ពីក្មេងលក់កាសែត មកជា «បិតាមីស៊ីល» និងប្រធានាធិបតីឥណ្ឌា ៖ ជីវប្រវត្តិ មហាចារ្យ អាបឌុល កាឡាម

«កុំដេកស្រមៃក្នុងពេលគេង ប៉ុន្តែត្រូវស្រមៃរហូតដល់ដេកមិនលក់» នេះគឺជា​បាវចនាជីវិត​របស់​លោកអាវុល ប៉ាគៀ ចៃនូឡាបដេអេន អាបដុល កាឡាម (Avul Pakir Jainulabdeen Abdul Kalam) ឬគេស្គាល់ជាទូទៅថា លោកអាបដុល កាឡាម ជារដ្ឋបុរស ជាប្រធានាធិបតី​ និងជា​អ្នក​វិទ្យាសាស្ត្រ​ដ៏ល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្រនៃប្រទេសឥណ្ឌា។

លោកកើតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៣១ ក្នុងគ្រួសារមូស្លីមក្រីក្រមួយនៅទីក្រុងដានូស្ហកូឌី នា រ៉ាម៉េសវ៉ារ៉ាម (Rameswaram) រដ្ឋតាមីល ណាឌូ ភាគខាងត្បូងប្រទេសឥណ្ឌា។ ដោយសារ​ឪពុក​ជាអ្នកបើកទូកចម្លង និងមានជីវភាពខ្វះខាត កាលពីកុមារភាព អាបដុល កាឡាម ត្រូវ​ដើរ​លក់​កាសែតតាមផ្លូវដើម្បីជួយរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ និងបង់ថ្លៃសាលា។ ទោះ​បីជា​ត្រូវ​ឆ្លង​កាត់ការលំបាកយ៉ាងណាក៏ដោយ លោកជាសិស្សដែលមានស្មារតីតស៊ូ និង​ស្រឡាញ់​ការ​សិក្សា​ខ្លាំង ដោយបានខិតខំរៀនសូត្ររហូតបញ្ចប់បរិញ្ញាបត្រវិទ្យាសាស្ត្រ​ផ្នែក​រូបវិទ្យា និង​បាន​​បន្ត​សិក្សាជំនាញវិស្វកម្មអវកាសនៅវិទ្យាស្ថានបច្ចេកវិទ្យាម៉ាដ្រាស (MIT India)

ឥស្លាមសាសនិករូបនេះរស់នៅក្នុងប្រទេសដែលមានប្រជាជនភាគច្រើនកាន់​សាសនាហិណ្ឌូ ប៉ុន្តែ​លោកកាឡាមបានកាន់តំណែងដ៏មានសារសំខាន់បំផុតក្នុងវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ឥណ្ឌា។ នៅឆ្នាំ១៩៦២ បន្ទាប់ពីបម្រើការងារមួយរយៈនៅ​អង្គការ​ស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិ (DRDO) លោកបានចូលរួមជាមួយអង្គការ​សិក្សាស្រាវ​ជ្រាវ​អវកាសឥណ្ឌា (ISRO) ក្នុងនាមជានាយកគ្រប់គ្រងគម្រោង លោកបាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុងការអភិវឌ្ឍរ៉ូក្កែតបង្ហោះផ្កាយរណបដំបូងបង្អស់របស់ឥណ្ឌា SLV-3 ដែលបាន​បញ្ជូន​ផ្កាយរណប រ៉ូប៊ីនី (Robini) ទៅកាន់គន្លងអវកាសដោយជោគជ័យក្នុងខែកក្កដា ឆ្នាំ១៩៨០។ នៅឆ្នាំ​១៩៨២ លោកបានឡើងដឹកនាំអង្គការអង្គការ​ស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិវិញ និង​បាន​​អភិវឌ្ឍន៍​ប្រព័ន្ធមីស៊ីលបញ្ជាទិស។ លោកបានបង្កើតមីស៊ីលអាហ្សនី (Agni) និងព្រីធវី (Prithvi) ប្រកបដោយជោគជ័យ និងបានដាក់គ្រឹះ​យ៉ាងរឹងម៉ាំ​សម្រាប់​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ជឿនលឿនផ្នែកអាកាសចរណ៍ និងអវកាសឥណ្ឌា។ នៅឆ្នាំ១៩៩២ - ២០០១ លោក​បាន​ទទួល​តំណែង​ទីប្រឹក្សាវិទ្យាសាស្ត្រនៃក្រសួងការពារជាតិ ហើយចាប់ពីឆ្នាំ១៩៩៩ ដល់​ឆ្នាំ​២០០១ លោកជាទីប្រឹក្សាវិទ្យាសាស្ត្ររបស់រដ្ឋាភិបាល ព្រមទាំងធ្វើជាសាស្ត្រាចារ្យ​បង្រៀន​នៅ​សាកល​វិទ្យាល័យចេនណៃ (Chennai) នៅរដ្ឋតាមីល ណាឌូ ផងដែរ។

