លោកប៉េត្រូ ប៉ូរ៉ូចិនកូ អតីតប្រធានាធិបតីអ៊ុយក្រែន និងការខិតខំបញ្ចប់សង្រ្គាមដុនបាស

លោកប៉េត្រូ អូឡិចស៊ីស្យូវីត ប៉ូរ៉ូចិនកូ កើតនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ១៩៦៥ នៅទីក្រុងបូលរ៉ាត ខេត្តអូដឺសា ប្រទេសអ៊ុយក្រែន។ លោកគឺជាធុរជន បុរសរដ្ឋ និងជាប្រធានាធិបតី​ប្រទេស អ៊ុយក្រែន ពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៤ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។

នៅឆ្នាំ១៩៨២ បន្ទាប់ពីបញ្ចប់ការសិក្សានៅមធ្យមសិក្សា លោកបានចូលរៀននៅឧត្តមសិក្សា។ នៅឆ្នាំ១៩៨៩ លោកទទួលបានសញ្ញាបត្រសេដ្ឋកិច្ចនៅមហាវិទ្យាល័យទំនាក់ទំនងអន្តរជាតិ និង​ច្បាប់នៃសកលវិទ្យាល័យជាតិទីក្រុងគៀវ។

បន្ទាប់មកទៀត លោកប៉េត្រូ ប៉ូរ៉ូចិនកូ បានក្លាយជាអ្នកដឹកនាំសហគ្រាស លោករកបានទ្រព្យ​សម្បត្តិជាច្រើនជាមួយនឹងឧស្សាហកម្មជំនួញធ្វើសូកូឡា។ ទន្ទឹមពេលនឹងសកម្មភាពជំនួញ លោកបានចូលប្រឡូកក្នុងឆាកនយោបាយអ៊ុយក្រែននៅក្នុងទសវត្សឆ្នាំ១៩៩០។

ដំបូង លោកប៉េត្រូ ប៉ូរ៉ូចិនកូ គឺជាសមាជិកនៃគណបក្សសង្គមប្រជាធិបតេយ្យអ៊ុយក្រែន និង​បានការគាំទ្រ​ពីប្រធានាធិបតីលីអូនីដ គូដឆ្មា។ លោកចូលរួមបង្កើតគណបក្សតំបន់ មុននឹង​ក្លាយ​ជា​​មនុស្ស​ជំនិតរបស់លោកប្រធានាធិបតី វីកទ័រ លូចចិនកូ ហើយចូលរួមក្នុងប្លុក​អ៊ុយក្រែន​​របស់​យើង។ លោកប៉េត្រូ ប៉ូរ៉ូចិនកូ គឺជារដ្ឋមន្រ្តីក្រសួងកិច្ចការបរទេសពីឆ្នាំ២០០៩ ដល់​ឆ្នាំ​២០១០ បន្ទាប់មក​ជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងអភិវឌ្ឍសេដ្ឋកិច្ចនៅឆ្នាំ២០១២ នៅ​ក្រោម​​អណត្តិ​​ប្រធានាធិបតី វីកទ័រ ឡានូកូវីតច៍។ នៅក្នុងពេលជាមួយគ្នា លោកធ្វើជាប្រធាន​ក្រុម​​ប្រឹក្សា​​នៃ​ធនាគារ​ជាតិអ៊ុយក្រែន។

នៅឆ្នាំ២០១៤ លោកប៉េត្រូ ប៉ូរ៉ូចិនកូ គាំទ្របដិវត្តមៃអ៊ីដាននៅអ៊ុយក្រែន ក្រោយក៏បានឈ្នះ​​​ការ​បោះឆ្នោតប្រធានាធិបតី​មុនអណត្តិដោយទទួលបានសម្លេង ៥៤,៧ %។

