មេទ័ព គ័នអ៊ី សម័យសាមកុក ក្លាយជាព្រះដែលប្រជាជនចិនគោរពបូជា
គ័នអ៊ី កើតនៅប្រមាណឆ្នាំ១៦០-១៦២ និងស្លាប់នៅប្រមាណខែតុលា ឆ្នាំ២១៩-២២០។ លោក គ័នអ៊ី គឺជាមេទ័ពចិនម្នាក់នៅចុងរជ្ជកាលរាជវង្សហាន និងការចាប់ផ្តើមនៃសម័យកាលនគរបី ឬសម័យសាមកុក នៅប្រទេសចិន។
លោកគ័នអ៊ី បម្រើការងារនៅក្រោមការបញ្ជារបស់លោកលីវ ប៉ី ដែលជាស្ថាបនិកនៃរាជាណាចក្រស៊ូ និងជាបងប្អូនប្រកៀកស្មាប្រយុទ្ធជាមួយបងប្អូនម្នាក់ទៀត គឺលោកចាង ហ្វ៊ី។ លោកគ័នអ៊ី គឺជាមេទ័ពម្នាក់ក្នុងចំណោមមេទ័ព ប្រាំនាក់ទៀត ដែលគេប្រសិទ្ធនាមថា មេទ័ពខ្លា ៥ មាន គ័នអ៊ី ហ័ងចុង ម៉ាចាវ ចាងហ្វ៊ី និងចាវយុន។ កាលនៅរស់ លោកគ័នអ៊ី មានកិត្តិសព្ទថាជាមេទ័ព មិនដែលចាញ់។ ចុងក្រោយ លោកត្រូវគេចាប់បាន និងសម្លាប់ ជាមួយនឹងកូនប្រុស គ័នភីង ដោយកងទ័ពរបស់ស៊ុន ឈាន ដឹកនាំដោយមេទ័ព លូ ម៉េង នៅក្នុងការប្រយុទ្ធនៅបន្ទាយហ្វាន។
លោកគ័នអ៊ី ត្រូវបានគេគោរពដូចព្រះ នៅប៉ុន្មានសតវត្សក្រោយមរណភាពរបស់លោកនៅក្រោមនាម កានស្ហ៉េងទីជុន ឬអាទិទេពគ័នអ្នកមានបុណ្យ។ លោកគ័នអ៊ីត្រូវបានគេបូជានៅប្រទេសចិនរហូតមកដល់សព្វថ្ងៃនេះ ទាំងអ្នកកាន់សាសនាតាវ និងអ្នកកាន់សាសនាព្រះពុទ្ធ។ ព្រះអង្គគ័នអ៊ី មានប្រជាប្រិយភាពជាពិសេសនៅទីក្រុងហុងកុង ជាអាទិទេពនៃសង្រ្គាម របស់ធុរជន និងប៉ូលីសតម្រួត។ ជាប្រពៃណី គេតំណាងលោកជាមួយមនុស្សមានមាឌធំ មានមុខពណ៌ក្រហម (និមិត្តរូបនៃភាពស្មោះត្រង់ និងគោរពច្បាប់) ជាមួយនឹងពុកចង្កាវែង និងកាន់លំពែងមុខដាវធំ។ តាមរឿងនិទាន លំពែងនេះ មានទម្ងន់ប្រមាណជា ៤០គក។
នៅក្នុងរឿងសាមកុក ឬនគរ ៣ លោកគ័នអ៊ី គឺមានជីវិតអមតៈ លោកត្រូវបានគេពិព៌នា ជាអ្នកចម្បាំងដ៏ស្មោះត្រង់ និងមានកិត្តិយស ដែលមានសមត្ថភាពលើសពីមនុស្សធម្មតា។ លោកគ័នអ៊ី មានកូន ៤នាក់ គឺគ័នភីង គ័នស៊ីង គ័នស៊ូ និងគ័នយីនភីង។
នៅជប៉ុន លោកគ័នអ៊ី ត្រូវបានគេស្គាល់ក្រោមឈ្មោះ កានអ៊ូ អ៊ុនចូ និងនៅកូរ៉េ លោកមានឈ្មោះថា ហ្គ្វ៉ានូ អុនចាង។
ប៉ុន្តែការស្លាប់របស់លោកគ័នអ៊ី បានត្រូវប្រជាជនបន្តភាគនៃធម្មជាតិវដ្តជីវិត ដែលបង្ហាញថា ព្រលឹងរបស់លោកគ័នអ៊ី បានត្រាស់ដឹង។ បន្ទាប់ពីលោកត្រូវបានគេកាត់ក្បាលភ្លាម ព្រលឹងរបស់លោកទៅត្រាច់ចរនៅភ្នំយូកាន នៅខាងក្រៅអតីតខេត្ត ដាងយ៉ាង។ នៅពេលនោះ ព្រលឹងរបស់លោកបានជួបព្រះសង្ឃម្នាក់ ហើយលោកស្រែកថា ៖ “សងក្បាលគាត់វិញមក”។ ព្រះសង្ឃបានសួរទៅកាន់គ័នអ៊ី ហេតុអ្វីគាត់ទាមទារក្បាល នៅខណៈដែលគាត់បានសម្លាប់ និងកាត់ក្បាលមនុស្សជាច្រើនដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួន ដែលដូចជាមេទ័ពនានា របស់ឆាវឆាវ ដែលលោកបានសម្លាប់ និងកាត់ក្បាល នៅអំឡុងពេលភៀសខ្លួន។ ដោយយល់អំពីសំដីរបស់ព្រះសង្ឃ លោកគ័នអ៊ី បានភ្លឺ និងក្លាយជា ព្រះពោធិសាត់។
ដោយមិនមានការសង្ស័យ នៅក្នុងចំណោមតួអង្គ នៅសម័យនគរបី របស់ចិន លោកគ័នអ៊ី គឺជាម្នាក់ដែលមានការកត់សម្គាល់បំផុតខាងដួងព្រលឹងវិញ្ញាញ និងវប្បធម៌ នៅក្នុងវប្បធម៌ចិន។
សព្វថ្ងៃនេះ លោកគ័នអ៊ី ត្រូវបានគេចាត់ទុកជាព្រះនៃសង្រ្គាមផង និងភាពស្មោះត្រង់ផង និងបានក្លាយជាកម្មវត្ថុនៃការចម្លងចូលស្នាដៃជាច្រើននៅក្នុងវប្បធម៌ប្រជាជន មានទាំងសៀវភៅ រឿងគំនូរជីវចល រឿងភាគទូរទស្សន៍ ភាពយន្ត និងហ្គេម។ល។
អ្នកជំនួញច្រើនណាស់ មានរូបចម្លាក់លោកនៅលើអាសនៈរបស់ពួកគេដើម្បីជាការគោរពបូជាសុំឲ្យកិច្ចការរីកចម្រើន។ រឿងទេវកថាដែលមានទំហំធំធេងរបស់លោក បាននាំឲ្យលោកត្រូវបានគោរពបូជានៅក្នុងវប្បធម៌បូព៌ា ជាពិសេសសម្រាប់កងកម្លាំងរក្សាសណ្តាប់ធ្នាប់ និងរហូតដល់អង្គការឧក្រិដ្ឋកម្មខ្លះៗ ដែលមានការរៀបចំផងដែរ។