ចំណុចកំពូលនៃស្នាដៃវិទ្យាសាស្ត្ររបស់លោក គឺការដឹកនាំ និងចូលរួមរៀបចំការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរនៅឆ្នាំ១៩៩៨ ដែលបានបំពាក់អាវុធបរមាណូឱ្យប្រទេសឥណ្ឌាជោគជ័យ។ ដោយសារ​សមិទ្ធផលជាប្រវត្តិសាស្ត្រនេះ លោកត្រូវបានគេប្រសិទ្ធនាមថា «បុរសមីស៊ីល​របស់​ឥណ្ឌា (Missile Man of India)» និងជា «បិតាគ្រាប់បែកនុយក្លេអ៊ែរឥណ្ឌា»

នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០០២ ដោយប្រកួតប្រជែងជាមួយបេក្ខនារី គឺលោក​ស្រី កាពីតែន លក្ស្មី (Lakshmi) មកពីគណបក្សរណសិរ្សឆ្វេង លោក អាបដុល កាឡាម ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ឡើង​កាន់តំណែងជាប្រធានាធិបតីទី១១ នៃសហភាព​ឥណ្ឌាដោយ​សំឡេង​ឆ្នោតគាំទ្រភ្លូក​ទឹក​ភ្លូ​ក​ដី។ លោកបានចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ​២០០២ រហូតដល់​ឆ្នាំ​២០០៧។

បន្ថែមលើទិដ្ឋភាពវិទ្យាសាស្ត្រ និងនយោបាយ លោក កាឡាម ត្រូវបានគេស្គាល់ថា​ជាអ្នកមាន​គតិបណ្ឌិត និងជាអ្នកស្រឡាញ់មនុស្សជាតិដ៏ធំធេង។ ពេល​ឡើង​កាន់តំណែងជា​ប្រធានាធិបតី លោកបានបរិច្ចាគប្រាក់ខែ ១០ខែដំបូងរបស់​ខ្លួនទៅឱ្យ​អង្គការ​ក្រៅរដ្ឋាភិបាល មនុស្ស​ធម៌ និងបរិស្ថានក្រៅរដ្ឋាភិបាលឥណ្ឌា ដែលបង្កើតឡើងដោយលោកស្រី ម៉ាតា អាមរីតានានដាម៉ាយី (Mata Amritanandamayi)

លោក អាបដុល កាឡាម បានទទួលមរណភាពនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ ក្នុងវ័យ ៨៣​ឆ្នាំ នៅទីក្រុងស្ហ៊ីយ៉ុង (Shillong) រដ្ឋម៉េហ្គាឡាយ៉ា ប្រទេសឥណ្ឌា ដោយ​បាន​បន្សល់​ទុក​នូវ​បេតិកភណ្ឌវិទ្យាសាស្ត្រ អាកាសចរណ៍ និងគំរូជីវិតដ៏ប្រពៃដែលបន្តបំផុស​គំនិតមនុស្សជំនាន់​ក្រោយរហូតមកដល់សព្វថ្ងៃ។

 

Daily Program

Livesteam thumbnail
khmer popup image