ភក្តីភាពចំពោះបរិស្ថាន ប្តីប្រពន្ធវ័យក្មេងមួយគូ ច្នៃកាកសំណល់ប្រទាលកន្ទុយក្រពើ បង្កើតជាមរតកបៃតងសម្រាប់សង្គម

នៅពីក្រោយដបជីទឹកសរីរាង្គដែលកំពុងទទួលបានការចាប់អារម្មណ៍ គឺជាសេចក្តីស្រឡាញ់ និងការតស៊ូរបស់ប្តីប្រពន្ធវ័យក្មេងមួយគូ ដែលបានសម្រេចចិត្តប្រែក្លាយ «សំណល់ដែលគេបោះចោល» ឱ្យក្លាយជា «មាសបៃតង» សម្រាប់ជួយដល់សុខភាពដី និងកសិកម្មខ្មែរ។

លោកស្រី ឡេង ធីរ៉ាលីដា ក្នុងវ័យ ២៨ ឆ្នាំ បានរំឮកទាំងស្នាមញញឹមអំពីដំណើរដើមទងនៃ «សម្រស់អាឡូអ៊េ»។ កាលពី ២ ឆ្នាំមុន នៅពេលដែលធាង និងកាកសំណល់ប្រទាលកន្ទុយក្រពើជាច្រើនត្រូវបានគេមើលរំលងក្រោយការកែច្នៃយកសាច់ លោកស្រីនិងស្វាមីមិនបានមើលឃើញវាជាសម្រាមឡើយ ប៉ុន្តែបែរជាមើលឃើញពីឱកាសក្នុងការជួយដល់បរិស្ថានទៅវិញ។ ពួកគាត់បានចំណាយពេលផ្ដុំគំនិតគ្នា ច្នៃសំណល់ទាំងនោះឱ្យអស់លទ្ធភាព រហូតបង្កើតបានជាជីទឹកសរីរាង្គដ៏មានគុណភាព។

ក្នុងពិភពលោកដែលសម្បូរទៅដោយសារធាតុគីមី លោកស្រី ធីរ៉ាលីដា បានជ្រើសរើសផ្លូវដើរមួយដែលពោរពេញដោយភាពអត់ធ្មត់។ ការផលិតជីទឹកនេះ មិនមែនធ្វើឡើងដោយម៉ាស៊ីនឧស្សាហកម្មធំៗឡើយ ប៉ុន្តែវាជាការផ្សំឡើងដោយហត្ថកម្ម ប្រើប្រាស់វត្ថុធាតុដើមធម្មជាតិសុទ្ធសាធដូចជា ស្ករងូខ្មែរ និងធ្យូងអង្កាម ដោយត្រូវរង់ចាំការផ្អាប់ទុកក្នុងរយៈពេលពី ២ ទៅ ៣ ខែ ដើម្បីឱ្យធម្មជាតិបង្កើតប្រតិកម្មដោយខ្លួនឯង។

«ខ្ញុំចង់ឱ្យទាំងជនជាតិខ្មែរ និងបរទេសស្គាល់ថា នេះជាផលិតផលខ្មែរដែលផលិតឡើងស្រស់ៗ និងមានសុវត្ថិភាពខ្ពស់»។ នេះជាសម្តីពោរពេញដោយមោទនភាពរបស់លោកស្រី។

បច្ចុប្បន្ន ផលិតផលដែលចេញពីញើសឈាមរបស់ប្តីប្រពន្ធមួយគូនេះ មិនត្រឹមតែដាក់លក់នៅតាមហាងដូចជា BEco Shop ប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជាសារមួយដាស់តឿនដល់សង្គមអំពីការរស់នៅបែបនិរន្តរភាព។ អតិថិជនដែលគាំទ្រភាគច្រើន គឺជាអ្នកដែលឱ្យតម្លៃលើសុខភាព និងការងារហត្ថកម្ម ដែលនេះសបញ្ជាក់ឱ្យឃើញថា សង្គមខ្មែរកំពុងងាកមកចាប់អារម្មណ៍លើការប្រើប្រាស់ផលិតផលដែលមិត្តភាពជាមួយបរិស្ថានកាន់តែច្រើនឡើង។

អ្វីដែលសំខាន់បំផុត ជីទឹកសរីរាង្គនេះមិនត្រឹមតែជួយឱ្យដំណាំលូតលាស់ល្អប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា «ឱសថ» ជួយព្យាបាល និងកែប្រែគុណភាពដីឱ្យមានជីវជាតិឡើងវិញ៕

 

Daily Program

Livesteam thumbnail