រាជាធិរាជសូលីម៉ាន ទី១ ដឹកនាំចក្រភពអូតូម៉ង់នៅពេលរីកចម្រើនដល់កំពូល

សូលីម៉ានទី១ ប្រសូតនៅថ្ងៃទី៦ វិច្ឆិកា ឆ្នាំ១៤៩៤ នៅទីក្រុងត្រេប៊ីហ្ស៉ូន ស្ថិតនៅក្នុងប្រទេសទួរគីសព្វថ្ងៃ និងសោយទីវង្គត់នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ១៥៦៦ នៅទីក្រុងហ្ស៊ីហ្ស៉ឺវ៉ា ប្រទេស ហុងគ្រីសព្វថ្ងៃ។
រាជាធិរាជសូលីម៉ានទី១ គឺជាបុត្ររបស់ព្រះបាទសេលីមទី១ យ៉ាវូហ្ស។ រាជាសូលីម៉ានទី១ ក៏ជាស៊ុលតង់ទី១០ នៃរាជ្យវង្សអូតូម៉ង និងជាកាលីហ្វទី៧៤នៃឥស្លាម ពីឆ្នាំ១៥២០ រហូតដល់ថ្ងៃព្រះអង្គសោយទីវង្គត ឆ្នាំ១៥៦៦។ គេផ្តល់នាមព្រះអង្គថា សូលីម៉ាន ឡឺ ម៉ាញ៊ីហ្វ៊ីក នៅលោកខាងលិច និងជាអ្នករៀបចំច្បាប់នៅខាងបូព៌ា ដោយសារតែការស្ថាបនាឡើងវិញនូវប្រព័ន្ធច្បាប់យ៉ាងពេញលេញនៃចក្រភពអូតូម៉ង់។
រាជាសូលីម៉ានទី១ បានក្លាយជាស្តេចមួយរូបដែលមានទេព្យកោសល្យ សមិទ្ធផល និងភាពល្បីល្បាញបំផុតនៃសតវត្សទី១៦ និងដឹកនាំចក្រភពអូតូម៉ងនៅពេលវេលារីកចម្រើនដល់កំពូលខាងសេដ្ឋកិច្ច យោធា នយោបាយ និងវប្បធម៌នៃចក្រភព។
នៅក្រោមរាជ្យរបស់ព្រះអង្គ កងទ័ពជើងទឹកអូតូម៉ង់ ដែលដឹកនាំដោយឧត្តមនាវាឯកដ៏ល្បីល្បាញ បាកបឺរូស បានគ្រប់គ្រងសមុទ្រមេឌីទែរ៉ាណេ សមុទ្រក្រហម និងឈូងសមុទ្រពែក។
ជាមេដឹកនាំចក្រភពដែលកំពុងរីកចម្រើនធំបំផុត រាជាសូលីម៉ានទី១ បានធ្វើការបំរែបំរួលពាក់ព័ន្ធនឹងនីតិសង្គម ការអប់រំ សេដ្ឋកិច្ច និងប្រព័ន្ធច្បាប់។ ក្រមស៊ីវិលរបស់ព្រះអង្គ ដែលហៅថា កានុន កំណត់ទម្រង់នៃចក្រភពអស់រយៈពេលជាច្រើនសតវត្ស។ រាជាសូលីម៉ានទី១ មិនគ្រាន់តែជាកវីកំណាព្យ និងជាអ្នកឯកទេសខាងគ្រឿងអលង្ការនោះទេ ប៉ុន្តែព្រះអង្គក៏ជាអ្នកលើកកម្ពស់ និងពិនិត្យមើលលើយុគសម័យមាសនៃសិល្បៈ អក្សរសាស្រ្ត និងស្ថាបត្យកម្មនៃចក្រភពអូតូម៉ង់។ រាជាសូលីម៉ានទី១ មិនគ្រាន់តែជាអ្នកជំនាញខាងយោធាដ៏ល្បីល្បាញ ជាអ្នកជំនាញខាងគុនដាវដូចព្រះបិតា និងជីតារបស់ព្រះអង្គនោះទេ ប៉ុន្តែព្រះអង្គ មានភាពខុសពីអ្នកទាំងពីរ ត្រង់ព្រះអង្គក៏ជាអ្នកជំនាញនយោបាយប្រើស្លាបប៉ាកាផងដែរ។ រាជាសូលីម៉ានទី១ គឺជាអ្នករៀបចំតាក់តែងច្បាប់ដ៏ពូកែល្បីល្បាញ ដែលលេចឡើងទាក់ទងនឹងប្រធានបទអធិបតេយ្យ ជាបុគ្គលមានចិត្តល្អ និងជាអ្នកការពារយុត្តិធម៌។ ច្បាប់នីតិបញ្ញត្តិដែលហៅថា កានុន អាស្រ័យផ្ទាល់នឹងឆន្ទះរបស់រាជាសូលីម៉ានទី១ និងគ្របដណ្តប់លើច្បាប់ព្រហ្មទណ្ឌ ហិរញ្ញវត្ថុ និងដីធ្លី។ រាជាសូលីម៉ានទី១ ផ្សព្វផ្សាយឲ្យប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌ និងយុត្តិធម៌ថ្មីដែលកម្រិតចំនួនទោសប្រហារជីវិត និងការធ្វើទារុណកម្ម និងស្ថាបនាបញ្ជីផាកពិន័យសម្រាប់ទោសដែលគេកាត់ក្តីរួចហើយ។ នៅក្នុងវិស័យហិរញ្ញវត្ថុ ពន្ធលើសត្វចិញ្ចឹម រ៉ែ និងផលចំណេញពីការជួញដូរត្រូវបានលើកលែង។ ក្រៅពីរឿងពន្ធ មន្រ្តីដែលរកឃើញថាមានកំហុសអំពីអំពើពុករលួយអាចនឹងត្រូវស៊ូតង់រឹបអូសយកដីរបស់ពួកគេ។
រាជាសូលីម៉ានទី១ ក៏មានចំណាប់អារម្មណ៍នឹងវិស័យអប់រំ។ សាលាដែលចងភ្ជាប់នឹងព្រះវិហារ និងត្រូវផ្តល់លុយដែលមានមូលដ្ឋានគ្រឹះពីសាសនាផ្តល់យ៉ាងទំលំទូលាយជាប្រព័ន្ធអប់រំដែលមិនបង់ថ្លៃសម្រាប់ក្មេងៗឥស្លាម។ នៅក្នុងរាជធានីអ៊ីស្តង់ប៊ូ រាជាសូលីម៉ានទី១ បង្កើនចំនួនសាលាបឋមសម្រាប់ក្មេងៗ ឲ្យរៀនសរសេរ និងអាន និងវិទ្យាល័យសម្រាប់បង្រៀនទស្សនវិជ្ជា និងតារាសាស្រ្ត។
នៅក្រោមឥទ្ធិពលរាជ្យរបស់រាជាសូលីម៉ានទី១ ចក្រភពអូតូម៉ង់បានចូលក្នុងយុគសម័យមាសខាងវប្បធម៌។ ជាក់ស្តែងបន្ទាប់ពីបានសិក្សារួចហើយ សិល្បករ និងសិប្បករ អាចបង្កើនជំនាញ និងទទួលបានប្រាក់ខែដ៏ខ្ពស់។
រាជ្យរបស់រាជាសូលីម៉ានទី១មានជិត ៤៦ឆ្នាំ នៅតែស្ថិតនៅជារយៈពេលសោយរាជ្យដ៏វែងបំផុតនៃប្រវត្តិសាស្រ្តរបស់ចក្រភពអូតូម៉ង់។
Daily Program