នៅអំឡុងពេលលោកធ្វើប្រធានាធិបតី លោកប៉េត្រូ ប៉ូរ៉ូចិនកូ ព្យាយាមបញ្ចប់សង្រ្គាមនៅតំបន់​ដុនបាស ដែលពាក់ព័ន្ធនឹងរុស្ស៊ី និងខិតទៅជិតលោកខាងលិច។

ដោយជាអ្នកប្រឆាំងលោកហ្សេឡេនស្គី លោកស្វែងតំណែងប្រធានាធិបតីដោយបង្កើត​គណបក្ស​ខ្លួនលោក គឺគណបក្សសាមគ្គីភាពអឺរ៉ុប លោកចូលរួមការបោះឆ្នោតនីតិបញ្ញត្តិឆ្នាំ​២០១៩ ប៉ុន្តែគណបក្សរបស់លោកទទួលបានសម្លេងក្នុងលំដាប់ទី៤។ បន្ទាប់ពីការឈ្លានពាន​អ៊ុយក្រែន​ដោយរុស្ស៊ីនៅឆ្នាំ២០២២ លោកដឹកនាំកងកម្លាំង​ការពារជាតិ ដោយលោកបំពាក់​អាវុធ​ជាមួយ​និងទ្រព្យសម្បត្តិច្រើនរបស់លោក និងចូលរួមក្នុង​សមរភូមិគៀវ ប្រឆាំងនឹងរុស្ស៊ី។

កាលពេលធ្វើជាប្រធានាធិបតី លោកប៉េត្រូ ប៉ូរ៉ូចិនកូ ហាមឃាត់រាល់កិច្ចសហប្រតិបត្តិការ​យោធា​​ជាមួយរុស្ស៊ី និងប្រឆាំង​រាល់​ការស្តារទំនាក់ទំនងការទូត​ជាមួយរុស្ស៊ីបើមិនបាន​ទទួល​ឧបទ្វីប​គ្រីមៀមកក្នុងដែនដីអ៊ុយក្រែនវិញ។  លោកប៉េត្រូ ប៉ូរ៉ូចិនកូ អំពាវនាវឲ្យ​រុស្ស៊ីបញ្ឈប់ការ​ផ្គត់​ផ្គង់​អាវុធឲ្យ​ក្រុម​អ្នកបំបែកខ្លួនគាំទ្ររុស្ស៊ី។ ជាមួយនឹងការឧបត្ថម្ភពីសហរដ្ឋអាម៉េរិក លោក​បានតម្លើងថវិកាវិស័យយោធា និងសន្តិសុខពី ១% នៃ GDP នៅឆ្នាំ២០១៤ ទៅ ៥% នៅ​ឆ្នាំ​២០១៨។

បន្ទាប់ពីបានអំពាវនាវឲ្យមានការស្រុះស្រួលគ្នានៅក្នុងក្របខណ្ឌ​ដែលផលប្រយោជន៍អ្នក​និយាយ​ភាសារុស្ស៊ី​ត្រូវបានការពារនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន នៅថ្ងៃ៥ កញ្ញា ឆ្នាំ​២០១៤ លោកប៉េត្រូ ប៉ូរ៉ូចិនកូ ចុះហត្ថលេខាលើពិធីសារទីក្រុងមីនស្ក៍ ជាមួយនឹងអ្នកតំណាង​មក​ពីរុស្ស៊ី មកពីសាធារណរដ្ឋប្រជាមានិតដូណេត និងពីសាធារណរដ្ឋ្​ប្រជាមានិតលូហ្គាន។ ប៉ុន្តែ​កិច្ចព្រមព្រៀងនេះនៅតែមិនគ្រប់គ្រាន់ ដើម្បីបញ្ឈប់សង្រ្គាមដែលធ្វើឲ្យមានមនុស្សស្លាប់​ជាង ១០០០០នាក់ រវាងឆ្នាំ២០១៤ និង ២០១៨ និងនាំទៅដល់ការផ្លាស់ប្តូរ​ទីលំ​នៅ​ជាច្រើន​របស់​ប្រជាជន។

 

Daily Program

Livesteam thumbnail