែលគាំទ្រលោកនៅការបោះឆ្នោត​នីតិ​បញ្ញតិ​ឆ្នាំ២០០៨ លោកក៏បានលាលែងពីតំណែងនៅខណៈដែលគណបក្សសម្ព័ន្ធមិត្តនៅ​រដ្ឋសភា​ចាប់​ផ្តើមនីតិវិធីដកតំណែងលោក។ លោកប៉េវ៉េហ្ស មូស្ហ៉ារ៉ាហ្វ បានធ្វើការនិរទេសនៅ​ឆ្នាំ​២០០៩ ទៅទីក្រុងឌូបៃ បន្ទាប់មកទៅទីក្រុងឡុង។

ដោយបានរំឭកជាច្រើនដងអំពីការវិលត្រឡប់មកចូលរួមសម្រាប់ការបោះឆ្នោតនាពេល​អនាគត ចុងក្រោយ លោកក៏ត្រឡប់ចូលប្រទេសវិញនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៣ ទោះបី​ជា​មាន​ការគំរាមកំហែងសម្លាប់ពីក្រុមតាលីបង់ និង​ហានិភ័យនៃការឃាត់ខ្លួនដោយតុលាការ​យុត្តិធម៌​​​ដោយសារ​ហេតុផលនៃការធ្វេសប្រហែស​របស់លោកចំពោះសុវត្ថិភាពរបស់​លោកស្រី បេណាហ្សៀ ប៊ូតតូ នៅពេលលោកនៅកាន់អំណាច។

អណត្តិប្រធានាធិតីរបស់លោកប៉េវ៉េហ្ស មូស្ហ៉ារ៉ាហ្វ កត់សម្គាល់តាមរយៈការអនុម័តដោយ​រដ្ឋ​សភា​​​នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០៦ នូវច្បាប់ការពារ​ស្រ្តី។ លោកប៉េវ៉េហ្ស មូស្ហ៉ារ៉ាហ្វ នៅ​ឆ្នាំ​២០០២ ក៏អនុញ្ញាតឲ្យមានសេរីភាព​ខាងវិស័យព័ត៌មាន។ នេះនាំទៅដល់ការបង្កើន​ចំនួន​​ប៉ុស្ត​ទូរទស្សន៍ ដែលប៉ុស្តជាច្រើននៅបន្តរហូតដល់សព្វថ្ងៃ ហើយប្រទេសប៉ាគីស្ថានក៏​ទទួល​​គុណ​ប្រយោជន៍ពីកំណើនសេដ្ឋកិច្ចផងដែរ។

 

Daily Program

Livesteam thumbnail